ទីក្រុងម៉ូស្គូ៖ រុស្ស៊ីច្រានចោលការលើកឡើងថា «លោកពូទីនត្រៀមខ្លួនអនុញ្ញាតឱ្យអឺរ៉ុបបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន»។ ការបដិសេធនេះធ្វើឡើងតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស (Peskov) ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោកត្រាំកាលពីពេលថ្មីៗនេះ។ សំណើបញ្ជូនកងរក្សាសន្តិភាពនេះជាអ្វីដែលអឺរ៉ុបចង់ធ្វើជាយូរមកហើយ ហើយចង់ដាក់បញ្ចូលទៅក្នុងផ្នែក១នៃកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់គ្នាដែលអាចនឹងកើតមាននាពេលអនាគត។
ប្រភពខ្លះថាអឺរ៉ុបចង់បញ្ជូនកងទ័ពបីម៉ឺននាក់ទៅអ៊ុយក្រែន។ សំណើនេះត្រូវលោកត្រាំប្រកាសគាំទ្រយ៉ាងពេញទំហឹង។ ប៉ុន្តែលោកមិនបានប្រកាសបញ្ជូនទ័ពអាមេរិកទៅចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពនេះទេ។ នៅក្នុងគម្រោងរបស់អឺរ៉ុបនោះ កងទ័ពទាំងនេះមិនមែនទៅធ្វើសង្គ្រាមទេ ប៉ុន្តែទៅបំពេញតួនាទីជាអ្នកសង្កេតការណ៍ និងឃ្លាំមើលការអនុវត្តតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់។
ទោះជាយ៉ាងណាក្ដី នៅក្នុងក្រសែភ្នែករបស់ទីក្រុងម៉ូស្គូ វត្តមាននៃកងទ័ពទាំងនេះនឹងក្លាយជាបន្លានៅក្នុងកែវភ្នែក ឬក៏ថានឹងធ្វើឱ្យរុស្ស៊ីនៅមិនស្រណុកខ្លួន។ ទួលយកកងទ័ពរបស់អឺរ៉ុបក្នុងនាមជាកងរក្សាសន្តិភាពដើម្បីបំពេញបេសកកម្មនៅលើទឹកដីអ៊ុយក្រែននាពេលអនាគតបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព។ ប្រភពខ្លះបង្ហើបឱ្យដឹងថាអឺរ៉ុបមានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែនប្រហែលបីម៉ឺននាក់ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់។
ថ្ងៃនេះ ប្រទេសរុស្ស៊ីចេញមុខបដិសេធចោលវិញនូវការអះអាងរបស់លោកត្រាំដែលថាលោកពូទីនត្រៀមខ្លួនទទួលយកកងទ័ពរបស់អឺរ៉ុបក្នុងនាមជាកងរក្សាសន្តិភាពដើម្បីបំពេញបេសកកម្មនៅលើទឹកដីអ៊ុយក្រែននាពេលអនាគតបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព។ ប្រភពខ្លះបង្ហើបឱ្យដឹងថាអឺរ៉ុបមានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែនប្រហែលបីម៉ឺននាក់ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស (Peskov) ថ្លែងថាលោកមិនត្រូវការធ្វើអត្ថាធិប្បាយថែមថយទៅលើរឿងនេះ។ លោកចង់រំលេចឱ្យឃើញប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកឡាវរ៉ូស (Lavrov) ដែលថាទីក្រុងម៉ូស្គូសូមបដិសេធនឹងផែនការនេះ។ លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថាការបញ្ជូនទ័ពបរទេសទៅអ៊ុយក្រែន ជាពិសេស ទ័ពរបស់រដ្ឋជាសមាជិកអង្គការណាតូ នឹងបង្កការគំរាមកំហែងដោយផ្ទាល់ទៅលើសន្តិសុខជាតិរុស្ស៊ី។
សូមរំលឹកថានៅក្នុងកិច្ចជំនួបជាមួយលោកម៉ាក្រុងកាលពីម្សិលមិញនៅសេតវិមាន លោកត្រាំបាននិយាយជំនួសលោកពូទីនត្រង់ចំណុចដែលថាលោកពូទីនមុខតែទទួលយកសំណើនៃការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែនជាមិនខានទេដោយដាក់បញ្ចូលជាផ្នែក១នៃបទឈប់បាញ់។ នៅពេលលោកត្រាំនិយាយបែបនេះធ្វើឱ្យពិភពលោកត្រេកអរ និងនឹកស្ឃឹមថាសន្តិភាពនឹងកើតមានឆាប់ៗនេះ។
ប៉ុន្តែការបញ្ជាក់របស់វិមានក្រឹមឡាំងធ្វើឱ្យក្ដីសង្ឃឹមនោះកាន់តែរសាត់ឆ្ងាយ។ ម៉្យាងទៀត គេមិនទាន់ដឹងច្បាស់ថាតើកិច្ចព្រមព្រៀងសន្តិភាពអាចនឹងសម្រេចបាននៅពេលណាទេ។ នៅថ្ងៃខួបបីឆ្នាំនៃសង្គ្រាមអ៊ុយក្រែន លោកពូទីនបញ្ជាក់ជំហរថាលោកមិនជំទាស់ទេបើអឺរ៉ុបចង់ចូលរួមចរចាសន្តិភាព។ ប៉ុន្តែលោកមិនបាននិយាយអំពីកងទ័ពអឺរ៉ុបទេ។ គេកត់សម្គាល់ថាលោកពូទីនធ្លាប់បានជំទាស់តាំងពីដើមមកហើយថាលោកមិនចង់ឃើញវត្តមានរបស់កងទ័ពណាតូនៅក្បែររបងផ្ទះរបស់លោកទេ។ ដូច្នេះ មជ្ឈដ្ឋានខ្លះយល់ថាសំណើបញ្ជូនកងទ័ពនោះប្រហែលមានភាគរយតិចតួចតែប៉ុណ្ណោះថាអាចទៅរួច។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ