ខេត្តព្រៃវែង ៖ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ បានធ្វើឲ្យផ្ទះក្បឿងមួយខ្នង ទំហំ ៧ គុណ ១៥ម៉ែត្រ ព្រមទាំងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀត ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ជាមួយគ្នានេះ ក៏បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ រងរបួសធ្ងន់ផងដែរ ។
គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៤ មីនា នៅចំណុចភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង។ ម្ចាស់ផ្ទះមានឈ្មោះ អ៊ុច វន់ ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ធុយ នាង អាយុ ៤០ឆ្នាំ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះ មានមុខរបរធ្វើស្រែផង និងជាជាងផ្សារដែកផង ហើយនៅជាប់ផ្ទះ មានពំនូកចំបើងមួយគំនរធំ និងនៅក្រោមផ្ទះសុទ្ធ តែជាគ្រឿងសម្ភារផ្សារដែក ។
សាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសជាម្ចាស់ផ្ទះ បានរៀបកាត់ផ្សារដែក ដំឡើងគោយន្ត នៅខាងមុខផ្ទះក្បែរគំនរចំបើង ហើយពេលផ្សារដែកសុខៗ ស្រាប់តែខ្ទាតផ្កាភ្លើង ទៅប៉ះចំបើង ធ្វើឲ្យឆាប់ឆេះគំនរចំបើង និងរាលដាលឆេះឆ្លងដល់ផ្ទះ ដែលនៅជាប់គ្នា ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង កើតជាអគ្គិភ័យផ្អើលអ្នកស្រុកឈូរឆរ តែម្ដង ។
លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាអន្ទរ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងព្រមទាំងឡានទឹក ចុះទៅជួយពន្លត់ភ្លាមៗ ដោយក្នុងនោះបានប្រើប្រាស់ឡានទឹកចំនួន ៦គ្រឿង និងបានបាញ់ទឹកពន្លត់អស់ចំនួន ១៦រថយន្ត ទើបធ្វើឲ្យភ្លើងរលត់ជាស្ថាពរ ។
លោកអធិការបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះអស់ជាច្រើន រួមមាន ៖ ឆេះប្លង់ដី អស់ចំនួន ៥ប្លង់ លុយខ្មែរចំនួន ៨លាន ៥សែនរៀល មាសចំនួន ៦ជី និងរ៉ឺម៉កគោយន្ត មួយគ្រឿង ហើយសរុបជាទឹកប្រាក់ទាំងអស់ ប្រមាណជិត ១ម៉ឺនដុល្លារ និងបានបណ្ដាលឱ្យម្ដាយរបស់ម្ចាស់ផ្ទះឈ្មោះ អ៊ុច ប៊ូអាយុ ៨៨ឆ្នាំ បានរងរបួសធ្ងន់ រលាកពេញខ្លួន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពេលកើតហេតុ ៕











ចែករំលែកព័តមាននេះ