លោក ស៊ី ទើបប្រាប់មន្ត្រីកំពូលឱ្យរក្សាភាពស្ងប់ស្ងាត់ ស្រាប់តែលោក ត្រាំ ប្រកាសថែមពន្ធ១០%ទៀតលើចិន
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដាក់ពន្ធ…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដាក់ពន្ធ…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដាក់ពន្ធ ១០% បន្ថែមទៀត លើការនាំចូលទំនិញពីប្រទេសចិន ព្រមទាំងពន្ធលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយពី BBC និង AFP។ គួររំលឹកថា លោកស៊ី ប្រាប់មន្ត្រីកំពូលឱ្យរក្សាភាពស្ងប់ស្ងាត់ ខណៈអាមេរិកកំពុងបង្កើនសម្ពា.ធលើចិន
ការនាំចូលពីប្រទេសចិនប្រឈមនឹងពន្ធ ១០% រួចហើយ បន្ទាប់ពីបទបញ្ជារបស់លោក ត្រាំ ចូលជាធរមាននៅដើមខែកុម្ភៈ។ លោកក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ពន្ធ ២៥% លើការនាំចូលពីកាណាដា និងម៉ិកស៊ិក ដែលត្រូវបានផ្អាករយៈពេលមួយខែនោះ ក៏នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ខាងមុខនេះផងដែរ។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ កើតឡើងនៅពេលមន្ត្រីមកពីម៉ិកស៊ិក និងកាណាដាកំពុងនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ការពិភាក្សាក្នុងគោលបំណងឆ្ពោះរកដំណោះស្រាយនៃផែនការនោះ។
លោក ត្រាំ បានប្រកាស បន្ទាប់មកបានផ្អាកទៅវិញ នូវការដំឡើងពន្ធ ២៥% លើការនាំចូលពីកាណាដា និងម៉ិកស៊ិក កាលពីដើមខែកុម្ភៈ ជុំវិញបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរសារធាតុ Fentanyl ដែលប្រើប្រាស់ជាធាតុផ្សំផលិតគ្រឿងញៀនចូលទឹកដីអាមេរិក បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខតាមព្រំដែនរបស់ខ្លួន។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានសរសេរថា «គ្រឿងញៀននៅតែហូរចូលប្រទេសរបស់យើងពីម៉ិកស៊ិក និងកាណាដាក្នុងកម្រិតខ្ពស់ និងមិនអាចទទួលយកបាននោះទេ»។ លោកក៏បានបន្ថែមទៀតថា «ភាគរយច្រើននៃគ្រឿងញៀន ត្រូវបានផលិតនៅក្នុងប្រទេសចិន»។
លោក ត្រាំ បានបន្ថែមដោយសំដៅទៅថ្ងៃទី៤ ខែមីនា ថា ប្រទេសចិនក៏នឹងត្រូវបានគិតពន្ធបន្ថែម ១០% នៅថ្ងៃនោះផងដែរ ដែលជាការបន្ថែមលើការដំឡើងពន្ធ ១០% កាលពីដើមខែកុម្ភៈលើទំនិញនាំចូលពីប្រទេសចិនដែលមានស្រាប់នោះ ពាក់ព័ន្ធនឹងបញ្ហាសារធាតុ Fentanyl នេះឯង។ ដោយលើកឡើងថា វិធានការទប់ស្កាត់របស់រដ្ឋាភិបាលចិន នៅមិនទាន់គ្រប់គ្រាន់នៅឡើយ បើទោះបីជាមន្ត្រីចិនបានអះអាងថា ប្រទេសចិនកំពុងធ្វើការជាមួយសហរដ្ឋអាមេរិករួចហើយ ដើម្បីដោះស្រាយកង្វល់អំពីសារធាតុ Fentanyl យ៉ាងណាក៏ដោយ។
ការផ្លាស់ប្តូររបស់លោក ត្រាំ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជំរុញបណ្តាមន្ត្រីកំពូលរបស់លោកឱ្យរក្សាភាពស្ងប់ស្ងាត់ ចំពេលមានបញ្ហាប្រឈមក្នុងស្រុក និងពិភពលោក ដែលបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងនឹងថ្លឹងថ្លែង ចំពោះការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគថ្មី ក្រោមរដ្ឋបាលដឹកនាំរបស់លោក ត្រាំ ។
លោក ស៊ី កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានប្រាប់បណ្តាមន្ត្រីកំពូលៗ រួមទាំងការិយាល័យគោលនយោបាយ និងសមាជិកក្រុមប្រឹក្សារដ្ឋរបស់លោកថា ប្រទេសចិនត្រូវតែពង្រឹងសមត្ថភាពនយោបាយរបស់ខ្លួន និងឆ្លើយតបយ៉ាងស្ងប់ស្ងាត់ ចំពោះបញ្ហាប្រឈមនានា ដែលនាំមកដោយការផ្លាស់ប្តូរនៃស្ថានភាពក្នុងស្រុក និងក្រៅប្រទេស។
ការអត្ថាធិប្បាយរបស់លោក ស៊ី ធ្វើឡើងស្របពេលលោក ត្រាំ ចាត់វិធានការដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងប្រទេសចិនក្នុងអាណត្តិទីពីររបស់លោក ដោយបង្កើនហានិភ័យទំនាក់ទំនងអាចនឹងកាន់តែអាក្រក់ទៅៗ នៅក្នុងពេលឆាប់ៗនេះ។ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសម្ពាធដោយរឹតបន្តឹងការចំណាយរបស់ចិនក្នុងវិស័យយុទ្ធសាស្ត្ររបស់អាមេរិក ដូចជា បច្ចេកវិទ្យា និងថាមពលជាដើម។ សេតវិមានក៏កំពុងធ្វើការលើការរឹតបន្តឹងគ្រឿងអេឡិចត្រូនិកឱ្យកាន់តែតឹងរឹងជាងមុន និងជំរុញឱ្យសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន បង្កើនដែនកំណត់ផ្ទាល់ខ្លួនលើឧស្សាហកម្មបន្ទះឈីបរបស់ចិនក្នុងគោលបំណងទប់ស្កាត់ភាពជឿនលឿននៃបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។
សូមជម្រាបថា ប្រទេសចិន ម៉ិកស៊ិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាមេរិក ដែលរួមគ្នាមានចំណែកច្រើនជាង ៤០% នៃការនាំចូលទៅកាន់អាមេរិក កាលពីឆ្នាំមុន។ អ្នកសេដ្ឋកិច្ចមួយចំនួនក៏បានព្រមានថា ពន្ធលើទំនិញពីប្រទេសទាំងបីនេះ អាចនាំឱ្យតម្លៃទំនិញនៅអាមេរិកឡើងខ្ពស់លើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពី iPhone រហូតដល់ផ្លែបឺរ៕
ចែករំលែកព័តមាននេះ