ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីចេញដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីចូលគាល់រាជទាយាទប៊ីនសាល់ម៉ាន់មុនពេលមានកិច្ចជំនួបរវាងគណៈប្រតិភូអ៊ុយក្រែន និងអាមេរិកដើម្បីនិយាយគ្នាអំពីការបង្កើតក្រុមអ្នកចរចា។ គម្រោងជួបគ្នានេះធ្វើឡើងនៅពេលអ៊ុយក្រែនរងសម្ពាធខ្លាំងនៅលើសមរភូមិយោធាបន្ទាប់ពីអាមេរិកផ្ដាច់ជំនួយយោធា និងព័ត៌មានចារកម្ម។
នេះជាគម្រោងជួបគ្នាលើកទី១ចាប់តាំងពីមានទំនាស់ពាក្យសម្ដីរវាងលោកត្រាំ និងលោកហ្សេឡិនស្គីនៅសេតវិមានកាលពីដើមខែមីនា។ ជំនួបនេះនឹងផ្ដោតសំខាន់ទៅលើការចរចាអំពីអាជីវកម្មរ៉ែកម្រ និងការបិទបញ្ចប់សង្គ្រាម។ លោកហ្សេឡិនស្គីកំពុងប្រយ័ត្នប្រយែងខ្ពស់ចំពោះការប្រកាន់ជំហរជាផ្លូវការដើម្បីបង្ហាញថាអាមេរិក និងអ៊ុយក្រែននៅក្នុងក្រុមតែ១។ ប៉ុន្តែទន្ទឹមនឹងនោះ ប្រទេសរបស់លោកមិនទាន់ទទួលបានការសន្យាពីអាមេរិកថានឹងការពារសន្តិសុខជាតិរបស់អ៊ុយក្រែនទេ។
គម្រោងជួបគ្នាវាងអាមេរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីតលោកហ្សេឡិនស្គីមិនចូលរួមទេ។ ជាការពិត នៅពេលចាកចេញដំណើរគឺចាកចេញជាមួយគ្នា។ ប៉ុន្តែលោកហ្សេឡិនស្គីនឹងវិលត្រឡប់មកមុន។ នៅក្នុងចំណោមគណៈប្រតិភូអ៊ុយក្រែនដែលអមដំណើរក៏មាននាយអគ្គសេនាធិការកងទ័ព, ប្រមុខការពារជាតិ និងការបរទេស និងមន្ត្រីជាន់ខ្ពស់យោធាម្នាក់។
លោកថ្លែងថាជាជំហររបស់យើង យើងត្រៀមខ្លួនរួចហើយដើម្បីចូលរួមការសន្ទនាគ្នាបែបស្ថាបនា។ យើងសង្ឃឹមថានឹងជជែកគ្នា ហើយនឹងឯកភាពទៅលើការសម្រេចចិត្ត និងការដាក់ចេញវិធានការសំខាន់ៗ១ចំនួន។ នៅពេលនេះសំណើបែបប្រាកដនិយមបានដាក់នៅលើតុហើយ។ គន្លឹះសំខាន់គឺត្រូវតែបន្តដំណើរទៅមុខឱ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាព។
លោកស្ទីវវីតខូសដែលជាប្រេសិតពិសេសរបស់លោកត្រាំប្រាប់ថាគម្រោងជួបគ្នានោះនឹងរៀបចំក្រុមអ្នកចរចាដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ឬហោចណាស់មានបទឈប់បាញ់ជាមុនសិន។ លោកហ្សេឡិនស្គីបានអំពាវនាវឱ្យផ្អាកបាញ់គ្នាតាមអាកាស និងតាមជើងទឹក និងដូរឈ្លើយសឹកគ្នាទៅវិញទៅមក។ លោកយល់ថារុស្ស៊ីគួរណាស់បង្ហាញការប្ដេជ្ញាចិត្តក្នុងការបញ្ចប់សង្គ្រាម។ អង់គ្លេស និងបារាំងក៏ស្នើសុំឱ្យមានបទឈប់បាញ់ផងដែរ។
ប៉ុន្តែទីក្រុងម៉ូស្គូបដិសេធសំណើនេះ។ រុស្ស៊ីថាអ៊ុយក្រែនគ្រាន់តែចង់ពន្យារពេលតែប៉ុណ្ណោះនៅពេលពួកគេចាញ់ប្រៀបនៅលើសមរភូមិ។ លោកហ្សេឡិនស្គីប្រកាសថាលោកត្រៀមខ្លួនរួចជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ។ អាមេរិកថ្លែងថាលុះត្រាតែមានកិច្ចព្រមព្រៀងនេះសិនទើបវ៉ាស៊ីនតោនពិចារណាជួយជ្រោមជ្រែងអ៊ុយក្រែនជាបន្តទៀត។
នៅលើសមរភូមិយោធា រុស្ស៊ីចាប់ផ្ដើមវាយបកខ្លាំងនៅតំបន់ខឺសដើម្បីបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីទីនោះនៅពេលដឹងថានឹងមានការចរចាគ្នាឆាប់ៗនេះ។ កងទ័ពអ៊ុយក្រែននៅខឺសត្រូវរុស្ស៊ីឡោមព័ទ្ធ។ បើមិនដកខ្លួនថយជាប្រញាប់ទេ កងទ័ពអ៊ុយក្រែនអាចនឹងមានបញ្ហាធំជាមិនខាន។ ដោយឡែកនៅលើទឹកដីអ៊ុយក្រែនផ្ទាល់ រុស្ស៊ីក៏កំពុងមានប្រៀបខ្លាំងផងដែរ និងសមុ្រកវាយប្រហារយ៉ាងខ្លាំងចំពេលអ៊ុយក្រែនគ្មានព័ត៌មានសម្ងាត់របស់អាមេរិក។ លោកហ្សេឡិនស្គីថ្លែងថាត្រឹមតែរយៈពេល១អាទិត្យចុងក្រោយនេះ រុស្ស៊ីទម្លាក់គ្រាប់បែក១២០០គ្រាប់, ប្រើដ្រូន៨៧០គ្រឿង និងមីស៊ីលជាង៨០គ្រាប់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ