រាជធានីភ្នំពេញ ៖ គ្រូពេទ្យ និងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ ដោយគ្រូបង្រៀនជាមាតាទី២ ចំណែកគ្រូពេទ្យ មានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យបានជួយយើង ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់ ។
នេះជាប្រសាសន៍លើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកគ្រូធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គតម្រង់ទិស ស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យ និងអ្នកជំងឺ នាព្រឹកថ្ងៃទី២៧កុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ៖ គ្រូពេទ្យ និងគ្រូបង្រៀន សុទ្ធតែជាអ្នកមានគុណ។ សម្រាប់គ្រូបង្រៀន ដែលជាមាតាទី២ អាចបង្រៀនយើងឱ្យចេះដឹងបានត្រឹមតែក្នុងរយៈពេលយ៉ាងច្រើនជាង២០ឆ្នាំប៉ុណ្ណោះ តែសម្រាប់គ្រូពេទ្យវិញ មានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យមានគុណជាមួយយើង ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ស្លាប់ មានន័យថា មិនទាន់មានកូនក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ មានផ្ទៃពោះ សំរាលកូន ក៏ត្រូវការគ្រូពេទ្យ ពោលគឺមនុស្សគ្រប់រូបត្រូវការគ្រូពេទ្យរហូតដល់ថ្ងៃស្លាប់ ។
លោក កើត ឆែ បានបន្តថា សុខភាពជារឿងសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសុខមាលភាពប្រជាពលរដ្ឋនេះ។ បើប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងរឹងមាំ យើងនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ ឬជាប្រទេសអ្នកមាន ។
លោក កើត ឆែ បានបញ្ជាក់ថា ការអញ្ជើញ លោកគ្រូ អ្នកគ្រូពេទ្យ មកបណ្តុះបណ្តាលក្នុងវគ្គតម្រង់ទិសខាងលើនេះ មិនមែនមានន័យថា លោកគ្រូ អ្នកគ្រូពេទ្យ មានកំហុសឆ្គង ឬបំពេញការងារមិនល្អនោះទេ។ លោកគ្រូ អ្នកគ្រូពេទ្យកន្លងមកនេះ បានបំពេញការងារល្អណាស់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងតំណាក់ការ នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយសារគុណសម្បត្តិ លោកគ្រូ អ្នកគ្រូពេទ្យ បានធ្វើឱ្យប្រជាពលរដ្ឋស្លា.ប់តិច។ ការបណ្តុះបណ្តាលក្នុងវគ្គតម្រង់នេះ គឺដើម្បីឱ្យគ្រូពេទ្យបានដឹងពីគុណតម្លៃរបស់ខ្លួនឯង បំពេញនូវចំណុចខ្វះខាត ឈានទៅបំពេញអំពើជាកុសលឱ្យកាន់តែល្អបន្ថែមទៀត ពិសេសរួមគ្នាទប់ស្កាត់ ការវៃប្រហារពីក្រុមអគតិ ថាគ្រូពេទ្យ មិនល្អ គ្មានវិជ្ជាជីវៈ ។
គួរបញ្ជាក់ថា វគ្គតម្រង់ទិសស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាលខាងលើនេះ មានគោលបំណង ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការចូលរួមអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់សមត្ថភាពផ្តល់សេវា ថែទាំសុខភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលខ្លឹមសារមេផ្តោតសំខាន់លើ កំណារពារ និងព្យាបាលជំងឺផ្លូវចិត្ត តាមរយៈទំនាក់ទំនងដោយពាក្យសម្តី និងកាយវិការល្អ (ឥរិយាបថល្អ) ដើម្បីទទួលបាននូវគុណតម្លៃខ្ពស់ (កេរ្តិ៍ឈ្មោះ កិត្តិយសល្អ) ។
ក្រោយពីសិក្សារួចសិក្ខាកាម នឹងទទួលបានការយល់ដឹងនូវវិធីប្រាស្រ័យទាក់ទង ដើម្បីទទួលបាននូវប្រសិទ្ធផល សុជីវធម៌ សីលធម៌ ក្នុងការប្រតិបត្តិល្អនូវ (កាយ វាចា ចិត្ត) ក្នុងទំនាក់ទំនង ទាំងពាក្យសំដី និងមិនមែនពាក្យសម្តី (កាយវិការ) យល់ដឹងនូវវិធីគ្រប់គ្រងចិត្ត គំនិត និងអារម្មណ៍ ដើម្បី ធ្វើឱ្យទំនាក់ទំនងមានគុណតម្លៃខ្ពស់ ៕










ចែករំលែកព័តមាននេះ