រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា សាលាជំនាន់ថ្មីមិនមានការបិទ ឬលុបឡើយ គឺនៅបន្តគាំទ្រ ហើយរដ្ឋជាអ្នកគ្រប់គ្រង គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅសណ្ឋាគាសុខាភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ដល់ប្រជាពលរដ្ឋថា មជ្ឈមណ្ឌលសិក្សាទំនើប និងសាលាជំនាន់ថ្មី គឺមិនដូចគ្នាឡើយ ។ ចៀសវាងការភាន់ច្រឡំ សម្តេចមហាបវរធិបតី បានឱ្យដឹងថា ពុំមានការបិទសាលាជំនាន់ថ្មីនោះទេ គឺផ្អាកតែមជ្ឈមណ្ឌលសិក្សាទំនើបតែប៉ុណ្ណោះ ព្រោះពីរនេះមិនដូចគ្នាឡើយ ។
សម្តេចបវរធិបតីហ៊ុន ម៉ាណែត មានបានបញ្ជាក់ថា ៖«គឺយើងអត់មានគម្រោងបិទសាលាជំនាន់ថ្មីទេ ប៉ុន្ដែយើងនឹងពិនិត្យលទ្ធភាព ដើម្បីពង្រីកបន្ថែមទៀត នេះសាលាជំនន់ថ្មី ព្រោះជាសាលាបង្កើនសមត្ថភាព លទ្ធភាព ជូនប្រជាពលរដ្ឋយើង ។ អត់មានការលុបអត់មានការបិទសាលាជំនាន់ថ្មីទេ យើងនៅបន្ដគាំទ្រសាលាជំនាន់ថ្មីនេះ គឺរដ្ឋជាអ្នកគ្រប់គ្រង» ។

សម្តេចមហាបវរធិបតី បានបន្ដថា ប៉ុន្ដែអ្វីដែលបញ្ឈប់នោះឪពុក-ម្ដាយ របស់សិស្សានុសិស្ស បញ្ឈប់បង់លុយទៅឱ្យសាលាជំនាន់ថ្មី គឺរដ្ឋជាអ្នករ៉ាប់រង ។ ពាក់ព័ន្ធមជ្ឈមណ្ឌលសិក្សាទំនើបនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាទំនើបនេះជាផ្នែកមួយរបស់វិស័យឯកជន ដែលសម្ដេចមិនអាចឱ្យអនុវត្តបែបនេះ បាននោះឡើយ ។
ជាមួយគ្នានោះដែរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីថា ៖ «ហេតុអ្វីខ្ញុំសម្រេចបញ្ឈប់មជ្ឈមណ្ឌលសិក្សាទំនើប គឺស្រដៀងសាលាជំនាន់ថ្មី មានរូបមន្ដ BOT របស់ក្រុមហ៊ុនឯកជន» ។
ជាមួយគ្នានោះដែរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ក៏ស្នើសុំការយោគយល់អាណាព្យាបាលក៏ដូចជា លោកគ្រូ អ្នកគ្រ ដែលមានកូនរៀន និងបង្រៀននៅមជ្ឈមណ្ឌលសិក្សាទំនើប ៕
ចែករំលែកព័តមាននេះ