រាជធានីភ្នំពេញ ៖ ទណ្ឌិតស្ត្រី ចំនួន៤០នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ បានផ្ទេរចេញពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលអប់រំកែប្រែទី២ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដើម្បីរំដោះភាពចង្អៀតណែនក្នុងបន្ទប់ពន្ធនាគារ ។
ការផ្ទេរទណ្ឌិតនារីនេះ បើតាមផេករបស់អគ្គនាយកដ្ឋានពន្ធនាគារបានបង្ហោះនៅល្ងាចថ្ងៃទី៣ ខែមីនានេះ បានឲ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តកណ្តាល រាជធានីភ្នំពេញ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំស្ត្រី ចំនួន៤០នាក់ ពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី២ ស្ថិតក្នុងរាធានីភ្នំពេញ ដើម្បីរំដោះភាពចង្អៀតណែន ។
ការចុះអនុវត្តន៍នេះ បញ្ជាផ្ទាល់ដោយ លោកស្រីវរអគ្គានុរក្សថ្នាក់លេខ១ ជា សារ៉េត អនុប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ៕





ចែករំលែកព័តមាននេះ