ខេត្តព្រះសីហនុ ៖ ក្រុមការងារ អធិការកិច្ច នៃក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យករណីបូមបង្ហូរសំណល់រាវចូលសមុទ្របង្កឡើងដោយក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. ដែលមានទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមការអះអាងរបស់អជ្ញាធរឃុំកែវផុសថា ប្រជាពលរដ្ឋ បានរងផលដោយការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុន CS TAN CO., LTD. បណ្តាលឱ្យរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។
ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងផលិតកម្ម ព្រមទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែកកន្លង់ចម្ងាយប្រមាណ៧០០ម៉ែត្រ។

ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនបានប្រើម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែកកន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមានប្រវែងប្រមាណ ៣០០ម៉ែត្រ។
ក្រុមហ៊ុនបានទទួលស្គាល់កំហុសដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូលសមុទ្រដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការអនុញ្ញាត។
សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រុមការងារជំនាញក្រសួងបរិស្ថាន បានយកសំណាកទឹកចំនួន៥ទីតាំងដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹងកម្រិតកំណត់ស្តង់ដារដែលមានស្រាប់ និងដើម្បីរៀបចំនីតិវិធីបន្ត។
ក្រុមការងារបានបញ្ជាក់ប្រាប់ក្រុមហ៊នដោយផ្ទាល់ ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាការល្មើសទៅនឹងមាត្រា២៨៧ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៨ នៃកិច្ចសន្យាការពារបរិស្ថាន។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៥ បានចែងពីការមិនអុវត្តកតាព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ។ ហើយការបង្ហូរដោយប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ឬ សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទំហំប៉ះពាល់បរិស្ថានជាក់ស្តែង នេះនៅមិនទាន់គិតទោសទណ្ឌផ្សេងទៀតដែលនឹងរកឃើញតាមនីតិវិធីបន្ត៕
ចែករំលែកព័តមាននេះ