ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាល នៅអង្គភាព «វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣» ដែលបានយករថយន្តរបស់អង្គភាពពាក់ស្លាកលេខ «នគរបាលជាតិ» ទៅបើក «ឆ្គកការពារ» រថយន្តដឹកបទល្មើសព្រៃឈើ ចេញពីស្រុកសំឡូត ទាំងកណ្ដាលអាធ្រាត្រ រួមទាំងមេអង្គភាពនេះផង ត្រូវបានដកបញ្ឍជើង និងដាក់ទណ្ឌកម្មវិន័យរបស់កងកម្លាំងហើយ នេះបើតាមលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបានមានប្រសាសន៏ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ១០ មីនានេះ ។
លោក ដាញ់ អេងប៊ុនចាន់ បានថ្លែងថា ក្រោយពីផ្ទុះរឿងនេះឡើង លោកបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញ អញ្ជើញមេអង្គភាព «វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៣» និងមន្ត្រីក្រោមឱវាទ ដែលបានយករថយន្តរបស់អង្គភាព ទៅប្រើប្រាស់បើកការពាររថយន្តដឹកឈើ ទាំងកណ្ដាលយប់នោះ មកសួរនាំរួចហើយ និងថែមទាំងបានបញ្ជាឲ្យដកយកមកបញ្ឈរជើង និងដាក់ទណ្ឌកម្មតាមវិន័យកងកម្លាំងទៅលើពួកគេទៀតផង ដើម្បីធ្វើការស៊ើបអង្កេតបន្ត ។
សូមរំលឹកថា សំណុំរឿង «រថយន្ត ពាក់ស្លាកលេខ នគរបាលជាតិ» ដែលមានបិទឡោហ្គោ «អគ្គស្នងការនគរបាលជាតិ» លើទ្វារខាងមុខផង ត្រូវបានក្រុមអ្នកសារព័ត៏មាន «អនឡាញ» មួយក្រុមតាមប្រមាញ់រូបភាពបានជាក់ស្ដែង ពេលកំពុងបើក «ឆ្គកការពារ» រថយន្តដឹកបទល្មើសព្រៃមួយគ្រឿង ប្រភេទទុរីស (ស៊ាំយ៉ុង) កាលពីយប់ថ្ងៃទី ២៣ កុម្ភៈ កន្លងទៅថ្មីៗនេះ ។
អ្នកធ្វើអត្ថាធិប្បាយ ក្នុងទូរទស្សន៍«អនឡាញ»នោះ បាននិយាយថា រថយន្តដឹកបទល្មើសព្រៃឈើ ដែលរុំគ្របជិតឈឹង បានធ្វើដំណើរចេញពីព្រំដែនខ្មែរ-ថៃ ពីស្រុកសំឡូត ឆ្លងកាត់ទឹកដី ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ រួចសំដៅឡើងលើផ្លូវជាតិលេខ៥ ឆ្លងកាត់ស្រុកមោងឬស្សី ឆ្ពោះទៅទិសខាតកើត ។
អ្នកអត្ថាធិប្បាយព័ត៏មានដដែល បានបញ្ជាក់ថា រថយន្តដឹកឈើ ដែលបើកការពារសុវត្ថិភាព ដោយរថយន្តពាក់ស្លាក «ន.ប» ដ៏មហិមានោះផង បានឆ្លងកាត់ស្រុកមោងឬស្សី តាមផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់ស្រុកបាកាន ខេត្តពោធីសាត់ ទើបគេឃើញរថយន្តស្លាកលេខ «ន.ប 2.3055»នោះ បើកត្រឡប់ក្រោយ ឆ្ពោះទៅកាន់ស្រុកសំឡូតវិញ ដែលមានមនុស្សជិះក្នុងរថយន្តនោះ ប្រមាណពី ៥ទៅ៦នាក់ ។
ក្រោយពីមានការបែកធ្លាយតាមរយៈទូរទស្សន៍អនឡាញ (MSJ TV) និង «តាមបណ្ដាញសង្គមនានា» ដែលគេបង្ហោះបង្ហាញពេញមេឃ នូវសកម្មភាពដ៏គឃ្លើនរបស់រថយន្តពាក់ស្លាកលេខ «ន.ប» បើកការពាររថយន្តដឹកបទល្មើសព្រៃឈើខាងលើនេះ នៅថ្ងៃទី២៦ កុម្ភៈ លោកស្នងការខេត្ត បានប្រតិកម្មចំពោះរឿងនេះ និងបានចេញបញ្ជាភ្លាមៗ ដល់មន្ត្រីជំនាញឲ្យធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរថយន្តពាក់ស្លាកលេខ«ន.ប» បើកការពាររថយន្តដឹកឈើនោះ។ មិនបានប៉ុន្មាននាទីផង ស្រាប់តែបែកធ្លាយដំណឹងមកថា រថយន្ត«ន.ប»ដែលបើក«ឆ្គកការពារ»រថយន្តដឹកឈើ យ៉ាងគឃ្លើននោះ ម៉ាក Mazda ពណ៏សពាក់ស្លាកលេខ នគរបាល 2-3055 និង មានបិទឡោហ្គោលើទ្វារសងខាង «អគ្គស្នងការនគរបាលជាតិ» ទៀតផង។ រថយន្តនេះបម្រើការនៅអង្គភាព «វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៣» ដែលមានលោក សូត្រ សំអុល ជាមេបញ្ជាការ និងមានទីតាំងនៅបណ្ដោយផ្លូវទៅច្រកតំបន់«៤០០» ក្នុងស្រុកសំឡូត ។
លោក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក នៃស្នងការខេត្ត បានទទួលបទបញ្ជាពីលោកស្នងការ ឲ្យកោះហៅមន្ត្រីពាក់ព័ន្ធក្នុងសំណុំរឿងនេះ រាប់ទាំងលោក សូត្រ សំអុល មេអង្គភាពនេះផងមកសួរនាំ ។
លោក វេ គឹមស៊ីម បានប្រាប់កោះសន្តិភាពនៅថ្ងៃនោះថា មន្ត្រីជំនាញរបស់លោក បានទំនាក់ទំនងតាមទូរសព្ទហើយ ទៅកាន់មន្ត្រីពាក់ព័ន្ធ និងលោក សូត្រ សំអុល ដើម្បីសួរនាំបឋមអំពីរឿងនេះ (រឿងយកឡានអង្គភាព ជូនឡានដឹកឈើ) ។
ត្រង់ចំណុចនេះ លោក វេ គឹមស៊ីម បានស្រង់សម្ដីមន្ត្រីខិលខូចទាំងនោះ រួចលោកបានបកស្រាយថា «តាមពិតរឿងនេះ ពិតជាមានមែន តែឈើនោះ ជាឈើចាស់ៗ ដែលរើផ្ទះចាស់ នៅចំណុចទឹកសុខ ក្នុងស្រុកសំឡូត ដឹកយកទៅទុកនៅស្រុកមោងឬស្សី» ។
លោកបាននិយាយទៀតថា ឈើនោះជារបស់មន្ត្រីនគរបាលម្នាក់ ដែលនៅអង្គភាពការពារព្រំដែនគោក លេខ៨២៣នោះ ហើយក៏ជាអ្នកយករថយន្តអង្គភាព ទៅបើកជូនដំណើររថយន្តដឹកឈើនោះដែរ ។ មន្ត្រីរូបនេះ បានរុះរើផ្ទះចាស់របស់ខ្លួន នៅម្ដុំ«ទឹកសុខ» ក្នុងស្រុកសំឡូត រួចប្រមូលដឹកយកទៅទុកនៅផ្ទះគាត់ នៅស្រុកមោងឬស្សី ។
កោះសន្តិភាព ៖ បើគ្រាន់តែឈើរើផ្ទះចាស់សោះ ហេតុអ្វីចាំដឹកយប់ ម៉េចមិនដឹកពេលថ្ងៃ ? លោក វេ គឹមស៊ីម ហាក់ព្យាយាមផ្ដល់ចម្លើយជួយដោះបន្ទុកម្ចាស់ឈើ ដូច្នេះថា «វាសំពីងសំពោងពេក បើដឹកពេលថ្ងៃ ខ្លាចប៉ូលិសចរាចរណ៏ចាប់តាមផ្លូវ» ។ ត្រង់ចំណុចនេះ សូម្បីតែលោកស្នងការ ដែលបានបំភ្លឺប្រាប់កោះសន្តិភាព ក៏លោក«ឆ្ងល់»ដែរ ។ ជាមួយនឹងការផ្ដល់ចម្លើយរបស់នាយការិយាល័យបុគ្គលិក ដែលបានស្រង់សម្ដីម្ចាស់ឈើចាស់ៗដែលអះអាងថា «ឈើមួយឡានគ្របជិតឈឹងនោះ ជាឈើរើផ្ទះចាស់ នៅស្រុកសំឡូត រូចដឹកទៅទុកនៅផ្ទះរបស់ខ្លួន នៅស្រុកមោងឬស្សី»។
បើតាមប្រភពពីស្រុកសំឡូត ស្ទើរគ្រប់ប្រភព ដែលកោះស្តិភាពបានស៊ើបសួរប៉ុន្មានថ្ងៃកន្លងនេះ សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា «មន្ត្រី ដែលយកឡានអង្គភាព ទៅបើកឆ្គកការពារឡានដឹកឈើទាំងកណ្ដាលយប់នោះ គ្មានផ្ទះចាស់ៗសម្រាប់រុះរើ នៅចំណុចទឹកសុខ ហើយក៏គ្មានផ្ទះ នៅស្រុកមោងឬស្សីដែរ ។ វាគ្រាន់តែជាការនិយាយភូតកុហកថ្នាក់ដឹកនាំ តែប៉ុណ្ណោះ។ វាអាចជាការរត់ពន្ធ បទល្មើសព្រៃឈើតែម្ដង» ។
យ៉ាងណាក្ដី គិតត្រឹមរសៀលថ្ងៃទី១០ មីនានេះ កោះសន្តិភាព មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺឲ្យបានជាក់លាក់ពីលោក សូត្រ សំអុល មេបញ្ញាកាវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ បាននៅឡើយទេ ។
ជុំវិញករណីដែរនេះ បើតាមលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្ត ក៏មានការងឿងឆ្ងល់ដែរ នូវសកម្មភាពរថយន្តដឹកឈើទាំងកណ្ដាលអធ្រាត្រ រហូតត្រូវប្រើប្រាសរថយន្តរបស់អង្គភាព បើកឆ្គកពីក្រោយទៀត។ នៅក្នុងកិច្ចសម្ភាសន៏តាមទូរសព្ទ លោកស្នងការ បានលើកឡើងដូច្នេះថា ៖ «ខ្ញុំក៏ឆ្ងល់ដែរ បើគ្រាន់តែដឹកឈើ ដែលរុះរើផ្ទះចាស់សោះ ចាំបាច់អីត្រូវដឹកពេលយប់0x017d7 » ប៉ុន្តែយ៉ាងណា លោកស្នងការ បានបញ្ជាក់ចុងក្រោយថា លោកបានបញ្ជាឲ្យដកមន្ត្រីពាក់ព័ន្ធ យកមកបញ្ឈរជើងនៅស្នងការខេត្តជាបណ្ដោះអាសន្នហើយ។ ដោយឡែក លោក សូត្រ សំអុល ជាមេអង្គភាព ពេលនេះ ក៏ត្រូវជាប់ទណ្ឌកម្មវិន័យកងកម្លាំងដែរ ដោយសារធ្វេសប្រហែសបណ្ដោយឲ្យកូនចៅយករថយន្តរបស់អង្គភាព ទៅប្រើប្រាស់បើកការពាររថយន្តដឹកបទល្មើសព្រៃឈើ ៕
«លោកស្នងការបញ្ជាឱ្យអញ្ជើញមន្ត្រីពាក់ព័ន្ធក្នុងរឿងយកឡានអង្គភាព«ន.ប»ទៅបើកជូនដំណើរឡានដឹកឈើកណ្ដាលអធ្រាត្រមកបំភ្លឺ»












<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ