រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ព្រោះតែខឹងសង្សារជាស្ត្រីខ្មែរសុំចែកផ្លូវគ្នា បានយកកាំបិតចុងស្រួចទៅដេញចាក់ក្រុមគ្រួសារខាងស្រី បណ្ដាលឲ្យរងរបួសបុរសជាឪពុកហើយបុរសចិននោះភ័យក៏រត់គេចខ្លួនទៅបាត់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង២៥នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ បើតាមស្ត្រីខ្មែរដែលជាសង្សាររបស់បុរសជនជាតិចិននោះនិយាយថា ពួកនាងមានទំនាក់ទំនងស្រឡាញ់គ្នាជិត១ឆ្នាំមកហើយ ប៉ុន្តែរស់នៅជាមួយគ្នាទើបតែបាន៤ខែប៉ុណ្ណោះ ដោយខាងបុរសចិនបានផ្ដល់លុយឲ្យនាងចំនួន៤.០០០ដុល្លារ ដើម្បីបើកមុខរបររកស៊ីជាមួយគ្នា ។
បន្ទាប់មក នាងបានយកលុយនោះមកបើកលក់កាហ្វេ ដោយឡាយ(live)លក់តាមអនឡាញរហូតមក ។ លុះប្រមាណ២ខែចុងក្រោយនេះ ពួកនាងចេះតែឈ្លោះប្រកែកគ្នាជាញឹកញាប់រហូតនាងទ្រាំមិនបាន ក៏សុំចែកផ្លូវគ្នា ។ តាមប្រភពព័ត៌មានឲ្យដឹងថា បន្ទាប់ពីចែកផ្លូវហើយ បុរសជនជាតិចិននោះបានទៅទារលុយពីនាងវិញ តែនាងមិនព្រមឲ្យទេ ពីព្រោះនាងបានខាតបង់ខ្លួនប្រាណជាមួយបុរសចិននេះអស់ទៅហើយ ឯបុរសជនជាតិចិននោះក្រោយពីទារលុយមិនបានក៏ត្រឡប់ទៅវិញទៅ ។

លុះនៅវេលាម៉ោងជាង៩យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានជិះម៉ូតូកង់បីមកផ្ទះនាងដើម្បីទារលុយម្ដងទៀត ។ នៅពេលនោះ នាងបានប្រាប់បុរសជនជាតិចិនថា បើចង់បានលុយត្រូវទៅប៉ុស្តិ៍នគរបាលទាំងអស់គ្នា ។ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នារហូតប្រវាយប្រតប់គ្នា ហើយឪពុកម្ដាយនាងឃើញបែបនេះក៏ទៅជួយព្រួតវាយបុរសចិននោះ ។ ដោយសារកំហឹង បុរសចិននេះក៏រត់ចូលទៅក្នុងផ្ទះនាងយកកាំបិតចុងស្រួចមកដេញចាក់ក្រុមគ្រួសារនាងបណ្ដាលឲ្យមុតជើងឪពុករងរបួសពីរកាំបិតហូរឈាម ។
ចំណែកអ្នកជិតខាង ពេលឃើញមានការប្រទូស្តរ៉ាយគ្នាដូច្នេះ ក៏នាំគ្នាទៅជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិចិន តែឃាត់មិនបាន ហើយជននេះបានរត់គេចខ្លួនទៅបាត់ស្រមោលពីកន្លែងកើតហេតុ ។ លុះបន្តិចក្រោយមក ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានមកដល់ តាមរកបុរសចិនខាងលើគ្រប់ច្រកល្ហកតែរកមិនឃើញ ហើយគ្រួសារនាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនបុរសចិនខាងលើមកផ្ដន្ទាទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ