ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ម្នាក់​ត្រៀមខ្លួន​ចេញ​ស៊ីឈ្នួល​លាងចាន​ឲ្យ​គេ ក្រោយ​ពី​មាន​ជនប្រដាប់អាវុធ​១​ក្រុម សម្រុកចូល​ផ្ទះ​គាត់​ប្លន់​យក​លុយ​អស់​៤០​ម៉ឺន​រៀល ដែល​ទុក​សម្រាប់​បង់​ធនាគារ

19 ម៉ោង មុន

ខេត្តបាត់ដំបង ៖ គួរ​ឲ្យ​ខ្លោចផ្សា​ក្នុង​ចិត្ត​អាណិត ស្ត្រី​មេម៉ាយ​ម្នាក់ ជាទី​បំផុត នៅ​ពេល​ស្ដាប់​ការ​រៀបរាប់​របស់​គាត់​ពី​សកម្មភាព​ជនប្រដាប់អាវុធ​មួយ​ក្រុម ក្នុង​ឯកសណ្ឋាន​ស៊ី​វិល បាន​សម្រុកចូល​ក្នុង​លំនៅ​ឋាន ដ៏​ទុរគត​របស់​គាត់ ទាំង​ថ្ងៃ…

ខេត្តបាត់ដំបង ៖ គួរ​ឲ្យ​ខ្លោចផ្សា​ក្នុង​ចិត្ត​អាណិត ស្ត្រី​មេម៉ាយ​ម្នាក់ ជាទី​បំផុត នៅ​ពេល​ស្ដាប់​ការ​រៀបរាប់​របស់​គាត់​ពី​សកម្មភាព​ជនប្រដាប់អាវុធ​មួយ​ក្រុម ក្នុង​ឯកសណ្ឋាន​ស៊ី​វិល បាន​សម្រុកចូល​ក្នុង​លំនៅ​ឋាន ដ៏​ទុរគត​របស់​គាត់ ទាំង​ថ្ងៃ រួច​រើ កកាយ «​ប្លន់​» យក​លុយ​គាត់​អស់​ចំនួន ៤០​ម៉ឺន​រៀល ជា​លុយ​ដែល​គាត់​ទើប​ខ្ចី​ពី​គេ​បាន ដើម្បី​ត្រៀម​ទុក​សម្រាប់​បង់​ធនាគារ ។

ក្រោយ​ពី​បែកធ្លាយ នូវ​ព័​ត៏​មាន​នេះ កោះសន្តិភាព​បាន​ចុះ​ទៅ​ជួប​សម្ភាស​ន៏ ផ្ទាល់​ជាមួយ​ស្ត្រី​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​នេះ នៅផ្ទះ​របស់​គាត់ ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ និល នឿ​ន អាយុ​៥៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ទីទាល់​ក្រីក្រ មានកូន​ចំនួន​០៦​នាក់ ក្នុង​នោះ មាន​០៥​នាក់ ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ ដែល​គាត់​ត្រូវ​ទ​ទូល​ខុស​ត្រូវ ខណៈ​មាន​ម្នាក់​មានគ្រួសារ​ហើយ ។

អង្គុយ​លើ​អង្រឹង ក្រោម​ម្លប់​ដើម​ក្រខុប​ខាង​មុខ​ផ្ទះ ស្ត្រី​មេម៉ាយ​ដ៏​កំសត់​រូប​នេះ បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​ពី​សកម្មភាព នៃ​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើងខ្លី ស្ទើរ​គ្រប់​ដៃ​ផង បាន​សម្រុកចូល​ផ្ទះ​គាត់ ហើយ​ដេញចាប់​កូនប្រុស​គាត់​ម្នាក់ ពេញ​ចម្ការពោត​ខាងក្រោយ​ផ្ទះ ។

ជុំវិញ​សកម្មភាព​ក្រុម​ជន​ស៊ី​វិល កាន់​កាំភ្លើងខ្លី​ពេញដៃ សម្រុកចូល​ផ្ទះ​ស្ត្រី​មេម៉ាយ​ទាំង​ថ្ងៃនេះ បើ​តាម​អ្នកស្រី និល នឿ​ន ដែល​ជា​ម្ចាស់ផ្ទះ បាន​ប្រាប់​ថា ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១១ កុម្ភៈ ចន្លោះ​ពី​ម៉ោង​៣​ទៅ​ម៉ោង​៥​ល្ងាច នៅផ្ទះ​របស់​គាត់ ដែល​ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ​។

បង្ហាញ​ទឹកមុខ​ស្លេកស្លាំង ជាមួយនឹង​កាយវិការ​ឆ្វេង​ស្ដាំ​ផង អ្នកស្រី និល នឿ​ន បាន​និយាយ​ដូច្នេះ​ថា ៖ «​ខ្ញុំ​មិន​ស្ថិត​ក្នុង​រឿង​នេះ​ទេ ពេល​កើតហេតុ ព្រោះ​ខ្ញុំ រវល់​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​នៅ​ក្នុងភូមិ​។ ក្រោយ​ពេល​កើតហេតុ​បន្តិច អ្នក​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​ម្នាក់ ដែល​ឃើញ​ហេតុ​ការ​ណ៏​នេះ បានរ​ត់ទៅ​ប្រាប់​ខ្ញុំ ទើប​ខ្ញុំ​ដឹង​រឿង​នេះ​។ ពេល​ខ្ញុំ​មក​ដល់​ផ្ទះ កូនប្រុស​ពៅ​របស់ខ្ញុំ បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​» ។

គាត់​បាន​និយាយ​បន្ត​ទៀត ដោយ​ស្រង់​សម្ដី​កូនប្រុស​ពៅ​គាត់ ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ ដោយ​រៀបរាប់​ថា «​កូនប្រុស​ពៅ​ខ្ញុំ អាយុ​១៦​ឆ្នាំ កំពុង​អង្គុយ​នៅ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះ បានឃើញ​ផ្ទាល់​ភ្នែក​ពី​សកម្មភាព​ក្រុម​ប្រដាប់​អាវុធ​នេះ តែ​ត្រូវ​គេ​ស្រែក​គំរាម​មិន​ឲ្យ​កម្រើក ឬ​ដើរ​ចេញពី​កន្លែង​អង្គុយ​ឡើយ​។ វា​និយាយ​ប្រាប់​ខ្ញុំ​ថា មនុស្ស​មួយ​ក្រុម ដែល​មាន​គ្នា​ប្រមាណ​ពី​៥ ទៅ​៦​នាក់ បើករថយន្ត​មក​ឈប់​ខាង​មុខ​ផ្ទះ រួច​ចុះ​ទៅ​ដេញចាប់​កូនប្រុស​ខ្ញុំ​ម្នាក់​ទៀត តែ​ចាប់​មិន​បាន​ទេ ព្រោះ​វា​រត់​ចូល​ចម្ការពោត​បាត់​។ ប៉ុន្តែ​វា បាន​បញ្ជាក់​ថា មាន​អ្នកខ្លះ ដេញចាប់​បង​វា រីឯ ប៉ុន្មាន​នាក់​ទៀត ចូល​ឆែកឆេរ​ក្នុងផ្ទះ ហើយ​គំរាម​មិន​ឲ្យ​វា​ចូល​តាម​ទេ​» ។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​កូនប្រុស​គាត់ និយាយ​ដល់​រឿង​គេ​ចូល​ឆែកឆេរ​ក្ន​ង​ផ្ទះ ធ្វើ​ឲ្យ​គាត់​ភ្ញាក់ខ្លួន​ព្រឺ​ត ប្រហោង​ពោះ​ធ្លុង ហើយ​ក៏​ស្ទុះ​ចូល​ទៅ​រក​មើល​លុយ​របស់​គាត់ ចំនួន​៤០​ម៉ឺន​រៀល ដែល​គាត់​លាក់​ទុក​ក្នុង​ស្រោមខ្នើយ សម្រាប់​បង់​ធនាគារ​។ គ្រាន់តែ​ចូល​ដល់​ក្នុងផ្ទះ​ភ្លាម គាត់ ស្ទើរ​ធ្លាក់​ថ្លើម​ក្ដុក នៅ​ពេល​ឃើញ ខ្នើយ ភួយ មុង នៅ​លើ​គ្រែ​មាន​សភាព​រប៉ាត់រប៉ាយ លុះ​គាត់​រក​មើល​លុយ ក្នុង​ស្រោមខ្នើយ បាត់​អស់រលីង សល់​តែ​ឯកសារ​បំណុល​ធនាគារ​។ គាត់​ស្រក់​ទឹកភ្នែក ដោយ​មិនដឹង​ខ្លួន ព្រោះ​បាត់​លុយ​ចំនួន​៤០​ម៉ឺន​រៀល ដែល​ទុក​សម្រាប់​បង់​ធនាគារ ។

លើកដៃ​ជូត​ទឹកភ្នែក រួច​ពោល​ទាំង​អ៊ូ​ល​ដើម​ក ដូច្នេះ​ថា ៖ «​ខ្ញុំ​ជំពាក់​ប្រាក់​ធនាគារ ចំនួន​១៨​លាន​រៀល តាំងពី​ប្ដី​ខ្ញុំ មិន​ទាន់​ស្លា​.​ប់ កាលពី​អំឡុង ខែកុម្ភៈ ឆ្នាំ​២០២៤​។ ហើយ​ប្រាក់​ចំនួន ៤០​ម៉ឺន​រៀល ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ ចូល​ប្លន់​យក​អស់នោះ គឺ​ខ្ញុំ​ទើប​ខ្ចី​ពី​អង្គការ ចំនួន​០២​ទៀត ដើម្បី​ទុក​សម្រាប់​បង់​ធនាគារ ដែល​ជា​ម្ចាស់បំណុល​ធំ​» ។

ស្ត្រី​រង​គ្រោះ​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ថា ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​នោះ គាត់​ទើប​ខ្ចី​ពី​អង្គការ​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ហើយ​ត្រៀម​យក​ទៅ​បង់​ធនាគារ ដែល​ជា​ម្ចាស់បំណុល​ធំ នៅ​ព្រឹក​ថ្ងៃ​ទី ១២ កុម្ភៈ ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​យក​ទៅ​បង់​ផង ស្រាប់តែ​នៅ​រសៀល​ថ្ងៃ ដែល​ខ្ចីប្រាក់​គេ​នោះ ត្រូវ​ក្រុម​ជន​អន្ធពាល​សម្រុកចូល​ផ្ទះ​គាត់ «​ប្លន់​» យក​អស់​។ មិនតែប៉ុណ្ណោះ សូ​ម្បី​ទូរ​សព្ទ​កញ្ចាស់​មួយ​គ្រឿង ដែល​ទុកជា​មួយ​ប្រាក់ ក៏​វា​យក​ទៅ​ដែរ ។

ក្រោយមក គាត់​បាន​អោប​ខ្នើយ ដែល​លាក់​ទុក​លុយ​នោះ រត់​ទាំង​ទឹកភ្នែក ទៅ​ជម្រាប​លោក​មេ​ភូមិ ដល់​ផ្ទះ ឲ្យ​ជួយ​អន្តា​គម​ន៏ តែ​លោក​មេ​ភូមិ​បដិសេធ មិន​ទ​ទូល​ដឹង​ឮ​ទេ ថែម​ទាំង​ព្រមាន​គាត់ មិន​ឲ្យ​ប្ដឹង​ទៀត​ផង​។ គាត់​ក៏​ដើរ​អោប​ខ្នើយ​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​ក្ដី​អស់សង្ឃឹម លាយឡំ​ជាមួយនឹង​ទឹកភ្នែក​រលីងរលោង ។

ស្ថិត​ក្នុង​ក្ដី​អស់សង្ឃឹម​ធ្ងន់ធ្ងរ​បែប​នេះ គាត់​បាន​ពោល​ដូច្នេះ​ថា ៖ «​តើ​ខ្ញុំ​បាន​ប្រាក់​ពី​ណា យក​ទៅ​បង់​ធនាគារ ? រហូត​មក​ដល់​ពេល​នេះ ប្រាក់​៤០​ម៉ឺន​រៀល ដែល​ទើប​ខ្ចី​ពី​អង្គការ ក៏​គ្មាន​សង​គេ​វិញ​ដែរ ? រីឯ​ប្រាក់​សម្រាប់​បង់​ធនាគារ ក៏​អត់​មាន​បង់​ឲ្យ​គេ​ទៀត ? ឥឡូវ​ហូ​ស​ថ្ងៃ​បង់​ធនាគារ​ប្រហែល​កន្លះ​ខែ​ហើយ នៅ​តែ​គ្មាន​ប្រាក់​០១​សេន យក​ទៅ​បង់​ឲ្យ​គេ​ដដែល​។ ខ្ញុំ​ពិបាកចិត្ត​ណាស់​» ។

ជុំវិញ​សកម្មភាព​ក្រុម​ខ្មាន់កាំភ្លើង​សម្រុកចូល «​ប្លន់​» យក​លុយ​៤០​ម៉ឺន​រៀល ក្នុងផ្ទះ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ខាងលើ​នេះ មាន​សាក្សី​ជា​ច្រើន​នៅ​ក្នុងភូមិ សុទ្ធតែ​អះអាង​ថា «​បានឃើញ​សកម្មភាព​របស់​ក្រុម​ជន​ស៊ី​វិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​នោះ​» តែ​គេ​មិន​ស្គាល់ ។

អ្នក​ភូមិ​ម្នាក់ ដែល​បានឃើញ​ផ្ទាល់​ភ្នែក ថែម​ទាំង​បានរ​ត់ទៅ​ប្រាប់​ស្ត្រី​រង​គ្រោះ ជា​ម្ចាស់ផ្ទះ​ផង គឺ​ឈ្មោះ គង់ ទូច ស្រី​វ័យ​៧០​ឆ្នាំ បាន​និយាយ​ថា គាត់​ហាក់​មិន​ស្គាល់​មនុស្ស​មួយ​ក្រុម​នោះ​ទេ​។ គាត់​ឃើញ​ក្រុម​នោះ មាន​មនុស្ស​មួយ​ចំនួន​បាន​ដេញចាប់​ក្មេង​ប្រុស​ម្នាក់ ផ្អើល​ពេញ​ចម្ការពោត​ខាងក្រោយ​ផ្ទះ ហើយ​ឮ​គេ​ស្រែ​កថា «​ចាប់ចោរ​» តែ​គាត់​មិនដឹង​គេ​តាម​ចាប់​នរណា​ទេ​។ ប៉ុន្តែ​នៅ​ពេល​គាត់​ដើរមក​មើល និង​សួរនាំ​គេ ទើប​ដឹង​ថា គេ​ដេញចាប់​ឈ្មោះ នុ​ន ជា​កូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ ហើយ​គាត់​បានរ​ត់ទៅ​ហៅ​ស្ត្រី​រង​គ្រោះ​ឲ្យ​មក​ផ្ទះ​មើល​កូន ។

ដោយឡែក​សាក្សី​សំខាន់ និង​ជា​កូនប្រុស​ពៅ​ម្ចាស់ផ្ទះ​ផង ឈ្មោះ ធី រ៉ា​ក់ អាយុ​១៦​ឆ្នាំ បាន​និយាយ​ថា មុន​ពេល​កើតហេតុ ខ្លួន​កំពុង​អង្គុយ​នៅ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះ​។ ពេល​នោះ​បងប្រុស​ខ្លួន​ឈ្មោះ ធី នុ​ន ក៏​ជិះ​ម៉ូតូ​មក​ដល់​ឈប់​ខាង​មុខ​ផ្ទះ ស្រាប់តែ​ភ្លាម​ៗ ក៏​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កា​មេ​រី ព​ណ៏​ទឹកប្រាក់ បាន​បើក​ពីក្រោយ​មក​ឈប់​ខាង​មុខ​ផ្ទះ​ខ្លួន​ភ្លាម​ៗ​ដែរ ។

សាក្សី​រូប​នេះ​បាន​ប្រាប់​ថា ភ្លាម​ៗ​នោះ ខ្លួន​ឃើញ​មនុស្ស​មួយ​ក្រុម មាន​គ្នា​ពី​៥​ទៅ​៦​នាក់ ចុះ​ស្រូត​ដេញចាប់​បងប្រុស​ខ្លួន ផ្អើល​រត់​ចូល​ចម្ការពោត​ក្រោយ​ផ្ទះ តែ​ចាប់​មិន​បាន​ទេ ហើយ​ខ្លួន​ក៏​មិនដឹង​ថា មានរឿង​អ្វី​កើតឡើង​ដែរ តែ​ពួក​គេ​សុទ្ធតែ​មាន​កាន់​កាំភ្លើងខ្លី​ក្នុង​ដៃ​។ ប៉ុន្តែ​ពេល​នោះ​ខ្លួន​ឃើញ​មួយ​ក្រុម​ដេញ​តាម​ចាប់​បងប្រុស​ខ្លួន រីឯ​មួយ​ក្រុម​ទៀត បាន​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​ខ្លួន​។ អ្នក​ចូល​ក្នុងផ្ទះ​នោះ គំរាម​ខ្លួន​មិន​ឲ្យ​ដើរទៅ​ណា ឬ ដើរ​តាម​ពួក​គេ​ឡើយ ពេល​ចូល​ក្នុងផ្ទះ គឺ​គំរាម​ឲ្យ​ខ្លួន​អង្គុយតែ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះ រហូត​គេ​ឆែកឆេរ​ក្នុងផ្ទះ​រួច ទើប​ពួក​គេ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ចេញ​ឆ្ពោះទៅ​ទិស​ខាងលិច​បាត់​តែ​ម្ដង ។

កូនប្រុស​ជន​រង​គ្រោះ​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពេល​មនុស្ស​មួយ​ក្រុម​នោះ ចេញ​ផុត ខ្លួន​ក៏​មិន​ទាន់​បាន​ចូល​ក្នុងផ្ទះ​ដែរ ព្រោះ​កំពុង​មាន​អ្នក​ភូមិ​មក​ចោមរោម​សួរនាំ ហើយ​ម្ដាយ​របស់​ខ្លួន ក៏​មក​ដល់​ភ្លាម​ៗ​ដែរ​។ គាត់​បាន​ដើរ​ចូល​ក្នុងផ្ទះ ក្រោយ​ខ្លួន​និយាយ​ប្រាប់​ពី​រឿងរ៉ាវ ដែល​បាន​កើតឡើង​។ បន្តិច​ក្រោយមក ក៏​ឮ​គាត់​ស្រែក​ប្រាប់​ថា «​បាត់​លុយ​អស់ហើយ​» ។

ភ្នាក់ងារ​កោះសន្តិភាព បាន​សួរ​ទៅ​កូនប្រុស​ពៅ​ម្ចាស់ផ្ទះ​ថា ៖ តើ​ប្អូន​ជា​អ្នក​យក​លុយ​៤០​ម៉ឺន​រៀល​នោះ​ទេ​ដឹង នៅ​ពេល​ក្រុម​ប្រដាប់​អាវុធ​ចេញ​ផុត ? ធី រ៉ា​ក់ គ្រវីក្បាល​ហើយ​បដិសេធ​ថា ៖ «​ខ្ញុំ​មិន​បានដឹង ហើយ​ក៏​មិន​បាន​យក​ដែរ សូ​ម្បី​ក្នុងផ្ទះ ក៏​ខ្ញុំ​មិន​បាន​ចូល​ផង ក្រោយ​កើតហេតុ​» ។
ភ្នាក់ងារ​កោះសន្តិភាព សួរ​ថា ៖ តើ​ប្អូន​មាន​ស្គាល់​ភិនភាគ​មនុស្ស​មួយ​ក្រុម​នោះ​ទេ ? ធី រ៉ា​ក់ បដិសេធ​ទៀត​ថា ៖ «​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ទេ ហើយ​ក៏​ដឹង​មូលហេតុ ដែល​គេ​តាម​ចាប់​បងប្រុស​ខ្ញុំ​ដែរ​» ។

តាម​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ខ្លះ​ទៀត បាន​ធ្វើ​សន្និដ្ឋាន​បែប​ស្មាន​ៗ​ថា ជន​ស៊ី​វិល​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​ស្ទើរ​គ្រប់​ដៃរ​នោះ គេ​សង្ស័យ​ជា​កម្លាំង​សមត្ថកិច្ច តាម​ចាប់​ឈ្មោះ ធី នុ​ន ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ ព្រោះ​ឈ្មោះ នុ​ន នេះ​ធ្លាប់​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ប៉ុន្តែ​អ្វី​ដែល​ជា​ច​ម្ង​ល់ ៖ បើ​តាម​ចាប់​បទល្មើស​គ្រឿងញៀន ហេតុ​អ្វី​បានជា​ចូល​ឆែក​ផ្ទះ​គេ ហើយ​លួច​យក​លុយ និង​ទូរ​សព្ទ​គេ​ទៀត ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ? មិនមែន​មាន​តែ​មួយ​ករណី​នេះ​ទេ ដែល​ក្រុម​ខ្មាន់កាំភ្លើង​មួយ​ក្រុម​នេះ បាន​ធ្វើ​សកម្មភាព​ដេញចាប់​មនុស្ស ដែល​អ្នក​ភូមិ​មិនដឹង​មូលហេតុ ។

សាក្សី​ស្ទើរ​ពេញ​ភូមិ រួម​ទាំង​ជន​រង​គ្រោះ ដែល​បាន​ជួប​ផ្ទាល់​ម្នាក់​ទៀត​ផង បាន​ចេញ​មុខ​ទម្លាយ​រឿង​នេះ ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ពេល​ជួប​សម្ភាស​ន៏​ជាមួយ​ស្ត្រី​ម៉េ​ម៉ា​យ​រង​គ្រោះ​ខាងលើ ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ រិ​ន ភាព នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ ស្ត្រី​មេម៉ាយ​ខាងលើ បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ​ដែរ មាន​ជន​ស៊ី​វិល​មួយ​ក្រុម ដែល​មាន​ភិន​ភាព​ដូច​ក្រុម​ខាងលើ​នេះ បាន​ដេញចាប់​បុរស​ម្នាក់ ពេល​ជិះ​ម៉ូតូ​ចូល​ម្ដុំ​ផ្ទះ​ឪពុកក្មេក​ខ្លួន តែ​ចាប់​មិន​បាន ព្រោះ​បុរស​នោះ​រត់​រួច ហើយ​ក៏​គេ​មិនដឹង​មានរឿង​អ្វី​ដែរ ។

គាត់​និយាយ​ទៀត​ថា ពេល​ចាប់​គេ​មិន​បាន ក្រុម​ជន​ស៊ី​វិល​នោះ​បាន​សួរនាំ និង​ឆែកឆេរ​ផ្ទះ​ឪពុកក្មេក​គាត់​ដូច​គ្នា​។ មិនតែប៉ុណ្ណោះ ក្រុម​នោះ​ឈាន​ទៅ​សួរនាំ​គាត់ និង​ប្ដី​គាត់​ដល់​ផ្ទះ​គាត់​ទៀត​។ គាត់​ប្រាប់​ថា ពេល​នោះ មាន​ម្នាក់ ស្រែក​សំឡុត​ដេញ​គាត់​ឲ្យ​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ជន​នោះ ក៏​ឡើង​តាម​ក្រោយ​។ ពេល​ដល់​លើ​ផ្ទះ ស្រាប់តែ​ជន​ម្នាក់​នោះ ចាប់​ទាញ​កាបូប​គាត់​មក​ឆែកឆេរ ស្រប​ពេល​ប្ដី​គាត់​ឃើញ​សកម្មភាព​ទុច្ចរិត​បែប​នេះ ក៏​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​។ ក្រោយ​ឃើញ​ប្ដី​គាត់​ស្រែកហៅ​អ្នក​ភូមិ ក្រុម​ជន​ស៊ី​វិល​ប្រដាប់​ដោយ​កាំភ្លើង​នោះ ក៏​នាំ​គ្នា​រត់​ចូល​ឡាន​បើក​ចេញ​ទៅ​បាត់ ។

យើង​ងាក​មក​និយាយ​ពី​ស្ថានភាព​ស្ត្រី​មេម៉ាយ​ដ៏​កំសត់ ឈ្មោះ និល នឿ​ន ជា​ថ្មី​ម្ដងទៀត បើ​ពិនិត្យ​លើ​ស្ថានភាព និង​ជីវភាព​រស់នៅ​របស់​គាត់ ហាក់​កំពុង​ត្រ​ដាប់​ត្រ​ដូ​ស ជាទី​បំផុត​។ ជាមួយនឹង​ជម្រក​ផ្ទះ​ទៀម លើ​ទំហំ​ផ្ទៃដី​តូច​មួយ គ្មាន​ទេ​ទ្រព្យសម្បត្តិ​ជា​ដុំ​កំភួន​។ ដោយ​យោង​លើ​អំណាស់អំណាង​ពី​អ្នក​ភូមិ​ផង ស្ត្រី​មេម៉ាយ ដែល​មានកូន​ចំនួន​០៥​នាក់ ជា​បន្ទ​ក​រូប​នេះ ហាក់​រស់នៅ​ក្នុង​ស្ថានភាព​វេទនា​ភ្នែក​ណាស់​។ ក្រៅពី​មាន​ដី​មួយ​បាត​ផ្ទះ គាត់​នៅ​មាន​ដីស្រែ ឬ​ដីចម្ការ ប្រហែល ០២​រ៉ៃ​ទៀត តែ​បង្កបង្កើន​ផល​ខាត​ស្ទើរ​រាល់​ឆ្នាំ ។

អ្នក​ភូមិ បាន​លើក​ឡើង​ថា គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ដាំ​ដំណាំ​មិន​បាន​ផល​នោះ និង​ដើរ​ស៊ីឈ្នួល​គេ បាន​កម្រៃ​តិចតួច​នៅ​ក្នុងភូមិ​។ គាត់​ជំពាក់​បំណុល​គេ ច្រើន​ណាស់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

បើ​និយាយ​ពី​ប្រាក់​បំណុល​នេះ អ្នកស្រី និល នឿ​ន បាន​ប្រាប់​ថា ប្រាក់​បំណុល​នេះ បន្សល់​ទុក​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តាំងពី​ប្ដី​គាត់​នៅ​រស់ ដែល​កាលនោះ ខ្ចីប្រាក់​ធនាគារ​យក​មក​ធ្វើ​ទុន​ដាំ​ដំណាំ ។

គាត់​បាន​រំលឹក​ថា កាលនោះ​ប្ដី​គាត់​បាន​ខ្ចីប្រាក់​ធនាគារ ចំនួន​១៨​លាន​រៀល ហើយ​ក្រោយមក​បាន​សង ត្រឡប់​វិញ ទើបបាន​ប្រហែល​០២​លាន​រៀល​ប៉ុណ្ណោះ លុះ​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៤ ប្ដី​គាត់​ក៏​ទ​ទូល​មរណភាព ហើយ​បាន​បន្សល់​ទុក​ប្រាក់​បំណុល​ធនាគារ​នេះ ចំនួន​១៦​លាន​រៀល ឲ្យ​គាត់​ទទួលខុសត្រូវ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយ​០១​ខែ គាត់​ត្រូវ​រក​ប្រាក់​បង់​ធនាគារ ចំនួន​៤០​ម៉ឺន​រៀល ជា​ប្រចាំ​។ នេះ​មិន​ទាន់​និយាយ​ពី​បំណុល​អង្គការ​តូចតាច​ដទៃ​ទៀត​ទេ ។

ស្ត្រី​រង​គ្រោះ បាន​បញ្ជាក់​ពី​ប្រាក់​បំណុល​នេះ​ដែរ​ថា ដោយ​គ្មាន​ប្រាក់​ចំណូល ដែល​អាច​បង់​ធនាគារ​បាន ជា​រៀង​រាល់​ខែ គាត់​បាន​ខ្ចីប្រាក់​ពី​អង្គការ​នានា ដើម្បី​បង្គ្រប់​បង់​ធនាគារ ដែល​ជា​ម្ចាស់បំណុល​ធំ​។ គាត់​ដើរ​ស៊ីឈ្នួល​គេ បាន​ប្រាក់​តិចតួច ឆ្លៀត​យក​ទៅ​បង់​ឲ្យ​អង្គការ​នានា​ផង ជា​បំណុល​បង់​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​ពេល​នេះ គាត់​អត់​មាន​ប្រាក់​បង់​ធនាគារ ឬ​អង្គការ​ទៀត​ទេ​។ ព្រោះ​ក្រុម​ចោរ​បាន «​ប្លន់​» យក​ប្រាក់ ដែល​គាត់​ទុក​សម្រាប់​បង់​ធនាគារ​នោះ​អស់ហើយ ។

គាត់​បាន​និយាយ​ដូច្នេះ​ថា ៖ «​ឥឡូវ នៅ​ក្នុងភូមិ ខ្ញុំ​អត់​មានការ​ងារ​ស៊ីឈ្នួល​គេ​អី​ទៀត​ទេ​។ ខ្ញុំ​បាន​សម្រេច​ថា ចាប់ពី​ថ្ងៃ​ទី​០៧ ខែមីនា ក្រោយ​នេះ ខ្ញុំ​នឹង​ដើរ​ស៊ីឈ្នួល​លាងចាន ឲ្យ​គេ​តាម​រោងការ ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច បង់​ធនាគារ និង​បង់​អង្គការ​នានា ព្រោះ​ខ្ញុំ អស់​លទ្ធភាព​នឹង​រកមុខ​របរ​ធ្វើ​នៅ​ក្នុងភូមិ​ហើយ​»​។ ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​រង​គ្រោះ​រូប​នេះ នៅ​តែ​មិន​អស់ចិត្ត​នោះ គឺ​គាត់​ចង់​សួរ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម ប្រដាប់​ដោយ​កាំភ្លើងខ្លី​ផង ដែល​បាន​ចូល​«​ប្លន់​»​យក​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ដែល​គាត់​ទុក​បង់​ធនាគារ​នោះ​ថា បើ​ក្រុម​នេះ ជា​សមត្ថកិច្ច តាម​ចាប់​កូនប្រុស​គាត់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន តើ​ហេតុ​អ្វី​មិន​តាម​ចាប់​ឲ្យ​បាន​ទៅ បើ​រក​ឃើញ​មាន​កំហុស ? ចុះ​ហេតុ​អ្វី​បានជា​ចូលលុក​លុយ ឆែកឆេរ​ក្នុងផ្ទះ​គាត់ តាម​ទំនើងចិត្ត ហើយ​លួច​យក​លុយ និង​ទូរ​សព្ទ​គាត់ នៅ​ពេល​គាត់​មិន​បាន​នៅផ្ទះ ? តើ​ហេតុ​អ្វី ក៏​ធ្វើបាប​គាត់​បែប​នេះ ?

ពាក់ព័ន្ធ​នឹង​ករណី​នេះ អធិការ​ស្រុក​ឯក​ភ្នំ លោក ឡុ​ង យោធា​វរៈ ហាក់​មិន​បំភ្លឺ​ក្បោះក្បាយ​ទេ ជុំវិញ​រឿងរ៉ាវ ដែល​បាន​កើតឡើង​។ ដោយ​លោក​អធិការ​រូប​នេះ គ្រាន់តែ​បាន​ប្រាប់​ថា លោក​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ។

ដោយឡែក​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ​វិញ បាន​បដិសេធ​ថា មិន​បានដឹង​រឿង​នេះ​ដែរ​។ លោកស្នងការ​រង បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​រឿង​នេះ សូ​ម្បី​តែ​មួយ​ម៉ាត់ ព្រោះ​គេ​មិន​រាយ​ការ​ណ៏​។ ប៉ុន្តែ​ប្រសិនបើ​មាន​ករណី​បែប​នេះ កើតឡើង​មែន លោក​នឹង​ស្នើ​សុំ​គោល​ការ​ណ៏​លោកស្នងកា​ខេត្ត ដើម្បី​ចុះ​ស៊ើបអង្កេត និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ការ​ពិត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ