រាជធានីភ្នំពេញ ៖ នៅម៉ោង១២និង០៩នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ មានស្ត្រីបរទេសម្នាក់ បានជិះម៉ូតូធ្វើដំណើរឡើងលើស្ពានព្រែកកំពង់បាយ ខេត្តកំពត ហើយបានចតម៉ូតូ ចុះមកបាញ់ថ្នាំពណ៌ខៀវ នៅលើបង្កាន់ដៃស្ពាន។ សកម្មភាពនេះ ត្រូវបានកាមេរ៉ាសុវត្ថិភាពថតបានយ៉ាងច្បាស់។ នៅថ្ងៃដដែលនេះ លោកអធិការនគរបាលក្រុងកំពត បានដឹកនាំការស្រាវជ្រាវ រហូតរកឃើញស្ត្រីរូបនោះ។ ក្រោយមក សមត្ថកិច្ចបាននាំស្ត្រីបរទេសរូបនោះ ទៅលុបចោល និងសម្អាតកន្លែងនោះឱ្យដូចដើមវិញ ។ យ៉ាងណា អត្តសញ្ញាណស្ត្រីបរទេសម្នាក់នេះ នៅពុំស្គាល់នៅឡើយទេ ។
ស្នងការខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា ៖ «អ្នកចង់រស់នៅក្នុងប្រទេសខ្ញុំ ខេត្តខ្ញុំ អ្នកត្រូវគោរពវប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសខ្ញុំ។ ចំពោះស្ត្រីខាងលើនេះ យើងនឹងអនុវត្តនិតិវិធី ដោយគ្មានការយោគយល់នោះឡើយ ដើម្បីជាគំរូ សម្រាប់ជនបរទេសដទៃទៀត កុំឱ្យធ្វើតាម» ។
សារនេះ បានធ្វើប្រជាពលរដ្ឋក្នុងតំបន់ សម្តែងការគាំទ្រចំពោះចំណាត់ការរបស់លោកស្នងការខេត្តកំពត ដែលបានយកចិត្តទុកដាក់លើការថែរក្សាសណ្តាប់ធ្នាប់សង្គម ជាពិសេសអំពីការគោរពច្បាប់ វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេស ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ