ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន ត្រៀម​ចុះ MoU ទ្វេភាគី លើ​ការងារ​សាយ​តេស (CITES) នា​ពេល​ឆាប់​ៗ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ហ្វី​លី​ពី​ន បាន​ព្រមព្រៀង​គ្នា ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​ការងារ​សាយ​តេស (CITES) និង​ត្រៀម​រៀបចំ​ធ្វើ​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា (MoU)…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ហ្វី​លី​ពី​ន បាន​ព្រមព្រៀង​គ្នា ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​ការងារ​សាយ​តេស (CITES) និង​ត្រៀម​រៀបចំ​ធ្វើ​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា (MoU) នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិភាក្សា​ការងារ​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងកសិកម្ម នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​ប្រព័ន្ធ​វី​ដេ​អូ​ហ្សូ​ម​(Zoom) នៅ​ទីស្តីការក្រសួង ។

នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ។

តាម​រយៈ​កិច្ចប្រជុំ​នេះ ក្រសួងកសិកម្ម នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ហ្វី​លី​ពី​ន បាន​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​ការងារ​សាយ​តេស​(CITES) និង​ត្រៀម​រៀបចំ​ធ្វើ​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា (MoU) នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

បើ​តាម ឯកឧត្តម​រដ្ឋមន្ត្រី កម្ពុជា​នឹង​រៀបចំ​ធ្វើ​លិខិត​ជា​ផ្លូវការ​មួយ​ផ្ញើ​ទៅ​តាម​រយៈ​ស្ថានទូត​ហ្វី​លី​ពី​ន ក្នុង​គោលបំណង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​សាយ​តេសរ​វាង​ប្រទេស​ទាំង​ពីរ ដើម្បី​អនុវត្ត​អនុសញ្ញា​សាយ​តេស​នេះ​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​កំពុង​រងគ្រោះថ្នាក់​នៃ​ប្រទេស​ទាំង​ពីរ ។

សូមជម្រាបឲ្យដឹងដែរថា (CITES) ​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ ​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សត្វ និង​រុក្ខជាតិ​ ដែល​កំពុង​រងគ្រោះថ្នាក់​។ កិច្ចព្រមព្រៀង​នេះ​​មាន​គោលបំណង​ការពារ​កុំឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ​ប៉ះពាល់​ដល់​ការ​រស់រាន​របស់​ប្រភេទ​សត្វ និង​រុក្ខជាតិ ​ដែល​កំពុង​រងគ្រោះថ្នាក់​ ។

CITES បាន​ចាត់​ថ្នាក់​ប្រភេទ​សត្វ និង​រុក្ខជាតិ​ ជា៣​ក្រុម​ចម្បង រួមមាន​៖
-បញ្ជី I (Appendix I)៖ ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ត្រូវ​បាន​ហាមឃាត់​។
-បញ្ជី II (Appendix II)៖ ប្រភេទ​ដែល​មិន​ទាន់​រងគ្រោះថ្នាក់​ខ្លាំង ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ត្រូវ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​។
-បញ្ជី III (Appendix III)៖ ប្រភេទ​ដែល​ត្រូវ​បានការ​ពារ​ក្នុង​ប្រទេស​ជាក់លាក់​មួយ ហើយ​តម្រូវ​ឱ្យ​មានការ​សហការ​ពី​ប្រទេស​ផ្សេង​។

CITES មាន​សមាជិក​ជាង ១៨០ប្រទេស រួម​ទាំង​កម្ពុជា ដែល​ចូលរួម​ការពារ​ធនធាន​ជីវៈចម្រុះ​របស់​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ