ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួនជាង២០នាក់ និងម៉ូតូចំនួនជិត២០គ្រឿងដែលកែច្នៃ ហើយជិះប្រដេញគ្នាបង្កការភ្ញាក់ផ្អើលពេញព្រលានយន្តហោះ ត្រូវបានកម្លាំងអន្តរាគមន៏នៃស្នងការខេត្ត សហការជាមួយកន្លែងជំនាញអធិការក្រុងបាត់ដំបងចុះបង្ក្រាប កាលពីល្ងាចថ្ងៃទី៩ មីនា នៅក្រុងបាត់ដំបង ហើយនាំយកទៅយកមកដុះក្អែល ខណៈម៉ូតូត្រូវរក្សាទុកជាបណ្ដោះអាសន្ន រយៈពេល០៥ថ្ងៃ ដើម្បីជាការព្រមាន ។

តាមរយៈរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលត្រូវនាំខ្លួនជាមួយម៉ូតូកែច្នៃរបស់ពួកគេមានចំនួន២២នាក់ និងម៉ូតូចំនួន១៨គ្រឿង ។ ម៉ូតូដែលដកហូតភាគច្រើន បានកែច្នៃដូចជាកែបំពង់ស៊ីម៉ាំងបំពងសម្លេង បំពាក់ភ្លើងខុសបច្ចេកទេស ។ ក្រុមនេះបានជិះប្រដេញគ្នាបង្កការភ្ញាក់ផ្អើលពេញព្រលានយន្តហោះវាលបែកចាន ។

បើតាមសមត្ថកិច្ចដែលចុះបង្ក្រាបបាននិយាយថា ក្រៅពីបង្កបញ្ហាក្នុងព្រលានយន្តហោះ ក្រុមជនពាលទាំងនេះ ក៏បានជិះប្រដេញគ្នាបំពងសម្លេងផ្អើលអ្នកដំណើរយ៉ាងអនាធិបតេយ្យពេញតាមដងផ្លូវ ។ ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានប្រាប់ថា តាមគោលការលោកស្នងការខេត្ត បានអនុញ្ញាតឲ្យមន្ត្រីជំនាញដោះលែងមនុស្ស តែមិនអនុញ្ញាតឲ្យប្រគល់ម៉ូតូភ្លាមៗទេ ។

លោកបានបញ្ជាក់ថា លោកស្នងការបានអនុញ្ញាតឲ្យដោះលែងក្រុមក្មេងទំនើងក្រោយធ្វើការអប់រំ តែត្រូវហៅអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យា ។ ដោយឡែក រឿងម៉ូតូត្រូវរក្សាទុកនៅក្នុងស្នងការមួយរយៈសិនជាការព្រមាន មុនពេលអនុញ្ញាតឲ្យម្ចាស់មកទទូលយក និងត្រូវឲ្យម្ចាស់ម៉ូតូដោះឧបករណ៍កែច្នៃ ឬដោះភ្លើងគ្រប់ប្រភេទ ដែលបំពាក់ខុសបច្ចេកទេស ហើយធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តនូវសកម្មភាពបំពានច្បាប់ ដែលនាំឲ្យសង្គមស្អប់ខ្ពើម ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ