រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជនសង្ស័យជាជនបរទេស ០២នាក់ ត្រូវបានចោទប្រកាន់ពាក់ពន្ធនឹងគ្រឿងញៀនប្រមាណជិត១០គីឡូក្រាម ដែលបានយកទៅផ្ញើប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត បម្រុងនាំចេញទៅក្រៅប្រទេស ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនថា ៖ កាលពីទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤ និង២៦នាទី ប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត បានទទួលបញ្ញើជាកញ្ចប់តែ ចំនួន០៣កេស មានទម្ងន់ ៩,៦៤៤ ក្រាម ដែលដាក់ផ្ញើទៅកាន់ប្រទេសក្រិក។ ក្រោយមក បុគ្គលិកប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត បានដាក់បញ្ញើនោះ ទៅក្នុងម៉ាស៊ីនស្គេន ដោយមានការសង្ស័យ បុគ្គលិកប្រៃសណីយ៍កម្ពុជា ក៏បានហែកកេសបញ្ញើនោះ ពិនិត្យមើលឃើញថា បញ្ញើនោះ គឺជារុក្ខជាតិក្រៀម(កញ្ឆា) ដែលបានលាក់ទុកនៅក្នុងកញ្ចប់តែ ដាក់ក្នុងកេសចំនួន០៣ ឃើញដូច្នេះបុគ្គលិកប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត ក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងក្រុម TCT បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ជាបន្តបន្ទាប់ ម្នាក់ឈ្មោះ LEMIUX CHRISTOPHER MAURICE ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិកាណាដា និងម្នាក់ឈ្មោះ SEMPSON NATHAN ភេទប្រុស កើតឆ្នាំ១៩៨៦ ជនជាតិអង់គ្លេស និងបានឆែកឆេរ ចំណុចអាផាតមិន Maliya Apartment បន្ទប់លេខ២០១ អាគារលេខ២៩ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រកឃើញគ្រឿងញៀន ប្រភេទកូកាអ៊ីន ទម្ងន់១២,៨ ក្រាម និងម្សៅពណ៌ស សង្ស័យជាសារធាតុញៀន ទម្ងន់១២៧,៦ក្រាម និងវិក្កយបត្រចំនួន ០៣សន្លឹក របស់ប្រៃសណីយ៍កម្ពុជា ពីជនសង្ស័យឈ្មោះ SEMPSON NATHAN ភេទប្រុស កើតឆ្នាំ១៩៨៦ ជនជាតិអងគ្លេស បន្ថែមទៀត ។
បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯ បក្ខពួកដែលពាក់ពន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវបន្ត ។
ក្រោយពីទទួលបាន និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០២នាក់ខាងលើ និងបក្ខពួក ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីដើមឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងនៅចំណុចអាផាតមិន Maliya Apartment បន្ទប់លេខ២០១ អាគារលេខ២៩ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើស ដែលមានបញ្ញត្តិ ឲ្យផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ