ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ហៅ MC Vutha ទៅ​ណែនាំ និង​ឲ្យ​ធ្វើ​លិខិត​សុំ​ទោស​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីករ​ទូរទស្សន៍​លោក MC Vutha ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការ​នារី នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ ពិធីករ​ទូរទស្សន៍​លោក MC Vutha ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការ​នារី នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ នេះ បានហៅ​ទៅ​ណែនាំ និង​ឲ្យ​ធ្វើ​លិខិត​សុំ​ទោស ក្រោយ​ប្រើ​ពាក្យ​លេប​ខា​យ​ដាក់​នារី​លើក​ស្លាក​ទឹក​ប្រដាល់ ដែល​នាំ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តាញ​សង្គម ។  

ការ​ហៅ​ពិធីករ​របស់​ស្ថានីយទូរទស្សន៍​រូប​នេះ​​យក​មក​អប់រំ​ណែនាំ និង​ធ្វើ​លិខិត​សុំ​ទោស​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នា​ពេល​នេះ​ ធ្វើ​ឡើង​ស្រប​ទៅ​ការ​ចង់បាន​ពី​នារី​ដែល​រង​គ្រោះ និង​មហាជន ជា​ពិសេស​ បណ្តា​អ្នក​សិ​ល្បៈដូច​គ្នា ។

បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេ​ត ភ​ត្រា បាន​បញ្ជាក់​ថា ក្រោយ​ជំនួប​នោះ​ជា​លទ្ធផល ពិធីករ​ឈ្មោះ ជួប វុ​ត្ថា ហៅ MC Vutha បង្ហាញ​ការ​សោកស្តាយ​និង​សូម​អភ័យទោស​ជា​សាធារណៈ​ចំពោះ​ប្អូនស្រី ឆឹង ច័ន្ទ​មុនី​រស្មី និង​ស្ត្រី​គ្រប់​រូប​ព្រមទាំង​សា​ធារណជន​ចំពោះ​កំហុសឆ្គង​ដោយ​ខ្វះ​ការ​ពិចារណា​ទៅ​កាន់​ស្ត្រី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ស្ត្រី ។

ជា​ការ​កត់សម្គាល់ បន្ទាប់​បី​បែកធ្លាយ​រូបភាព​វី​ដេ​អូ​ពី​ការ​ប្រើ​ពាក្យ​លេប​ខា​យ​មិន​សមរម្យ​ពី​សំណាក់ MC Vutha ដាក់​នារី​លើក​ស្លាក​ទឹក​ប្រដាល់ ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​បាន​ចេញ​ប្រតិកម្ម និង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ពិធីករ​រូប​នេះ ដោយ​គេ​ចាត់​ទុក​ទ​ង្វើ​មួយ​នេះ​ គឺជា​ការ​មើលងាយ​ដល់​ស្ត្រី ។

ក្រោយ​ឃើញ​មាន​ផ្ទុះ​ប្រតិកម្ម និង​រិះគន់​ពី​មហាជន​ដូច​ទឹកបាក់​ទំនប់​នោះ​MC Vutha ក៏​បាន​ចេញ​ជា​វី​ដេ​អូ​សុំ​ទោស​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយនៅ​ក្នុង​នោះ ​លោក​បាន​សុំ​ទោស​ទៅ​កាន់​ប្អូនស្រី​ជា​អ្នក​លើ​ស្លាក​ទឹក ដែល​លោក​បាន​និយាយ​លេងសើច​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​ប្អូនស្រី ខ​ណៈ​ពេល​ដែល​រូបភាព​វី​ដេ​អូ​នោះ​ គឺ​អេ​ត​មីន​របស់​លោក​ជា​អ្នក​យក​ទៅ​ផុស ។

ទោះជា​យ៉ាងណា ក្រោយ​ឃើញ​មានការ​រិះគន់​ច្រើន​ពី​សំណាក់​បងប្អូន​នោះ​ លោក​ក៏​សម្រេច​លុប​វី​ដេ​អូ​នោះ​ចោល​វិញ ហើយ​ក៏​បាន​ធ្វើការ​សុំ​ទោស​ទៅ​កាន់​ប្អូនស្រី​រួច​ហើយ​ដែរ ។

ទោះជា​យ៉ាងណា​ តាមរយៈ​វី​ដេ​អូ​សុំ​ទោស​ពី​ពិធីករ​ខាងលើ​នេះ សា​ម៉ី​ខ្លួន ក៏​ដូច​ជា​មហាជន​ជា​ច្រើន​ហាក់​នៅ​តែ​មិន​អាច​ទទួលយក​បាន​នៅឡើយ​ទេ ដ្បិត​គេ​យល់​ថា ការ​សុំ​ទោស​របស់​ពិធីករ​រូប​នេះ ​នៅ​មិន​ទាន់​មាន​លក្ខ​ណៈពេញលេញ​នៅឡើយ ។

ជា​ការ​ឆ្លើយ​តប​នោះ​ នារី​ដែល​ត្រូវ MC Vutha និយាយ​ពាក្យ​លេប​ខា​យ​ដាក់​ដែល​មានឈ្មោះ ឆឹង ច័ន្ទ​មុនី​រស្មី បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា នាង​ខ្ញុំ មុនី​រស្មី ដែល​ជា ម៉ូ​ដែល​នៅ​ក្នុង​វី​ដេ​អូ​ដែល​ពុក​ម៉ែ​បងប្អូន​បានឃើញ​។ នាង​ខ្ញុំ​មក​ទី​នេះ ដើម្បី​អរគុណ ពុក​ម៉ែ បងប្អូន មិត្ត​រួមការ​ងារ មហាជន ទាំងអស់​ដែល​បាន​បញ្ចេញមតិ និង​បង្ហាញ​នូវ​ក្តី​ស្រលាញ់​មក​ចំពោះ​នាង​ខ្ញុំ​។ ក្តី​ស្រលាញ់​​រាប់អាន ការ​ផ្ញើ​សារ​លើកទឹកចិត្ត​របស់​បងប្អូន បាន​ជួយ​សម្រាល​ការ​ខូចចិត្ត និង​សេចក្តី​ខ្មាស់​អៀន​របស់ខ្ញុំ​ច្រើន នាង​ខ្ញុំ​ពិតជា​អរគុណ​នូវ​ទឹកចិត្ត​ដែល​មិន​អាច​កាត់ថ្លៃ​បាន ។  

នាង​ថា ការ​និយាយ​បៀតបៀន​ជា​សាធារណៈ និង​ការ​សុំ​ទោស​តាម​វី​ដេ​អូ​មក​រូប​នាង​ខ្ញុំ​ដែល​មាននូវ​អត្ថន័យ ទទួលកំហុស​របស់​ពិធីករ​ដែល​ខ្ញុំ​មិនសូវ​ស្គាល់​ដែរ​នោះ នៅ​មាន​លក្ខណៈ​មិន​ពេញលេញ នៅ​ចំណុច​ខ្លះ ។

– មិន​សំពះសុំទោស ឥរិយាបថ​មិន​ចេញពី​ចិត្ត (​អាច​ប្រហែល​គាត់​គិត​ថា ខ្ញុំ​ដូច​ជា​ឈ្មោះ រស្មី ហ្នឹង មាន​អាយុ តិច​ជាង​) តែ​កន្លែង​គាត់​គួរ​ច្បាស់​ជាង​នេះ គឺ ខ្ញុំ និង​គាត់ ខ្មែរ​ដូច​គ្នា ហើយ​គាត់​បាន​និយាយ​បៀតបៀន​ខ្ញុំ​ជា​ស្រី

– ខ្លឹមសារ​នៅ​ក្នុង​វី​ដេ​អូ គឺ​ខុស​ពី admin ដែល​ផុស ច្រើន​ជាង​ការ​និយាយ​បៀតបៀន មាន​ន័យ​ថា​គាត់ នៅ​ចាត់​ទុក​ថា វា​គឺជា​ការ​និយាយ​លេងសើច ដដែល

– មិន​បាន​បញ្ជាក់​ថា ឈប់​ពោល​ពាក្យ​បៀតបៀន​មនុស្ស​ស្រី ស្ត្រី និង​ក្មេង​ស្រី

– មិន​បញ្ជាក់​ថា ខ្លួន​មិន​ត្រូវ​និយាយ​បៀតបៀន​ចំពោះ​បុគ្គល​ណា​ក៏​ដោយ (​មិនមែន​ត្រឹម​ខ្ញុំ​មនុស្ស​គាត់​មិន​ស្គាល់​ទេ គឺ ក្មេង​ចាស់​ប្រុស​ស្រី ភេទ​ណា​ក៏​ដោយ សុទ្ធតែ​មិន​ត្រូវ មិន​ស​ក្ត័​សម​ឲ្យ​មានការ​បៀតបៀន តាម​គ្រប់​រូបភាព​) ។

នាង​បន្ត​ថា នៅ​មាន​ចំណុច​ផ្សេង​ទៀត តែ​មិនដឹង​និយាយ​ពី​ណា​ទៅ​ណា​ឲ្យ​សម ព្រោះ​មិន​ចង់​រំលឹក​នូវ​ពាក្យ​ដែល​នាង​ខ្ញុំ​ទទួល​បាន​ពី​គាត់ និង​មជ្ឈដ្ឋាន​របស់​គាត់​ឡើង​វិញ​។ នាង​ខ្ញុំ​បាន​តាំងចិត្ត​មក​សរសេរ​នៅ​ទៅ​នេះ​ដំបូង និង​តែ​ម្តង​គត់ សម្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង នេះ ព្រោះ​មិន​ចង់​និយាយ​ច្រើន គិត​ច្រើន តែ​ក៏​មានចិត្ត​មួយទៀត​ថា ខ្ញុំ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​សកម្មភាព​បែប​នេះ​កើតឡើង ទៀត​ចំពោះ​នាង​ខ្ញុំ ឬ​បុគ្គល​ណា​ម្នាក់​បន្ត​ទៀត​ឡើយ ។

តើ​នាង​ខ្ញុំ​គួរ​ធ្វើ បែប​ណា? តើ​វី​ដេ​អូ​សុំ​ទោស​របស់​គាត់​មួយ​នោះ គ្រប់គ្រាន់​ឲ្យ​នាង​ខ្ញុំ​លើកលែង​ឲ្យ​គាត់​ទេ? តើ​ស្ត្រី និង​ក្មេង​ស្រី​ដែល​ជួប​បញ្ហា ដូច​ឬ​ស្រ​ដៀង​នឹង​នាង​ខ្ញុំ គួរ​ធ្វើ​បែប​ណា រក​អ្នក​ណា ដែល​អាច​ជួយ​គាំទ្រ និង​ដោះស្រាយ​ឲ្យ​នា​ពេល​ដែល​អាច​កើតឡើង លើក​ក្រោយ​ទៀត?

តើ​អ្នក​ដែល​មាន​ម្តាយ ប្រពន្ធ បងប្អូន​ស្រី មិត្ត​ស្រី ក៏​នៅ​តែ​អាច​មិន​យល់​ពី​ការ​ផ្តល់​តម្លៃ​ស្ត្រី​មែន​ទេ? តើ​ស័ក្តិ​សម​ទេ​ដែល​មនុស្ស​ស្រី ត្រូវ​បាន​កំណត់​ដោយ​ទស្សនៈ​ផ្សេង​ៗ ថា​ខ្សោយ ឬថា ជា​ទេសភាព​សម្រាប់​ទស្សនា ដូចដែល​ពាក្យ​ពិធីករ​ថា បានឃើញ​ហើយ (​ក្តក់​មាត់​) មនុស្ស​ប្រុស​យើង​អាយុ​វែង​នោះ?

មតិយោបល់ និង​ដំបូន្មាន​របស់​បងប្អូន ពិតជា​មាន​ន័យ​ណាស់​សម្រាប់​នាង​ខ្ញុំ ជា​ពិសេស ស្ត្រី និង​ក្មេង​ស្រី​គ្រប់​រូប ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ