រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះថា តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជាជនជាតិចិន ៣នាក់ ពាក់ព័ន្ធសំណុំរឿងសម្លា.ប់នារីខ្មែរ យកសាកស.ពទៅកប់ចោលនៅក្បែរផ្សារទំនើបអ៊ីអន៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ “ឃា.តកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។
មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ «បទឃា.តកម្មគិតទុកជាមុន» គឺអំពើសម្លា.ប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្នាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀន ទៅលើរូបបុគ្គល នៃជនរងគ្រោះ។ ការពួនស្នាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គល នៃជនរងគ្រោះ។ ឃា.តកម្មគិតទុកជាមុនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
សូមជម្រាបថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានទទួលពាក្យបណ្តឹងពីឈ្មោះ ទឹម សុភី ភេទស្រូ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណី បាត់កូនស្រី ឈ្មោះ ហេង សៀវលី ភេទស្រី អាយុ១៨ឆ្នាំ ។ ក្រោយពីទទួលបានពាក្យបណ្តឹងនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតប្រទះឃើញសាកស.ពនារីម្នាក់ ដែលមានភិនភាគដូចរងគ្រោះ ដែលសង្ស័យជាករណីឃា.តកម្ម ត្រូវបានគេកប់ដីខ្សាច់ ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភ្លាមៗ នោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ ៖
ទី១. ឈ្មោះ CHEN CONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន ឃាត់ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ) ។
ទី២. ឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែន ឃាត់ត្រង់ចំនុចស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៣. ឈ្មោះ Yang Kai Xin ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិចិន លិខិតឆ្លងដែន ឃាត់នៅចំណុចព្រំដែនភូមិបាវិតកណ្តាល សង្កាត់ ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមកិច្ចសហការជាមួយសមត្តកិច្ចវៀតណាម ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ បានសារភាពថា កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពួកគេពិតជាបានរៀបគម្រោងធ្វើសកម្មភាពសម្លា.ប់ជនរគ្រោះនោះប្រាកដមែន “ដោយមូលហេតុនារីរងគ្រោះ បានដឹងអំពីគម្រោងការរបស់ពួកគេ រៀបចំចាប់ជំរិតទៅលើឈ្មោះ ឡុង កឺ ដែលជាជនជាតិចិនដូចគ្នា ។
ជនង្ស័យទាំង៣ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរតាមនីតិវិធី ។ បន្ទាប់ពីសាកសួរ តំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យ ទាំង៣នាក់ ជាផ្លូវការ ពីបទ.ឃា.តកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ៕










<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ