ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រង​គ្រោះ​ព្រោះ​អគ្គិភ័យ​ជា​លើក​ទី​៣ ថៅកែ​រោងចក្រ​ផលិត​ពូក ពោល​ថា ខ្ញុំ​ហត់​ហើយ​ចង់​សម្រាក

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ពូក​សុខភាព​ក្រុមហ៊ុន JASMINE ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ពូក​សុខភាព​ក្រុមហ៊ុន JASMINE ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

ក្រោយ​ពី​មាន​គ្រោះ​អកុសល​នេះ ចែ សុខ​ហេង ដែល​ជា​ម្ចាស់​រោងចក្រ និង​ជា​អ្នកលក់​ចែកចាយ​ពូកម៉ាក​ខាងលើ បាន​ពោល​ពាក្យ​ដោយ​ខ្លី​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ៖ «​ខ្ញុំ​ហត់​ហើយ ចង់​សម្រាក តើ​កូនចៅ​ខ្ញុំ​ច្រើន​នាក់ ពួក​គាត់​បាន​អី​ហូប​» សូម​ជម្រាប​ជូន​ផង​ដែរ​ថា ចែ សុខ​ហេង​ថៅកែ​ពូក JASMINE នេះ បាន​ជួប​គ្រោះ​អគ្គិភ័យ​បែប​នេះ ចំនួន​៣​លើក​ទាំង​លើក​នេះ​ហើយ ។

ដោយឡែក​ការ​ឆាបឆេះ​នេះ ពុំ​ទាន់​ត្រូវ​បានដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅ​នៅឡើយ​ទេ ខណៈ​រហូត​មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នៅឡើយ​។ ប៉ុន្តែ​បើ​តាម​កម្មករ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នោះ បាន​អះអាង​ថា បណ្ដាល​មក​ពី​ការ​ផ្ទុះ​បំពង់​ពន្លត់​អគ្គិភ័យ ស្រាប់តែ​បង្ក​ជា​អណ្ដាតភ្លើង​ខ្ទាត​ធ្លាក់​អេ​ប៉ុង សម្រាប់​ផលិត​ពូក ហើយ​ក៏​មានការ​ឆាបឆេះ​រាល​ពេញ​ក្នុង​អគារ​រោងចក្រ​ទាំង​យ៉ាង​ឆាប់រហ័ស​តែ​ម្ដង ។

កម្មករ​បាន​និយាយ​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ពួក​គាត់​ត្រូវ​ធ្វើការ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ទើប​ចេញ ហើយ​ខណៈ​ពេល​កំពុង​តែ​ធ្វើការ​សុខ​ៗ ហើយ​នៅ​សល់​រយៈពេល​ជាង​កន្លះ​ម៉ោង​ទៀត​ប៉ុណ្ណោះ ត្រូវ​ដល់​ពេល​ឈប់​សម្រាក​ចេញ​ទៅ​ផ្ទះ​។ ស្រាប់តែ​ផ្ទុះ​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​រោងចក្រ​លាន់​ដូច​គ្រាបបែក បង្ក​ជា​អណ្ដាតភ្លើង​ធ្លាក់​លើ​អេ​ប៉ុង​សម្រាប់​ផលិត​ពូក ហើយ​ក៏​មានការ​ឆាបឆេះ​សន្ធោសន្ធៅ​បែប​នេះ​តែ​ម្ដង ហើយ​ភ្លាម​ៗ​នោះ ពួក​គាត់​មិន​អាច​ជួយ​ពន្លត់​ទាន់​ទេ ព្រោះ​វា​ឆេះ​លឿន​ពេក ដូច្នេះ​ពួក​គាត់​បាន​ត្រឹម​នាំ​គ្នា​រត់​ចេញ​ក្រៅ​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា​ប៉ុណ្ណោះ ព្រោះ​បើ​មុន​ប្រញាប់​រត់​ចេញ​ទេ ខ្លាច​ជាប់​គាំង​ចេញ​អត់​រួច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រោងចក្រ​ផលិត​ពូក​ខាងលើ​នោះ មាន​កម្មករ​-​កម្មការិនី បម្រើ​ការងារ​ប្រមាណ​ជាង​១០០​នាក់ ហើយ​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​នោះ ក្រុម​កម្មករ​ទាំងអស់​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​មិន​ទាន់​ឈប់​សម្រាក​នៅឡើយ ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម អាជ្ញាធរ និង​សមត្ថកិច្ច​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​កម្មករ ជា​ខ្លាំង ហើយ​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់ ទីតាំង​នោះ បាន​ធូរចិត្ត​វិញ ដោយ​បានឃើញ​កម្មករ កម្មការិនី​ទាំងអស់ បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​រួច​ដោយ​សុវត្ថិភាព ពុំ​មាន​អ្នក​ជាប់​គាំង​នៅ​ក្នុង​រោងចក្រ បណ្ដាល​ឲ្យ​រង​របួស ឬ ស្លាប់​នោះ​ឡើយ ។

សមត្ថកិច្ច​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អគារ​រោងចក្រ​ផលិត​ពូក​ខាងលើ ជា​ប្រភេទ​សំណង់​ថ្ម ប្រក់​ស័ង្កសី​ទំហំ ៤៥​ម៉ែត្រ គុណ ៥៥​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង រួម​ទាំង​ម៉ូតូ​ចំនួន​០៥​គ្រឿង ព្រមទាំង​សម្ភារៈ​ស្តុក​នៅ​ក្នុង​នោះ​ទាំងអស់ មិនតែប៉ុណ្ណោះ​ភ្លើង​បាន​ឆេះ​រាល​ដល់​ផ្ទះថ្ម​០១​ខ្នង នៅ​ជិត​នោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​១០%​ផង​ដែរ ។

ចំណែក​នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​នោះ អាជ្ញាធរ និង​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​រួម​មាន ៖
រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៤០​រថយន្ត ស្មើនឹង ១៦០​ម៉ែត្រគូប ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រសួង មហាផ្ទៃ​ចំនួន​០៤​គ្រឿង ប្រើប្រាស់​អស់​ចំនួន​០១​រថយន្ត ស្មើនឹង​០៦​ម៉ែត្រគូប​។ រថយន្ត​ពន្លត់​អគ្គិភ័យ កងពលតូច​លេខ​៧០ ចំនួន​០៤​គ្រឿង ប្រើប្រាស់​អស់​ចំនួន​០៦​រថយន្ត ស្មើនឹង​៦០​ម៉ែត្រគូប​។ រថយន្ត​ពន្លត់​អគ្គិភ័យ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ០១​គ្រឿង ប្រើប្រាស់​អស់​ចំនួន​០១ រថយន្ត​ស្មើនឹង​០៦​ម៉ែត្រគូប ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ទីក្រុង​ជ្រោយចង្វារ​ចំនួន​០២​គ្រឿង ប្រើប្រាស់​អស់​ចំនួន​០២ រថយន្ត​ស្មើនឹង​១២​ម៉ែត្រគូប ។ រថយន្ត​ពន្លត់​អគ្គិភ័យ បុរី​សង្ឃឹម​ថ្មី​ចំនួន​០២​គ្រឿង ប្រើប្រាស់​អស់​ចំនួន​០២​រថយន្ត​ស្មើនឹង​១២​ម៉ែត្រគូប ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​ចំនួន ០១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បុរី​ប៉េង​ហួត​ចំនួន​០២​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​ទេ ហើយ​ពន្លត់​រលត់​ទាំង​នៅ​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ ។

បើ​តាម​មហាជន​ជា​ច្រើន បាន​និយាយ​ថា ចែ សុខ ហេង ថៅកែ​ក្រុមហ៊ុន​ពូក​សុខភាព JASMINE នេះ​បាន​រង​គ្រោះ​ព្រោះ​អគ្គិភ័យ​ចំនួន​៣​លើក រួច​មក​ហើយ ដោយ​លើក​ទី​១ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ឆេះ​រោងចក្រ​ផលិត​ពូក​នៅ​ម្ដុំ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី រាជធានី​ភ្នំពេញ ទាំងស្រុង ។ លុះដល់​ឆ្នាំ​២០២៣ ឆេះ​ភូមិ​គ្រឹះ ស្ថិត​នៅ​ក្ន​ង​ភូមិ​កា​កាប សង្កាត់​កកាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខូចខាត​យ៉ាងដំណំ បង្ក​ឲ្យ​ខាតបង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ដោយឡែក​មក​ដល់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ពូក ជា​លើក​ទី​៣ បែប​នេះ​ទៀត ទើប​ថៅកែ​រូប​នេះ ពោល​ពាក្យ​ដោយ​ខ្លី​ប៉ុន្មាន​ម៉ាត់ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន​ថា ៖ «​ខ្ញុំ​ហត់​ហើយ​ចង់​សម្រាក តើ​កូនចៅ​ខ្ញុំ​ច្រើន​នាក់​ពួក​គាត់​បាន​អី​ហូប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ