ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ពលរដ្ឋ​១៧​ខ្នង​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ត្រូវ​ ​ភ្លើងឆេះ​ម៉ត់​

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​ដោយសារ​តែ​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ប្រកប​របរ​លក់​កង់​-​ម៉ូតូ ដែល​ទី​នេះ​ជា​អតីត​បឹង​កំប្លោក​ ។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០៧​ មីនា…

ខេត្តកំពង់ចាម ៖ អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​ដោយសារ​តែ​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ប្រកប​របរ​លក់​កង់​-​ម៉ូតូ ដែល​ទី​នេះ​ជា​អតីត​បឹង​កំប្លោក​ ។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០៧​ មីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​លំនៅ​ឋាន​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង​ចំនួន​១៧​ខ្នង ​ផ្ទះ​ស្មើ​១៧​ម្ចាស់ ត្រូវ​បាន​ឆេះ​ខ្ទេចខ្ទីរ ដោយ​ទ្រព្យសម្បត្តិ​មួយ​ផ្នែក​ធំ​ក្លាយជា​ចំណី​អគ្គី ចំណែក​ម្ចាស់​វិញ​បាន​ត្រឹមតែ​បង្ហូរទឹកភ្នែក​សោកស្ដាយ​តែ​ប៉ុណ្ណោះ​ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​អគ្គី​ភ័យ​ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ឯក​អ៊ឹ​ង ប៊ុ​ន​អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្ទាន់​។ បន្ទាប់​មក​គេ​បានឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់ ទាំង​កណ្ដាល​អា​ធ្រា​ត​ខណៈ​មនុស្ស​កំពុង​តែ​ដេក​លង់លក់​ស្រួល​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ដឹកនាំ​បញ្ជា​កម្លាំង​ចម្រុះ​ចុះ​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់ ។​ក្នុង​ប្រតិបត្តិការ​នេះ​រួម​មាន​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​០៤​សង្កាត់ ចេញ​អន្តរាគមន៍​ជា​បន្ទាន់ ដល់​កន្លែង​កើតហេតុ​។

អគ្គិភ័យ​ត្រូវ​បាន​រលត់​១០០% នៅ​វេលា​ម៉ោង ០៤ និង​១០​នាទី​ព្រឹក ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ ។ ប្រើប្រាស់​ឡាន​ពន្លត់អគ្គីភ័យ ១០ គ្រឿង គឺ​រថយន្ត​ពន្លត់អគ្គីភ័យ​ខេត្ត ០៣​គ្រឿង​,​ស្រុក​ព្រៃឈរ ០១​គ្រឿង​,​ស្រុក​កងមាស ០១​គ្រឿង​,​ស្រុក​ជើងព្រៃ ០១​គ្រឿង​, ស្រុក​ស្ទឹង​ត្រង់ ០១​គ្រឿង ,​កំពង់សៀម ០១​គ្រឿង​,​ចំការលើ​០១​គ្រឿង និង​រថយន្ត អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ០១​គ្រឿង​។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ប្រើប្រាស់​ទឹក ជួយ​ពន្លត់ អស់​ចំនួន ៥៣ រថយន្ត​។

ករណី​នេះ​បណ្ដាល​ឱ្យ​ខូចខាត
ឆេះ​ផ្ទះ​១៧​ខ្នង គឺ​÷
១/​ម្ចាស់ផ្ទះ​ឈ្មោះ លាង ខេ​ង ភេទ​ប្រុស
២/​ឈ្មោះ ជិន វ​ណ្ណា ភេទ​ប្រុស
៣/​ឈ្មោះ ខៀវ ណេ​ង ភេទ​ប្រុស
៤/​ឈ្មោះ ញ៉េ​ប យ៉​យ ភេទ​ប្រុស
៥/​ឈ្មោះ ឆាំង ឡុ​ង ភេទ​ប្រុស *(២​ខ្នង​ផ្ទះ​)
៦/​ឈ្មោះ ម៉ៃ គឹ​មសុ​ន ភេទ​ប្រុស
៧/​ឈ្មោះ ខេ​ង ថុ​ង ភេទ​ប្រុស
៨/​ឈ្មោះ ហេង ណា​រី ភេទ​ស្រី
៩/ ឈ្មោះ តាំង សៀ​ក​ហេង ភេទ​ប្រុស
១០/ ឈ្មោះ លឹ​ម ប៉ោ​ហ័​ង ភេទ​ប្រុស
១១/ ឈ្មោះ អ៊ា​ម ង៉ ភេទ​ស្រី
១២/​ឈ្មោះ លន់ នី ភេទ
១៣/​ឈ្មោះ ឡឹ​ក សារី ភេទ​ប្រុស
១៤/​ឈ្មោះ លឹ​ម ហ៊ួ​ត ភេទ​ប្រុស
១៥/​ឈ្មោះ អ៊ា​ង ធា​រី ភេទ​ស្រី
១៦/​ឈ្មោះ ឈ្មោះ លី អាង​ជួង ភេទ​ស្រី​។

យោង​តាម​សាក្សី​ម្នាក់​ជា​ម្ចាស់ផ្ទះ​ដែល​ប្រកប​របរ​ជាង​ផ្សារ​កង់​ម៉ូតូ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៨​មីនា ថា មុន​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​កើតឡើង​ដំបូង​ឃើញ​មាន​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​បង្គោល​ភ្លើង​មួយ​កន្លែង​នៅ​មុខ​ផ្ទះ​របស់​គាត់ ហើយ​ភ្លើង​នោះ​បាន​ឆេះ​រាលដាល​បន្ត​មក​ដល់​លំនៅ​ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ គឺ​បាន​ឆេះ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​ឡើង​ក្រហម​ច្រើន​ទៅ​លើ​អាកាស ពេល​ដែល​ភ្លើង​កំពង់​ឆ្នេះ​មនុស្ស​កំពុង​ដេក​លង់លក់​ស្រួល​ហើយ​ម្ចាស់ផ្ទះ​បាន​ត្រឹម​ជញ្ជូន​របស់ទ្រព្យ​បន្តិចបន្តួច​ចេញពី​ក្នុងផ្ទះ​តែ​ប៉ុណ្ណោះ​ធ្វើ​យ៉ាងណា​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

អ្នកស្រី​សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ឲ្យ​ដឹង​តាម​តេ​ឡេ​ក្រាម​ថា​បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​ធំ​មិន​ធ្លាប់​មាននៅ​ក្នុង​ក្រុង​កំពង់ចាម​នេះ ត្រូវ​បាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​ទាំង​សហការី​ពិតជា​មានការ​សោកស្ដាយ​បំផុត​ចំពោះ​ហេតុការណ៍​នេះ​នឹង​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៨​ មីនា ។

សូម​បញ្ជាក់​ថា សកម្មភាព​រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​តែ​បន្ត​បាញ់​ទឹក​បន្ថែម​ទៀត​ទៅ​លើ​លំនៅ​ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​និង​មាន​ផ្សែងហុយ​ៗ​ធ្វើ​យ៉ាងណា​ចៀសវាង​កុំ​ឲ្យ​ភ្លើង​ឆេះ​ឡើង​វិញ​ដោយ​បន្ត​រហូត​ដល់​ម៉ោង​៩​ព្រឹក​។ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ក្នុង​នោះ​សង្កេត​ឃើញ​មាន​កង់​រាប់រយ​គ្រឿង ម៉ូតូ​គ្រប់​ប្រភេទ​ចូល​ខ្ទង់​១០០​គ្រឿង​ដែរ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​អាច​ចូល​ដល់​ខ្ទង់លាន​ដុល្លារ​ក៏​ថា​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ