រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មីនៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោលតែកម្មវិធីសិក្សាទំនើប នៅតាមបណ្តាសាលារដ្ឋមួយចំនួនប៉ុណ្ណោះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នាថ្ងៃ២៨ ខែកុម្ភៈ បានឲ្យដឹងថា ការចេញមកបញ្ជាក់នេះដោយសារក្នុងពេលថ្មីៗនេះមានការយល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និបាតបិទក្រសួងអប់រំ កាលពីថ្ងៃ២៦ កុម្ភៈ បានប្រកាសបិទចោល កម្មវិធីសិក្សាទំនើប ព្រោះមានស្តង់ដារដែលនាំឲ្យមានការរើសអើងគ្នា ។
ទន្ទឹមនឹងមិនបិទចោល ក្រសួងក៏បាននឹងបន្ថែមកម្មវិធីថ្មីៗទៀត ទៅលើសាលាជំនាន់ថ្មីទៀតផងដែរ ។ កុំឲ្យមានការយល់ច្រឡំ ក្រសួងបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគបន្ថែមទៀត ដើម្បីឱ្យដំណើរការចំនួន១៤កន្លែង នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។

ក្រសួងបានបន្តថា សាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងអប់រំដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមានគុណភាពខ្ពស់ ។ ក្នុងនោះសាលារៀនជំនាន់ថ្មី ផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរកការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោងកម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល ។

សាលារៀនជំនាន់ថ្មី បានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យសតវត្សទី២១ អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាចឱ្យគ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេស ។
ជាមួយគ្នានោះដែរ ក្រសួងនឹងពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីបន្ថែមទៀត តាមលទ្ធភាពថវិកា ដើម្បីផ្តល់ឱកាសដល់សិស្សក្នុងការទទួលការអប់រំប្រកបដោយគុណភាពខ្ពស់ សមធម៌ និងគ្មានការរើសអើង ។
ក្រសួងអប់រំគូសបញ្ជាក់យ៉ាងច្បាស់ៗថា នឹងលុបចោលនូវការអនុវត្ត «កម្មវិធីសិក្សាទំនើប» ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជននៅតាមសាលាបឋមសិក្សាចំនួន១៨ មានសិស្ស ចំនួន៤៣០០នាក់ កំពុងសិក្សារៀនសូត្រក្នុងរូបភាពជាកិច្ចសហការរវាងផ្នែកឯកជនជាមួយនឹងសាលារៀនផ្ទាល់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ។ កម្មវិធីនេះអនុវត្តខុសពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបង្កើតឱ្យមានការរើសអើងរវាងសិស្សដែលកំពុងសិក្សាក្នុងថ្នាក់តែមួយដែលមានលទ្ធភាពបង់ប្រាក់ និងសិស្សដែលគ្មានលទ្ធភាព បង់ប្រាក់ ព្រមទាំងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលារៀនតែមួយ ។
ដើម្បីបន្តផ្តល់ការអប់រំប្រកបដោយគុណភាពនៅតាមសាលាបឋមសិក្សាខាងលើ ក្រសួងកំពុងស្វែងរកថវិកា ដើម្បីទទួលយក «កម្មវិធីសិក្សាទំនើប និងផ្តល់ឱកាសដល់សិស្ស ១០០ភាគរយ ក្នុងសាលាសិក្សារៀនសូត្រតែម្តង» ៕
ចែករំលែកព័តមាននេះ