ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀននឹងល្បែងជល់មាន់យ៉ាងតិច២៥នាក់ រួមទាំងវត្ថុតាងផងនឹងត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ក្រោយពីត្រូវឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០២ទីតាំងផ្សេងគ្នា កាសពី០២ថ្ងៃមុន នៅស្រុកបវេល និងក្រោយបញ្ចប់ការសួរនាំ ។

លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់កោះសន្តិភាពថា ក្រុមអ្នកញៀននឹងល្បែងស៊ីសង (ជល់មាន់) ខុសច្បាប់ទាំងនេះ នឹងត្រូវកសាងសំណុំរឿបញ្ជូនទៅប្រគល់ជូនតុលាការហើយ ។ ពេលនេះ មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនពួកគេទៅតុលាការហើយ ដោយយោងតាមបទបញ្ជាលោកស្នងការខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត ។

នៅក្នុងរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងខុសច្បាប់ទាំង២៥នាក់នេះ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ចំនួន០២ទីតាំងផ្សេងគ្នា នៅក្នុងទឹកដីស្រុកបវេល កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ ។ របាយការណ៍ដដែលបានបង្ហាញថា ទីតាំងទី១-បង្ក្រាបនៅចំណុចវាលស្រែមួយកន្លែងក្បែរភូមិព្រៃសង្ហា ឃុំខ្នាចរមាស ។ សមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានមនុស្សចំនួន០៩នាក់ រួមទាំងដកហូតបានវត្ថុតាងមួយចំនួន ។ ទីតាំងទី២-បង្ក្រាបនៅចំណុចវាលស្រែមួយកន្លែងនៅក្បែរភូមិសំរោងជ័យឃុំបវេល ។

សង្វៀននេះ កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធឃាត់ខ្លួនក្រុមអ្នកលេងបានចំនួន១៦នាក់ ថែមទាំងរឹបអូសបានវត្ថុតាងមួយចំនួនផង នាំមកកាន់ស្នងការខេត្តទាំងអស់ ដើម្បីសួរនាំ ។ ក្រៅពីឃាត់ខ្លួនក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់០២ទីតាំង បានសរុបចំនួន២៥នាក់ នៅមានវត្ថុតាងមួយចំនួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតរួមមាន៖ មាន់ជល់ចំនួន០៨ក្បាល សង្វៀនសម្រាប់ជល់មាន់ចំនួន០៣ ជញ្ជីងសម្រាប់ថ្លឹងផ្គូរផ្គងមាន់ជល់ចំនួន០២ គោយន្តកន្ត្រៃសម្រាប់ដឹកអ្នកលេងចំនួន០១គ្រឿង ម៉ូតូចំនួន៣៧គ្រឿង រថយន្តចំនួន០៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

នេះជាការបើកកិច្ចប្រតិបត្តិការឆ្មក់ចុះបង្ក្រាបសង្វៀនជល់មាន់ក្នុងទ្រង់ទ្រាយធំដុំចំនួន០២ទីតាំងស្ទើរព្រមៗគ្នានៅទឹកដីស្រុកបវេល ដែលធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានដេកលក់ស្កប់ស្គល់មិនកម្រើកសោះ ។

គេសង្ស័យថា «មន្ត្រីមូលដ្ឋាន អាចទទូលបានសំណែនប្រចាំខែ ពីក្រុមអ្នកលេងល្បែងទាំងនោះ យ៉ាងសើមមាត់សើម.កផង ទើបនាំគ្នាសម្ងំដេកលក់មិនអើពើនឹងបទល្មើសយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានរបស់ខ្លួនសោះ បើកដៃឲ្យក្រុមអ្នកលេងល្បែងបើកដំណើរការយ៉ាងរលូនបែបនេះ» ។ បទល្មើសល្បែងស៊ីសង ស្ទើរគ្រប់ប្រភេទត្រូវគេមើលឃើញថា បាននិងកំំពុងកើតមានយ៉ាងរលូនស្ទើរគ្រប់ទីកន្លែង ជាពិសេស នៅតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបង ។

គេសម្គាល់ថា ច្រើនឆ្នាំកន្លងមកហើយ គេឃើញកម្លាំងសមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានតិចតួចបំផុត ឬ ស្ទើរតែគ្មានសកម្មភាពតែម្ដង ។ មានតែការឃុបឃិតជាមួយអ្នកល្បែងបើកលេងយ៉ាងរលូនជាថ្នូរនឹងសំណូកសូកប៉ាន់ប្រចាំខែ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សព្វថ្ងៃនេះ ល្បែងជល់មាន់នេះ ត្រូវគេបើកលេងទាំងមានការលាក់បាំង ទាំងបើកចំហរយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាស្រុកនានា ។ ដូចជានៅស្រុកគាស់ក្រឡ ស្រុកបាណន់ (នៅតំបន់ភ្នំតាគ្រាម) ស្រុកបវេល ស្រុកថ្មគោល ស្រុករតនមណ្ឌល ស្រុកឯកភ្នំ ស្រុកសង្កែ រីឯនៅក្នុងក្រុងបាត់ដំបង មាន០១ទីតាំង ក្នុងសង្កាត់ចម្ការសំរោង ដែលគេល្បីថា លោកប៉ូលិសតែម្ដង ជាអ្នកបើកយ៉ាងចំហរធ្លុងតែម្ដង ។

បទល្មើសស្អេកស្កះទាំងនេះ បើគេសួរនាំទៅមន្ត្រីមូលដ្ឋាន ឬសួរទៅកាន់លោកអធិការតាមបណ្ដាស្រុក ដែលបង្កប់នូវបទល្មើសទាំងនោះ សួរចុះបើលោកអធិការ ឬមន្ត្រីតាមមូលដ្ឋានទាំងនោះ «ដឹង» បើទោះជាគេបានបង្ហាញទីតាំង ថែមទាំងវត្ថុតាងក្ដី ។
ផ្ទុយទៅវិញ ក្រោយពទទួលព័ត៌មាននេះភ្លាម មន្ត្រីខិលខូចខ្លះបានប្រឹងញាប់ដៃផ្ញើទូរស័ព្ទទៅប្រាប់ឲ្យក្រុមអ្នកលេងល្បែង បង្វែងប្ដូរគោលដៅទីតាំងល្បែងទៅកាន់ទីតាំងផ្សេងភ្លាមៗ រួចហើយលោកមន្ត្រីធ្វើជាចុះទៅកាន់គោលដៅល្បែង រួចឈរត្រៀបត្រាថតសែលហ្វី២-៣ប្លង់ រាយការណ៍ជូនថ្នាក់លើនាំខ្លួនតាមលំដាប់លំដោយ ហើយនិយាយភូមិកុហក់ថា«គ្មានបទល្មើសទេ ។ ឃើញតែទីតាំងតែគ្នាបទល្មើសស្ងាត់ដូចចោរលួចសេះ» ។ រីឯថ្នាក់ដឹកនាំដែលមិនសូវពូកែខាងនីតិវិធី ឬ មិនសូវយល់កិច្ចការងារ ក៏ជឿយ៉ាងងុបងល់លើរាយការណ៍«បោក»របស់មន្ត្រីថ្នាក់ក្រោម ។

ដូច្នេះហើយ ទើបរហូតមកដល់ពេលនេះ ល្បែងស៊ីសង ជាពិសេស ល្បែងជល់មាន់គ្មានច្បាប់នេះតែម្ដង ដែលកំពុងកើតមានពេញទឹកពេញដី នៅតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបង គ្មានអាជ្ញាធរ ឬសមត្ថកិច្ចក្នុងអង្គភាពណា មានឆន្ទៈចេញមុខបង្ក្រាបឡើយ ក្រៅតែពីកម្លាំងស្នងការខេត្ត ចុះបង្ក្រាបផ្ទាល់ ដូចជាការបង្ក្រាបសង្វៀនមាន់ជល់ នៅស្រុកបវេល កាលពី០២ថ្ងៃមុននេះ ជាឧទាហរណ៍ស្រាប់ ។
ទោះយ៉ាងណា ជុំវិញកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនមាន់ជល់ចំនួន០២ទីតាំង របស់កម្លាំងការិយាល័យជំនាញនៃស្នងការខេត្តឃាត់ខ្លួនក្រុមអ្នកលេងបានរហូតចំនួន២៥នាក់ខាងលើនេះ បើតាមលោកឈឿង កឹមសុង បានបញ្ជាក់ថា ពេលនេះលោកស្នងការ និងលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់សាលាដំបូងហើយ ។
លោកស្នងការរងរូបនេះ ក៏បានព្រមាន និងផ្ដាំផ្ញើទៅកាន់អ្នកញៀនល្បែងជល់មាន់ ឬអ្នកប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីពេលនេះតទៅ ព្រោះលោកស្នងការបានចេញបញ្ជារួចហើយ ឲ្យកម្លាំងការិយាល័យជំនាញ ចុះបង្ក្រាបជាប្រចាំចំពោះបនល្បែងស៊ីសងនានា បើរកឃើញមានទីតាំងល្បែង ហើយប្រសិនបើកម្លាំងនគរបាលនៅតាមបណ្ដាអធិការនានាមិនធ្វើការបង្ក្រាបទេនោះ ៕
ចែករំលែកព័តមាននេះ