ទីក្រុងវ៉ាស៊ីនតោន៖ កិច្ចជំនួបរវាងលោកត្រាំ និងលោកហ្សេឡិនស្គីនៅសេតវិមានយប់មិញបានបិទបញ្ចប់ដោយភាពល្វីងជូរចត់ដោយសារការនិយាយមិនត្រូវគ្នា។ ដូច្នេះ ជាលទ្ធផល គ្មានការធ្វើសន្និសីទសារព័ត៌មាន, គ្មានការញ៉ាំអាហារជុំគ្នា និងគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីទាំងអស់។ លោកហ្សេឡិនស្គីប្រកាសមិនចូលតុចរចាគ្នាជាមួយរុស្ស៊ីជាដាច់ខាតបើគ្មានការធានាសន្តិសុខជាតិអ៊ុយក្រែន។ ការប៉ះពារសម្ដីគ្នាកើតចេញពីការរំលឹកពីឈ្មោះលោកពូទីន និងការនិយាយចាកប្រធានរបស់លោកហ្សេឡិនស្គី។ លោកត្រាំចង់ផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងរ៉ែ ប៉ុន្តែលោកហ្សេឡិនស្គីបែរជានិយាយរំលឹកអំពីឈ្មោះលោកពូទីន។ លោកថាលោកមិនគួរជឿទុកចិត្តទៅលើលោកពូទីនទេ ហើយត្រាំត្រូវតែការពារសន្តិសុខជាតិអ៊ុយក្រែន។

លោកត្រាំសម្រេចចិត្តបិទបញ្ចប់ការសន្ទនាគ្នាទាំងកណ្ដាលទី និងលុបចោលគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើអាជីវកម្មរ៉ែ។ នៅក្នុងកិច្ចជំនួបជាមួយលោកត្រាំនោះ មុនដំបូងគេស្មានថានឹងមានការចុះហត្ថលេខាទៅហើយព្រោះអ្វីៗហាក់ដូចជានិយាយគ្នាស្រួលពីដំបូងដៃ។ ម៉្យាងទៀត គេគិតថាអាចនឹងមានការធ្វើសន្និសីទសារព័ត៌មានដើម្បីបញ្ជាក់អំពីលទ្ធផលនៃកិច្ចជំនួប និងគោលជំហររបស់ប្រទេសទាំង២នៅក្នុងការដោះស្រាយបញ្ហា។

ប៉ុន្តែជាក់ស្ដែង សន្និសីទសារព័ត៌មានត្រូវលុបចោល។ រហូតមកដល់ពេលនេះ អាមេរិកបានផ្ដល់ជំនួយលើសពី១៨០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោកត្រាំសង្ឃឹមទៅលើកិច្ចព្រមព្រៀងនៃការធ្វើអាជីវកម្មរ៉ែនេះហើយដើម្បីសងត្រឡប់មកវិញនូវជំនួយនោះ ឬជំនួយបន្ថែមទៀតនាពេលអនាគត។ ឥឡូវនេះ កិច្ចព្រមព្រៀងធ្វើអាជីវកម្មក៏មិនចុះហត្ថលេខា ហើយគម្រោងចរចាសន្តិភាពនោះក៏មិនទាន់ដឹងយ៉ាងណាទៀតព្រោះលោកហ្សេឡិនស្គីបដិសេធមិនចរចាដាច់ខាតបើមិនការពារសន្តិសុខជាតិ។

គេឃើញថាជួបគ្នាមិនបានប៉ុន្មានផង លោកហ្សេឡិនស្គីក៏ចាកចេញពីសេតវិមានទាំងទីងណាត់ទីងណែង និងប្រញាប់ប្រញាល់ហាក់ដូចជាត្រូវគេបណ្ដេញចេញទាំងបង្ខំដូច្នោះដែរ។ គេដឹងថានៅពេលនោះ ដោយសារទប់កំហឹងមិនបាន លោកត្រាំក៏ស្រែកគំហកខ្លាំងៗដាក់លោកហ្សេឡិនស្គីនៅចំពោះមុខគេឯង។ អាហារឆ្ងាញ់ៗដែលគេរៀបចំទុកសម្រាប់ការចូលរួមបរិភោគជុំគ្នារវាងលោកត្រាំ និងគណៈប្រតិភូអ៊ុយក្រែននោះត្រូវទុកចោលពេញហ្នឹងគ្មាននរណារវីរវល់នោះទេ។

ប្រភពខ្លះថាអាមេរិកបានបណ្ដេញលោកហ្សេឡិនស្គី និងគណៈប្រតិភូចេញពីសេតវិមាន។ ប៉ុន្តែនៅក្នុងភាសាការទូត សេតវិមានប្រើប្រាស់ត្រឹមពាក្យថា «អាមេរិកប្រាប់ឱ្យលោកចាកចេញពីពីទីនោះ»។ នៅក្នុងកិច្ចសន្ទនានោះ លោកត្រាំនិយាយត្រង់ៗដាក់លោកហ្សេឡិនស្គីថា «លោកឯងកំពុងបន្លែងលេងជាមួយសង្គ្រាមលោកលើកទី៣ហើយ»។

នៅក្នុងជំនួបរយៈពេល៤៥នាទីនោះ ១០នាទីចុងក្រោយចំណាយទៅលើការជជែកគ្នាតឹងសរសៃករវាងលោកហ្សេឡិនស្គីជាមួយលោកត្រាំ និងលោកវេន។ លោកហ្សេឡិនស្គីយល់ថារុស្ស៊ីនិយាយបានតែមាត់ទេ។ ដូច្នេះ កុំសូវជឿសម្ដីពួកគេពេកនៅក្នុងនយោបាយការទូត។ លោកថាប៉ុន្មានឆ្នាំហើយរុស្ស៊ីមិនដែលធ្វើដូចពាក្យសន្យារបស់ពួកគេទេនៅលើឆាកអន្តរជាតិ។

ប្រភពខ្លះថាគោលបំណងធំដែលលោកហ្សេឡិនស្គីទៅជួបលោកត្រាំដល់សេតវិមាននោះដើម្បីជំរុញឱ្យលោកផ្ដល់ការសន្យាដោយប្រាកដប្រជាថាមិនបោះបង់អ៊ុយក្រែនចោលទេ ហើយនឹងក្រើនរំលឹកលោកត្រាំថាកុំសូវផ្អែមល្ហែមជាមួយទូពីនពេក។ ជាកិច្ចឆ្លើយតប លោកត្រាំស្រែកគំហកខ្លាំងៗដាក់ហ្សេឡិនស្គី។ នៅត្រង់ចំណុចមួយនោះ លោកហ្សេឡិនស្គីថាលោកពូទីនធ្លាប់ចុះហត្ថលេខា និងរំលោភលើកិច្ចសន្យារបស់គាត់រហូតដល់២៥ដង។ ដូច្នេះ តាមរយៈទឡ្ហីករណ៍នេះ លោកយល់ថាមិនអាចជឿទុកចិត្តលោកពូទីនបានឡើយ។ ប៉ុន្តែលោកត្រាំសកសម្ដីទៅវិញថាជាមួយនរណាមិនដឹងទេ។ ប៉ុន្តែបើជាមួយត្រាំ ពូទីនពុំដែលក្បត់សន្យាម្ដងណាឡើយ។

ចំពោះការការពារសន្តិសុខជាតិរបស់អ៊ុយក្រែន លោកត្រាំនៅតែមិនមាត់មិនកទេ។ ប៉ុន្តែលោកចង់ផ្ដោតសំខាន់ថាឱ្យតែលោកហ្សេឡិនស្គីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សង្គ្រាមអ៊ុយក្រែននឹងបិទបញ្ចប់ភ្លាម។ មុនដំបូងនៅក្នុងការសន្ទនាគ្នានោះហាក់ដូចជាមិនទាន់អីទេ។ ស្រាប់តែលោកវេន (អនុប្រធានាធិបតីអាមេរិក) ចាប់ផ្ដើមនិយាយរំលឹកលោកហ្សេឡិនស្គីថា «លោកប្រធានាធិបតី ខ្ញុំសូមនិយាយដោយសេចក្ដីគោរព! លោកមកវិមានពងក្រពើ ហើយដើរតួហាក់ដូចជាចៅក្រមកាត់សេចក្ដីបញ្ហានេះនៅចំពោះមុខអ្នកសារព័ត៌មានអាមេរិកាំង»។ រំពេចនោះ លោកហ្សេឡិនស្គីនិយាយខ្ទាស់សម្ដីភ្លាម។

លោកត្រាំក៏ចាប់ផ្ដើមប្រើសម្ដីខ្លាំងបកទៅវិញថា «លោកឯងកំពុងយកជីវិតមនុស្សរាប់លាននាក់ទៅបន្លែងលេងហើយ»។ តាមពិត ការសន្ទនាគ្នានោះមុនដំបូងនិយាយគ្នាស្រួលៗទេ។ ប៉ុន្តែនៅពេលលោកហ្សេឡិនស្គីនិយាយរំលឹកអំពីឈ្មោះលោកពូទីន លោកត្រាំចាប់ផ្ដើមផ្ទុះកំហឹងតែម្ដង។ សម្រាប់លោកត្រាំ នរណានិយាយប៉ះពាល់ពូទីនមិនបានទេ លោកចេញមុខការពារភ្លាម។ ការដែលលោកហ្សេឡិនស្គីនិយាយរំលឹកថាមិនត្រូវជឿទុកចិត្តលោកពូទីនអាចនឹងធ្វើឱ្យលោកត្រាំគិតថានិយាយបែបហ្នឹងធ្វើមើលតែលោកត្រាំជាកូនក្មេងបៀមដៃ។ ឥឡូវនេះ មេដឹកនាំអាមេរិកទាំង២រូប លោកត្រាំ និងលោកវេនចាប់ផ្ដើមព្រមានធ្ងន់ៗថាការផ្ដល់ជំនួយរបស់អាមេរិកទៅឱ្យអ៊ុយក្រែនអាចនឹងមានបញ្ហា។

ដោយសារនិយាយគ្នាហាក់ដូចជាមិនបានសាច់ការអ្វី លោកវេនក៏និយាយកាត់សម្ដី និងនិយាយដោយខ្លីថា «សូមអរគុណ» ហើយក៏បិទបញ្ចប់កិច្ចជំនួបនោះតែម្ដង។ បន្ទាប់ពីចាកចេញពីសេតវិមានទាំងតក់ក្រហល់រួចមក លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញសង្គមថា «សូមអរគុណប្រទេសអាមេរិក! អរគុណចំពោះការគាំទ្ររបស់អ្នក និងអរគុណចំពោះការផ្ដល់ឱកាសទស្សនកិច្ចលើកនេះ»។ ប៉ុន្តែគាត់ក៏ឆ្លៀតសរសេររបៀបវាត់កន្ទុយថា «អ៊ុយក្រែនត្រូវការសន្តិភាពដោយយុត្តិធម៌ និងយូរអង្វែង។ យើងកំពុងខិតខំរាល់ថ្ងៃដើម្បីសម្រេចឱ្យបានគោលដៅនេះ»។

មន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំបង្ហាញការមិនពេញចិត្តនឹងកាយវិការរបស់លោកហ្សេឡិនស្គីដែលប្រើប្រាស់ពាក្យពេចន៍មិនចង់ល្អរកគ្នា ប៉ុន្តែចង់បង្កអរិភាពនឹងគ្នា ឧទាហរណ៍នៅសុខៗ លោកហ្សេឡិនស្គីនិយាយពីលោកពូទីន។ ម៉្យាងទៀត លោកត្រាំយល់ថាលោកហ្សេឡិនស្គីហាក់ដូចជានិយាយចាកប្រធាន។ នៅពេលត្រាំចង់និយាយអំពីកិច្ចព្រមព្រៀងធ្វើអាជីវកម្មរ៉ែ ស្រាប់តែលោកហ្សេឡិនស្គីទៅនិយាយពីការការពារសន្តិសុខជាតិអ៊ុយក្រែន។

ប្រភពខ្លះបង្ហើបឱ្យដឹងថាតាំងពីជំនាន់លោកបៃដិន លោកបៃដិនក៏ធ្លាប់មានបញ្ហារកាំរកូស និងអាក់អន់ស្រពន់ចិត្តជាមួយលោកហ្សេឡិនស្គីមិនតិចដែរ។ គ្រាន់តែថាលោកបៃដិនទុកនៅក្នុងចិត្តសិននៅចំពោះមុខអ្នកសារព័ត៌មាន។ នៅពេលជួបគ្នាស្ងាត់ៗទើបលោកនិយាយពន្លះលោកហ្សេឡិនស្គី។

ចំពោះលោកត្រាំ ដោយសារនៅលើសមរភូមិប្រយុទ្ធជាក់ស្ដែង អ៊ុយក្រែនហាក់ដូចជាចាញ់ប្រៀបរុស្ស៊ីខ្លាំងណាស់ទៅហើយ ដូច្នេះគ្មានអ្វីត្រូវតថ្លៃជាមួយរុស្ស៊ីទេ។ លោកត្រាំប្រាប់លោកហ្សេឡិនស្គីថា «លោកមិនគួរទាមទារឱ្យភាគីម្ខាងទៀតធ្វើសម្បទានទេ។ លោកស្ថិតនៅលើជំហរមិនល្អទាល់តែសោះ (ចាញ់ប្រៀបគេ)។ លោកគ្មានសន្លឹកបៀរល្អសម្រាប់លេងទេ (នៅក្នុងល្បែងនយោបាយនេះ)»។ លោកនិយាយដោយចង្អុលមុខចំៗទៅលោកហ្សេឡិនស្គីតែម្ដង៕
ចែករំលែកព័តមាននេះ