រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និងគុណតម្លៃ មិនអាចកាត់ថ្លៃបាន នៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ។
ថ្លែងបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាកាសុខាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធិជ្រុលនិយម គឺជាសត្រូវ នៃភាពសុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គម។ ជាក់ស្ដែង គ្មានសង្គមណាមួយ ដែលមានភាពបរិសុទ្ធឥតខ្ចោះ នៃជាតិសាសន៍ និងសាសនា នោះទេ ហើយសង្គម ដែលទាមទារភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមក នូវសោកនាដកម្ម ការធ្វើទុក្ខបុកម្នេញ ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ៖ «ជាក់ស្ដែងក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួនបានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និងគុណតម្លៃ មិនអាចកាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី ២ របស់ ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ» ។
សម្តេចបវរធិបតី បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំង ក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្ទាន់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ដូច្នេះការជំរុញសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ត្រូវមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងនោះឡើយ ។
សម្ដេចបវរធិបតី បានលើកឡើងទៀតថា ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និងការចូលរួមសហការជំរុញ កិច្ចសន្ទនាអន្តរសាសនា ដោយគ្មានរើសអើង ដោយគ្មានលទ្ធិជ្រុលនិយម គឺជាកត្តាគាំទ្រដ៏សំខាន់ សម្រាប់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលធានា ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរបស់សង្គម ដែលមានភាពចម្រុះ ៕
ចែករំលែកព័តមាននេះ