ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា យុវជនគិតខ្លីម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួន ដោយមូលហេតុតូចចិត្តឪពុកម្តាយគ្មានលទ្ធភាពចូលស្តីដណ្តឹងកូនក្រមុំគេ ដែលស្រឡាញ់គ្នាច្រើនឆ្នាំកន្លងមកហើយ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ឈិន តូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ មុខរបរ ជាសន្តិសុខ ក្រុមហ៊ុនរ៉ូយ៉ាល់ហៀលរីសត ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម សមត្ថកិច្ចនគរបាលមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាពីលោកអធិការក្រុងសំរោង សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច័យលើសាកស.ព រួចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លា.ប់ដោយចង.កសម្លា,ប់ខ្លួនប្រាកដមែន ។
បើតាមការបំភ្លឺពីឈ្មោះ លឹម នាងលី ភេទស្រី អាយុ៥១ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឲ្យដឹងថា កន្លងមកកូនប្រុសគាត់ឈ្មោះ ឈិន តូ មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ នៅភូមិជាមួយគ្នា ហើយកូនប្រុស តែងតែដុកដាន់ឲ្យរូបគាត់ ចូលស្ដីដណ្ដឹងនារីម្នាក់នោះ ធ្វើជាប្រពន្ធ តែដោយសារក្រុមគ្រួសារគាត់មានជីវភាពខ្វះខាត ក៏ចេះតែនិយាយអង្វរករ សុំកូនប្រុស ពន្យាពេលរហូត ដើម្បីរកប្រាក់ឲ្យគ្រប់គ្រាន់ និងចូលស្តីដណ្តឹងកូនក្រមុំគេនោះហើយ ។
ម្តាយជនរងគ្រោះ បានបន្តថា ទំនងការពន្យាពេលនោះ បានធ្វើឲ្យកូនប្រុសគាត់ អាក់អន់ស្រពាន់ចិត្ត ទើបនៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ រូបគេអត់ទៅធ្វើការទេ ហើយក៏ជាថ្ងៃឈប់សម្រាកដែរ។ កូនប្រុសគាត់បានដេកលើអង្រឹងក្នុងផ្ទះ រហូតដល់ម៉ោងជិត៥ល្ងាច ហើយគាត់ក៏បានដើរចូលទៅមើល តែអត់ឃើញទេ ពេលនោះគាត់បានដើរទៅក្រោយផ្ទះ ស្រាប់តែឃើញកូនប្រុស…បាត់ទៅហើយ ឃើញដូច្នោះគាត់បានឆោឡោ ហៅក្រុមគ្រួសារ និងអ្នកជិតខាងឲ្យជួយស្រាយទម្លាក់កូនប្រុសគាត់ យកទៅទុកនៅលើគ្រែមុខផ្ទះ និងបានរាយការណ៍ ជូនសមត្ថកិច្ចឲ្យដឹងពីហេតុការនេះ ។
បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកស.ពជនរងគ្រោះ ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ