ក្រសួងអប់រំ ៖ គ្មានការបិទកម្មវិធីសាលារៀនជំនាន់ថ្មី តែលុបចោលកម្មវិធីសិក្សាទំនើប
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោល…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោល…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោល តែកម្មវិធីសិក្សាទំនើប នៅតាមបណ្តាសាលារដ្ឋមួយចំនួន តែប៉ុណ្ណោះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃ២៨ កុម្ភៈ បានឲ្យដឹងថា ការចេញមកបញ្ជាក់នេះ ដោយសារក្នុងពេលថ្មីៗនេះមានការយល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និបាតបិទក្រសួងអប់រំ កាលពីថ្ងៃ២៦ កុម្ភៈ បានប្រកាសបិទចោលកម្មវិធីសិក្សាទំនើប ព្រោះមានស្តង់ដារ ដែលនាំឲ្យមានការរើសអើងគ្នា ។
ទន្ទឹមនឹងមិនបិទចោល ក្រសួងក៏បាននឹងបន្ថែមកម្មវិធីថ្មីៗទៀត ទៅលើសាលាជំនាន់ថ្មីទៀតផងដែរ។ កុំឲ្យមានការយល់ច្រឡំ ក្រសួងបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន១៤ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។
ក្រសួងបានបន្តថា សាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងអប់រំ ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមាន គុណភាពខ្ពស់។ ក្នុងនោះ សាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល ។
សាលារៀនជំនាន់ថ្មី បានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យសតវត្ស ទី២១ អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាចឱ្យគ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេស ។
ជាមួយគ្នានោះដែរ ក្រសួងនឹងពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីបន្ថែមទៀត តាមលទ្ធភាពថវិកា ដើម្បីផ្តល់ឱកាសដល់ សិស្សក្នុងការទទួលការអប់រំប្រកបដោយគុណភាពខ្ពស់ សមធម៌ និងគ្មានការរើសអើង ។
ក្រសួងអប់រំ គូសបញ្ជាក់យ៉ាងច្បាស់ៗថា នឹងលុបចោលនូវការអនុវត្ត «កម្មវិធីសិក្សាទំនើប» ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន នៅតាមសាលាបឋមសិក្សាចំនួន១៨ មានសិស្ស ចំនួន៤,៣០០នាក់ កំពុងសិក្សារៀនសូត្រ ក្នុងរូបភាពជាកិច្ចសហការរវាងផ្នែកឯកជន ជាមួយនឹងសាលារៀនផ្ទាល់ និងមិនស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួង។ កម្មវិធីនេះ អនុវត្តខុសពីនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបង្កើតឱ្យមានការរើសអើងរវាងសិស្ស ដែលកំពុងសិក្សាក្នុងថ្នាក់តែមួយ ដែលមានលទ្ធភាពបង់ប្រាក់ និងសិស្ស ដែលគ្មានលទ្ធភាព បង់ប្រាក់ ព្រមទាំងបង្កើតឱ្យមានស្តង់ដាពីរ ក្នុងសាលារៀនតែមួយ ។
ដើម្បីបន្តផ្តល់ការអប់រំ ប្រកបដោយគុណភាព នៅតាមសាលាបឋមសិក្សាខាងលើ ក្រសួងកំពុងស្វែងរកថវិកា ដើម្បីទទួលយក “កម្មវិធីសិក្សាទំនើប និងផ្តល់ឱកាសដល់សិស្ស ១០០ ភាគរយ ក្នុងសាលាសិក្សារៀនសូត្រ តែម្តង” ៕
ចែករំលែកព័តមាននេះ