ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! ផ្កាយ​រណប​វៀតណាម​ផលិត​រួច​ស្រេច រង់​ចាំតែ​ថ្ងៃ​បា.ញ់​បង្ហោះ​ទៅ​គន្លង​តារាវិថី

6 ថ្ងៃ មុន

ប្រទេស​វៀតណាម ៖ ផ្កាយ​រណប LOTUSat-1 របស់​ប្រទេស​វៀតណាម​បាន​បញ្ចប់​ការ​ផលិត​រួចរាល់ ព្រមទាំង​ការ​សាងសង់​ប្រព័ន្ធ​នៃ​មជ្ឈមណ្ឌល​អវកាស នៅ​ឧទ្យាន Hoa Lac Hi-Tech…

ប្រទេស​វៀតណាម ៖ ផ្កាយ​រណប LOTUSat-1 របស់​ប្រទេស​វៀតណាម​បាន​បញ្ចប់​ការ​ផលិត​រួចរាល់ ព្រមទាំង​ការ​សាងសង់​ប្រព័ន្ធ​នៃ​មជ្ឈមណ្ឌល​អវកាស នៅ​ឧទ្យាន Hoa Lac Hi-Tech ទីក្រុង​ហាណូយ ដំណើរការ​យ៉ាង​ពេញលេញ និង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​ទិន្នន័យ​នៅ​ពេល​ផ្កាយ​រណប​ចូល​ទៅ​គន្លង​តារាវិថី​។

អគ្គនាយក​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម ហៅ​កាត់​ថា VNSC ក្រោម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម បាន​ចែករំលែក​ព័ត៌មាន​ថ្មី​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក VnExpress កាលពី​ថ្ងៃ​ពុធ​ថា ការ​បាញ់​បង្ហោះ​ផ្កាយ​រណប LOTUSat-1 ផ្កាយ​រណប​រ៉ា​ដា​តាមដាន​អាកាសធាតុ​ដំបូង​បំផុត​របស់​វៀតណាម ដែល​បាន​គ្រោងទុក​ដំបូង​សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០២៥ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កាលបរិច្ឆេទ​ថ្មី ដោយសារ​តែ​ការ​បាញ់​បង្ហោះ​សាកល្បង​រ៉ុក្កែត Epsilon-S របស់​ប្រទេស​ជប៉ុន​ទទួល​រង​បរាជ័យ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។ ដូច្នេះ​ហើយ​ទើប​បានជា​ជប៉ុន​កំពុង​ពិចារណា​ថា តើ​គួរ​ត្រូវ​បន្ត​ប្រើ​រ៉ុក្កែត Epsilon-S បន្ទាប់​ពី​កំណែទម្រង់​ថ្មី ដើម្បី​ភ្ជាប់​ផ្កាយ​រណប LOTUSat-1 ឬ​ក៏​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្រភេទ​រ៉ុក្កែត​ផ្សេង?

ពាក់ព័ន្ធ​បញ្ហា​នេះ VNSC កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ជប៉ុន ដើម្បី​កំណត់​កាលបរិច្ឆេទ​បាញ់​បង្ហោះ​ថ្មី ដើម្បី​ធានា​នូវ​ប្រតិបត្តិការ​ប្រកបដោយ​ស្ថេ​រ​ភាព​របស់​ផ្កាយ​រណប ក្រោយ​ការ​បាញ់​បង្ហោះ​។ ក្រុម​វិស្វករ និង​អ្នកជំនាញ​វៀតណាម​មួយ​ក្រុម​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ត្រួតពិនិត្យ​ការ​រចនា ការ​ផ្គុំ និង​ការ​ធ្វើតេស្ត​ផ្កាយ​រណប​នៅ​ក្នុង​លក្ខខណ្ឌ​លំហ​អាកាស​។

គម្រោង LOTUSat-1 គឺជា​ជំហាន​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​របស់​ប្រទេស​វៀតណាម និង​អនុវត្ត​រហូត​ដល់​ឆ្នាំ ២០៣០ សំដៅ​ពង្រឹង​ដល់​ជំនាញ និង​ជំរុញ​ការ​ពឹងផ្អែក​ខ្លួនឯង​លើ​បច្ចេកវិទ្យា​អវកាស​។

ប្រព័ន្ធ​មជ្ឈមណ្ឌល​អវកាស ឬ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​វៀតណាម បាន​បង្កើត​ឡើង​នៅ​ឧទ្យាន Hoa Lac Hi-Tech ដោយ​វា​រួម​បញ្ចូល​អង់​តែ​ន​ទំហំ ៩.៣​ម៉ែត្រ​សម្រាប់​ទទួល​សញ្ញា ហើយ​ក៏​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រតិបត្តិការ​ផ្កាយ​រណប ព្រមទាំង​មជ្ឈមណ្ឌល​ដំណើរការ​ទិន្នន័យ​ផង​ដែរ ដោយ​វៀតណាម​ទទួលយក​បច្ចេកវិទ្យា​ជប៉ុន ដើម្បី​ដំណើរការ​ប្រព័ន្ធ​នេះ​។

ផ្កាយ​រណប LOTUSat-1 នឹង​បម្រើ​ភ្នាក់ងារ​រដ្ឋាភិបាល​ដោយ​ផ្តល់​នូវ​ទិន្នន័យ​ទាន់​ពេលវេលា និង​ត្រឹមត្រូវ​សម្រាប់​ការ​ឆ្លើយ​តប​គ្រាអាសន្ន ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​សន្តិសុខ​ជាតិ​។ LOTUSat-1 គឺជា​ផ្នែក​មួយ​នៃ​គម្រោងការ​ការពារ​គ្រោះ​មហន្តរាយ និង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​ប្រើប្រាស់​ផ្កាយ​រណប​សម្រាប់​សង្កេត​ផែនដី​។ ដោយ​បាន​បើក​ដំណើរការ​កាលពី​ខែកញ្ញា ឆ្នាំ ២០១២ នៅ​ឧទ្យាន Hoa Lac Hi-Tech គម្រោង​នេះ ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​ហៅ​កាត់​ថា ODA និង​ដើមទុន​វៀតណាម​ផ្ទាល់​ផង​ដែរ​។

ផ្កាយ​រណប​ទម្ងន់​៦០០​គីឡូក្រាម​នេះ ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​រ៉ា​ដា​ទំនើប​ចុង​ក្រោយបង្អស់ មាន​សមត្ថភាព​ចាប់​វត្ថុ​តូច​ៗ​ដល់​ទៅ​មួយ​ម៉ែត្រ​នៅ​លើ​ផែនដី និង​អាច​ប្រតិបត្តិការ​បាន​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ​ទាំង​ថ្ងៃ និង​យប់​។ ផ្កាយ​រណប​នេះ​នឹង​ចាប់​យក​រូបភាព​មានគុណ​ភាព​ខ្ពស់ ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​ត្រួតពិនិត្យ​បរិស្ថាន​។

សូម​ជម្រាប​ថា ប្រទេស​វៀតណាម និង​ជប៉ុន​បាន​សហការ​គ្នា នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​អវកាស​ចាប់តាំងពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ ហើយដោយ​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន JAXA វិស្វករ​មក​ពី​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម​បាន​បង្កើត និង​បាញ់​បង្ហោះ​ផ្កាយ​រណប​តូច​ៗ​ផលិត​ក្នុងស្រុក​ចំនួន ៣ ដោយ​ជោគជ័យ​គឺ PicoDragon, NanoDragon និង MicroDragon ទៅ​កាន់​គន្លង​តារាវិថី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ