ទីក្រុងឡុង៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកខៀស្តាមើ (Keir Starmer) បានអញ្ជើញថ្នាក់ដឹកនាំរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំដែលមិនមែនជាសមាជិក EU ប៉ុន្តែនៅទ្វីបអឺរ៉ុបដូចគ្នាសរុបរាប់សិបនាក់ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី២ ខែមីនាខាងមុខនេះ។ គោលបំណងធំនៃគម្រោងជួបប្រជុំនេះដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន និងការពារសន្តិសុខជាតិរបស់អឺរ៉ុបផ្ទាល់។
មុនពេលមានកិច្ចជំនួបធំ លោកស្តាមើនឹងធ្វើជាគណៈអធិបតីនៃកិច្ចប្រជុំបណ្ដាប្រទេសនៅតំបន់បាល់ទិច (ឡាតវី អេស្តូនី និងលីទុយអានី)។ បន្ទាប់មក លោកនឹងទទួលស្វាគមន៍វត្តមានរបស់ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ដែលនឹងទៅបំពេញទស្សនកិច្ចនៅវិមានដោននីងស្ទ្រីត (Downing Street) ដែលជានិវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស។ ប្រធានបទសំខាន់នៃជំនួបទ្វេភាគីរវាងអង់គ្លេស និងអ៊ុយក្រែននោះនឹងផ្ដោតសំខាន់ទៅលើបញ្ហាសង្គ្រាមអ៊ុយក្រែន។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបញ្ជាក់ថាលោកស្តាមើនឹងប្រើប្រាស់ឱកាសជួបគ្នាកម្រិតកំពូលរបស់ពួកអឺរ៉ុបដើម្បីដាក់ចេញវិធានការរបស់អឺរ៉ុបនៅក្នុងបញ្ហាអ៊ុយក្រែន។ នេះជាការឆ្លុះបញ្ចាំងពីការគាំទ្រជាសមូហភាពរបស់អឺរ៉ុបដើម្បីឱ្យមានសន្តិភាពដោយយុត្តិធម៌ និងយូរអង្វែង និងជាកិច្ចព្រមព្រៀងដែលបញ្ចប់អ្វីៗគ្រប់យ៉ាងជាស្ថាពរ។ តាមរយៈនេះ ពួកគេសង្ឃឹមថាអ៊ុយក្រែននឹងមានអធិបតេយ្យភាពជាតិ និងសន្តិសុខជាតិពេញលេញនាពេលអនាគត។
ខុទ្ទកាល័យរបស់លោកស្តាមើបង្ហើបឱ្យដឹងថាអង់គ្លេសបានអញ្ជើញថ្នាក់ដឹកនាំទូទាំងទ្វីបអឺរ៉ុបដែលមានជាអាទិ៍បារាំង អាល្លឺម៉ង់ ដាណឺម៉ាក អ៊ីតាលី តួកគី អង្គការណាតូ និងប្រធានស្ថាប័នធំៗរបស់សហភាពអឺរ៉ុបដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងឡុងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ គួរកត់សម្គាល់ថាគម្រោងកោះប្រជុំនេះធ្វើឡើងបន្ទាប់ពីលោកស្តាមើទើបតែជួបលោកត្រាំនៅសេតវិមាន។
មើលទៅជំនួបនោះប្រហែលជាមិនអាចកែប្រែជំហររបស់លោកត្រាំបានឡើយ។ ទាំងអង់គ្លេស និងបារាំងបាននិយាយបញ្ចុះបញ្ចូលឱ្យលោកត្រាំជួយការពារសន្តិសុខជាតិរបស់អ៊ុយក្រែន។ ប៉ុន្តែលោកត្រាំបញ្ជាក់រួចហើយថាលោកមិនអាចធ្វើតាមសំណូមពរនេះបានឡើយ។ លោកទុកលទ្ធភាពជូនទៅអឺរ៉ុបជាអ្នកធ្វើកិច្ចការនេះក្នុងនាមជាប្រទេសជិតខាងរបស់អ៊ុយក្រែន។
ដោយឡែក គម្រោងជួបគ្នានៅអង់គ្លេសនោះនឹងបន្តពិភាក្សានូវកិច្ចជំនួបកាលពីវគ្គមុននៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលផ្ដួចផ្ដើមឡើងដោយលោកម៉ាក្រុងកាលពីដើមខែកុម្ភៈ។ អឺរ៉ុបចង់ធ្វើយ៉ាងណាឱ្យអ៊ុយក្រែនមានជំហររឹងមាំ។ ដូច្នេះពួកគេនឹងបន្តផ្ដល់ការគាំទ្រផ្នែកយោធា និងបន្តដាក់សម្ពាធសេដ្ឋកិច្ចឱ្យរឹតតែខ្លាំងក្លាទៅលើប្រទេសរុស្ស៊ី៕
ចែករំលែកព័តមាននេះ