ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ លេបត្របាក់ផ្ទះឈើ០១ខ្នង រថយន្ត០១គ្រឿង និងគ្រឿងអលង្ការ មានតម្លៃជាង២,០០០ដុល្លារ អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះជួយពន្លត់ ។
គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា មុនកើតហេតុ គាត់កំពុងអង្គុយលេងក្រោមផ្ទះ ខណៈនោះ គាត់ក៏បានឮសំឡេងផ្ទុះចំនួន០២ដង ភ្លាមៗ គាត់បានរត់ស្ទុះចេញពីក្នុងផ្ទះរបស់គាត់មកមើល បានឃើញមានផ្សែងខ្មៅ ហ៊ុយខ្មួលខ្មាញ់ លាយឡំអណ្តាតភ្លើងចេញពីផ្ទះកើតហេតុ បាត់ទៅហើយ។ ស្របពេលនោះ ប្រជាពលរដ្ឋបាននាំគ្នា ជួយយកទុយោទឹកទៅបាញ់ពន្លត់ដែរ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច អោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំអោយឆេះរាលដាលដល់ផ្ទះដទៃទៀត ។
បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ ចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ ។
អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះឈើប្រក់ស័ង្កសី ០១ខ្នង អស់ទាំងស្រុង រួមមានសម្ភារៈ ដូចជា ខ្សែក ខ្សៃដៃផ្លាកទីន តម្លៃប្រហែល២,០០០$ រថយន្តសាំយ៉ុង ០១គ្រឿងគ្រឿង, កង្ហា០១គ្រឿង, ម៉ាស៊ីនបោកខោអាវ ចំនួន០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៣គ្រឿង របស់ស្នងការដ្ខានខេត្តកណ្ដាល ០២គ្រឿង និងរថយន្តរបស់អធិការដ្ឋានស្រុកកៀនស្វាយ ០១គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។
ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ខ្សែភ្លើងកកិតជាមួយដំបូលស័ង្កសី បង្កជាអគ្គិភ័យ) ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ