ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ទេសចរណ៍​៖ ​ក្រុង​ច្បារមន​​នឹង​ក្លាយ​​ជា​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុង​ច្បារមន​គឺជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​៩​របស់​ខេត្តកំពង់ស្ពឺ ហើយ​ក្រុង​នេះ​នឹង​ក្លាយជា​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ហោ សា​រុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ថ្ងៃ​ទី​២៦ ខែកុម្ភៈ…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុង​ច្បារមន​គឺជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​៩​របស់​ខេត្តកំពង់ស្ពឺ ហើយ​ក្រុង​នេះ​នឹង​ក្លាយជា​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ហោ សា​រុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥​ក្នុង​សិក្ខាសាលា​ស្តី​ពី “​ការ​ពង្រឹង​សុវត្ថិភាព​ដើម្បី​រៀបចំ​ក្រុង​ច្បារមន​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​” នៅ​បណ្ណាល័យ​ខេត្តកំពង់ស្ពឺ​។

លោក ហោ សា​រុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​លើក​ឡើង​ថា ការ​ត្រួសត្រាយ​ផ្លូវ និង​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការ​ជំរុញ​ទីក្រុង​ច្បារមន ឱ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ពេល​ខាង​មុខ ដើម្បី​ចូលរួម​ពង្រឹង​និង​លើកកម្ពស់​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​។​

យោង​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងទេសចរណ៍ ពី​ការ​រៀបចំ​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី កាលពី​ឆ្នាំ​២០២២ គ្រប់​ក្រុង ស្រុក ខណ្ឌ គឺ​អាច​រៀបចំ​ខ្លួន​ឱ្យ​ក្លាយជា «​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​»​។​ក្នុង​នោះ ទី​១. អាជ្ញាធរ​ត្រូវ​ជំរុញ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​ក្នុង​ដែន​សមត្ថកិច្ច ទេសចរណ៍ និង​ទី​២ ក្រុង ស្រុក របស់​ខ្លួន​ត្រូវ​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ជា​ពិសេស​គឺ​ត្រូវធ្វើ​ជា​គំរូ​តាម​រយៈ​ការ​អនុវត្ត​វិធានការ​ហាមឃាត់​ការ​ជក់បារី​ស្រប​តាម​ច្បាប់ លើកកម្ពស់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​តាម​រយៈ​យុទ្ធនាការ​សាធារណៈ​នានា​និង​មិន​សហការ​ជាមួយ​ឧស្សាហករ​ថ្នាំជក់​។

លោក ហោ សា​រុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ក្រសួងទេសចរណ៍ ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ យក​ក្រុង​ច្បារមន​ដាក់​ចេញ​យុទ្ធនាការ «​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​» ដែល​ការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​ច្បារមន ជា​«​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​» តាម​រយៈ​ការ​ចូលរួម​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ចំណោម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​ក្នុង​ក្រុង​។

ក្នុង​នោះ ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ក៏​បាន​បញ្ជាក់​ថា​តាម​រយៈ​យុទ្ធនាការ​នេះ ការ​អនុវត្ត​វិធានការ​ហាម​ជក់​នៅ​កន្លែង​ដែល​ច្បាប់​ហាមឃាត់ ត្រូវ​បាន​លើកកម្ពស់​ការ​អនុវត្ត​បាន​ល្អ​ប្រសើរ និង​គួរ​ឱ្យ​កត់សម្គាល់​។ ជា​ពិសេស​ការ​បិទ​ស្លាក​ហាម​ជក់ ការ​មិន​សហការ​និង​មិន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ជាដើម នៅ​តាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍
​នានា​។

ដើម្បី​ជម្រុញ​ឱ្យ​ការ​អនុវត្ត​នេះ​ប្រព្រឹត្តិ​ទៅ​បាន​រលូន​និង​ឆាប់រហ័ស រដ្ឋលេខាធិការ​ក្រសួងទេស​ចរណ៍​ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពិសេស​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​អស់នេះ​ដល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេស​ចរណ៍​ត្រូវ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ឱកាស​ចូល​ឆ្នាំ​ខាង​មុខ​នេះ ដែល​នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ