ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងប្រកាសថ្កោលទោសធ្ងន់ៗទៅលើអ៊ុយក្រែនចំពោះការប៉ុនប៉ងធ្វើឃាតអាចារ្យសាសនាគ្រិស្តម្នាក់ដែលជាអ្នកមានទំនាក់ទំងជិតស្និទ្ធជាមួយលោកពូទីន។ ភ្នាក់ងារសម្ងាត់រុស្ស៊ី អែហ្វអែសប៊ី (FSB) ថ្លែងថាខ្លួនចាប់បានមនុស្ស២នាក់ដែលជាប់សង្ស័យពីបទរៀបចំផែនការធ្វើឃាតអាចារ្យរូបនេះតបតាមបញ្ជារបស់ភ្នាក់ងារសម្ងាត់អ៊ុយក្រែន។
គោលដៅនៃការធ្វើឃាតនេះគឺលោកអាចារ្យធីខន សេវឃូណូស (Tikhon Shevkunov) វ័យ៦៦ឆ្នាំ។ សារព័ត៌មានរុស្ស៊ីផ្សាយថាអាចារ្យរូបនេះមានទំនាក់ទំនងជាមួយលោកពូទីនតាំងពីទសវត្សទី៩០។ វិមានក្រឹមឡាំងប្រកាសថាលោកពូទីន និងអាចារ្យរូបនេះស្គាល់គ្នាជិតស្និទ្ធណាស់។ ក្រោយការចោទប្រកាន់នេះ អ្នកនាំពាក្យក្រុមសម្ងាត់យោធារបស់អ៊ុយក្រែនចេញមុខបដិសេធ។
កៀវចាត់ទុកថាការចោទប្រកាន់នោះគ្មានន័យ និងជាការនិយាយភូតកុហកតែប៉ុណ្ណោះ។ លោកអានដ្រេ យូសូហ្វ (Andriy Yusov) ជាអ្នកនាំពាក្យអគ្គនាយកដ្ឋានផ្នែកស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន។ លោកថ្លែងថាយើងធ្វើសង្គ្រាមស្របទៅតាមច្បាប់សង្គ្រាម និងច្បាប់អន្តរជាតិ។ លោកចង់មានន័យថាមិនលួចធ្វើឃាតគេពីក្រោយខ្នងទេ។
ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងយល់ផ្សេងពីនេះ។ ក្រឹមឡាំងយល់ថានេះជាការបញ្ជាក់ច្បាស់ថារបបដឹកនាំនៅទីក្រុងកៀវអ្វីក៏ហ៊ានធ្វើដែរ។ ប៉ុន្តែពួកគេអស់លក្ខណ៍នៅក្នុងផែនការលើកនេះ។ សូមរំលឹកថាកាលពីឆ្នាំ២០២៣ អាចារ្យដែលសង្ស័យថាត្រូវគេប៉ងធ្វើឃាតនោះត្រូវបានតែងតាំងជាមន្ត្រីសាសនាជាន់ខ្ពស់នៅតំបន់គ្រីម៉េ។ ទីនោះធ្លាប់ជាទឹកដីអ៊ុយក្រែន ហើយត្រូវរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤។
ឥឡូវនេះ ភ្នាក់ងារសម្ងាត់រុស្ស៊ីឃុំខ្លួនជនសង្ស័យទាំង២នាក់នោះហើយ។ រុស្ស៊ីថាអ្នកទាំងនេះត្រូវបានចាត់តាំងដោយភ្នាក់ងារសម្ងាត់អ៊ុយក្រែនកាលពីពាក់កណ្ដាលឆ្នាំ២០២៤។ រុស្ស៊ីថាខ្លួនរឹបអូសបានវត្ថុតាងជាគ្រឿងផ្ទុះ និងលិខិតឆ្លងដែនក្លែងក្លាយចំនួន២។ ម្នាក់ក្នុងចំណោមជនសង្ស័យទាំង២នាក់នោះជាអាចារ្យជនជាតិរុស្ស៊ីនៅព្រះវិហាទីក្រុងម៉ូស្គូ។ ម្នាក់ទៀតជាជនជាតិអ៊ុយក្រែនដែលកើតនៅទីក្រុងឆឺននីវស៊ី (Chernivtsi) និងជាជំនួយការរបស់អាចារ្យដែលគេប៉ងធ្វើឃាត។
អាជ្ញាធររុស្ស៊ីបានផ្សព្វផ្សាយរូបវីឌីអូឃ្លីបដែលបង្ហាញចម្លើយសារភាពរបស់បុរសទាំង២នាក់នោះលាតត្រដាងនូវផែនការសម្ងាត់របស់ពួកគេ។ ប៉ុន្តែចម្លើយសារភាពនោះមិនទាន់ដឹងថាចេញពីដួងចិត្តស្មោះឬយ៉ាងណាទេព្រោះពួកគេនិយាយរអាក់រអួល និងស្ទាក់ស្ទើរហាក់ដូចជាត្រូវគេបង្ខំ និងធ្វើទារុណកម្ម។ ជនសង្ស័យម្នាក់ថ្លែងនៅក្នុងវីឌីអូថាគេចាត់តាំងឱ្យគាត់តាមដានរាល់សកម្មភាពរបស់លោកអាចារ្យសេវឃូណូស (Shevkunov)។ គាត់ត្រូវគេគំរាមសម្លាប់ចោលមួយពូជបើមិនធ្វើតាមបញ្ជាគេ។ ក្រោយមក គេបានបញ្ជាឱ្យគាត់រកដៃគូម្នាក់ទៀតដើម្បីកម្ចាត់លោកអាចារ្យសេវឃូណូសចោល៕
ចែករំលែកព័តមាននេះ