សហរដ្ឋអាមរិក-កាណាដា ៖ វោហាសាស្ត្រលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គំរាមកំហែងលើប្រទេសកាណាដា អាចប៉ះពាល់ដល់ពាណិជ្ជកម្ម និងវិស័យទេសចរណ៍អាមេរិក។ នេះបើយោងតាមការចេញផ្សាយពី CNN និង NPR។
ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រហូតដល់ទល់ពេលនេះប្រធានាធិបតីអាមេរីកទី៤៧ លោក ដូណាល់ ត្រាំ បានគំរាមពន្ធលើការនាំចូលរបស់ប្រទេសកាណាដា និងចិញ្ចឹមចិត្តចង់យកប្រទេសនៅជិតខាងភាគខាងជើងរបស់ខ្លួនមួយនេះ ជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក ហើយភាពតានតឹងចំពោះអាមេរិក ជាមួយនឹងមេដឹកនាំកាណាដាកំពុងកើនឡើងកាន់តែខ្លាំង។
បើយោងតាមប្រភពពីសារព័ត៌មាន CNN កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានរាយការណ៍ថា ប្រជាជនកាណាដាបានលុបចោលវិស្សមកាលទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងស្រុះគ្នាធ្វើពហិការទិញផលិតផលទាំងអស់របស់អាមេរិក បើទោះបីជាពួកគេដឹងថា នេះមិនមែនកិច្ចការងាយស្រួលនោះទេ នៅក្នុងប្រទេសមួយដែលបានផ្សារភ្ជាប់សេដ្ឋកិច្ចជាមួយប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួនអស់ពេលជាច្រើនទសវត្សរ៍មកហើយ ជាមួយទំហំពាណិជ្ជកម្មទៅ-មកលើសពី ៧៦០ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ការកំណត់គោលដៅប្រទេសកាណាដា ដើម្បីក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិកពី លោក ត្រាំ បានបង្កឱ្យមានការបង្រួបបង្រួមគ្នាដ៏កម្រមួយក្នុងប្រទេសកាណាដា ដែលបានប្រឈមមុខនឹងវិបត្តិនយោបាយ កាលពីប៉ុន្មានខែមុន ពោលគឺនៅពេលសាធារណជនជាច្រើនបង្ហាញការអស់ជំនឿចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រី Justin Trudeau ឈានដល់ចំណុចកាន់តែក្តៅ ជំរុញឱ្យមេដឹកនាំយូរអង្វែងរូបនេះចុះចេញពីតំណែង។
ប្រជាជនកាណាដាធ្វើពហិការផលិតផលអាមេរិក បន្ទាប់ពីការព្រមានជាច្រើនខែពីលោក ត្រាំ ហើយកាលពីថ្ងៃអង្គារការដំឡើងពន្ធ ២៥% លើទំនិញកាណាដាស្ទើរគ្រប់មុខ ដោយធ្វើឱ្យទីផ្សារធ្លាក់ចុះ និងជំរុញទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរធ្លាក់ចុះទៅកម្រិតទាបថ្មីមួយទៀត។ នាយករដ្ឋមន្ត្រីកាណាដាបានឆ្លើយតបជាមួយនឹងពន្ធសងសឹកស៊ីលើទំនិញអាមេរិកលើទំហំទឹកប្រាក់ ២០,៨ពាន់លានដុល្លារ ជាមួយការអនុវត្តបន្ថែមជាច្រើនផ្សេងទៀត ដែលនឹងមកដល់នៅពេលខាងមុខ។
នាយករដ្ឋមន្ត្រីកាណាដាបានថ្លែងកាលពីថ្ងៃអង្គារថា «ប្រជាជនកាណាដាធ្វើអ្វីមួយតែងមានហេតុមានផល និងភាពគួរសម ប៉ុន្តែយើងនឹងមិនរាថយពីការប្រយុទ្ធប្រឆាំងនឹងរឿងបែបនេះទេ»។
ថ្មីៗនេះ ការកក់សណ្ឋាគារអាមេរិកនៅជាប់ព្រំដែនកាណាដា មើលឃើញការធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនវិភាគទិន្នន័យ CoStar Group បានរកឃើញថា តម្រូវការ បន្ទប់សណ្ឋាគារក្នុងរយៈពេល៤សប្តាហ៍គ្របដណ្តប់នៅខែមករា និងភាគច្រើននៃខែកុម្ភៈបានថយចុះ ៨% នៅតំបន់ Niagara Falls ដែលជាព្រំដែនរវាងខេត្ត Ontario ប្រទេសកាណាដា និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក៏ដូចជា ១២% នៅតំបន់ Bellingham ភាគពាយព្យរដ្ឋធានីវ៉ាស៊ីនតោន ប្រហែលជាង៨០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Vancouver ប្រទេសកាណាដា។ តួលេខត្រូវបានរំពឹងថា ធ្លាក់ចុះបន្ថែមទៀត។
បណ្តាមេដឹកនាំក្នុងឧស្សាហកម្មទេសចរណ៍បានមើលឃើញថា កត្តាទាំងនេះអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់សហរដ្ឋអាមេរិក ដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរកាណាដា។ យោងតាមសមាគមទេសចរណ៍អាមេរិក ប្រជាជនកាណាដា គឺជាក្រុមភ្ញៀវទេសចរបរទេសដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ហើយមានចំណែករហូតដល់ ២០,៥ពាន់លានដុល្លារលើការចំណាយកាលពីឆ្នាំមុន។
លោកស្រី Catherine Prather ប្រធានសមាគមទេសចរណ៍ជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្លែងថា លោកស្រីបានឮរបាយការណ៍ពីសមាជិករាប់សិបនាក់ អំពីភ្ញៀវកាណាដាលុបចោលដំណើរទេសចរណ៍ ដែលពួកគេបានកក់នៅសហរដ្ឋអាមេរិក ជាពិសេសក្នុងគោលដៅបញ្ចូលជារដ្ឋទី៥១ ដូចបានបញ្ជាក់ពីលោក ត្រាំ។ លោកស្រីបន្តថា ប្រជាជនកាណាដាមានអារម្មណ៍ថាមិនទទួលបានការគោរព ហើយនោះជាបញ្ហាប្រឈមខ្លាំង ព្រោះអាមេរិក និងកាណាដាតែងតែជាដៃគូដ៏ស្មោះត្រង់នឹងគ្នា។
លោក Beth Potter ប្រធានសមាគមឧស្សាហកម្មទេសចរណ៍ប្រទេសកាណាដា ក៏បានថ្លែងថា ក្រុមការងារមើលឃើញការកើនឡើងនៃប្រជាជនកាណាដា ដែលបានកក់កន្លែងវិស្សមកាលក្នុងស្រុក ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឧស្សាហកម្មទេសចរណ៍កំពុងឃ្លាំមើលអំពីស្ថានភាពនេះ៕ ដកស្រង់ ៖ CNN និង NPR


ចែករំលែកព័តមាននេះ