ទីក្រុងចូហាន់ណេស្បឺក៖ ប្រទេសអាហ្វ្រិកខាងត្បូងដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងម្ភៃនៅលើពិភពលោក ហៅកាត់ថាជីម្ភៃ (G20) បានអំពាវនាវឱ្យស្ថាប័នមួយនេះខិតខំជួយយិតយោងប្រទេសក្រីក្រផង។ បើមិនដូច្នេះទេ ពួកគេប្រឈមនឹងការអត់-ឃ្លានជាមិនខាន។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោករ៉ាម៉ាហ្វូសា (Ramaphosa) ថ្លែងដូច្នេះបន្ទាប់ពីប្រទេសក្រីក្រចាប់ផ្ដើមរងគ្រោះជាបណ្ដើរៗ, មនុស្សអត់ការងារធ្វើក៏កើនឡើងបន្ទាប់ពីលោកត្រាំកាត់ផ្ដាច់ជំនួយរបស់អាមេរិកដែលផ្ដល់តាមរយៈទីភ្នាក់ងារយូអែសអេអាយឌី (USAID)។
ថ្នាក់ដឹកនាំអាហ្វ្រិកខាងត្បូងរូបនេះថ្លែងថាសេចក្ដីសង្ឃឹមតែមួយគត់ដែលជីម្ភៃអាចធ្វើបានគឺខិតខំសហការគ្នាជាពហុភាគីដើម្បីយកឈ្នះបញ្ហាប្រឈមដ៏ធំសម្បើមដែលកំពុងរួបរឹតពិភពលោក។ ក្នុងនោះ សេដ្ឋកិច្ចពិភពលោកមានកំណើនយឺតយ៉ាវជាងការរំពឹងទុក ហើយក៏មានភាពរអាក់រអួលផងដែរ, បញ្ហាជំពាក់បំណុលកាន់តែច្រើនឡើងៗ, ភាពក្រីក្របន្តកើតមាននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក, ហើយនិងបញ្ហាវិសមភាព និងការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថាពិភពលោកមិនទាន់ចាត់វិធានការឱ្យបានឆាប់រហ័ស និងហ្មត់ចត់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះនៅឡើយទេ។ អាហ្វ្រិកខាងត្បូងឆ្នាំនេះធ្វើជាប្រធានជីម្ភៃបន្តពីប្រទេសប្រេស៊ីលដែលផុតអាណត្តិតាំងពីខែធ្នូ ឆ្នាំ២០២៤។ អាហ្វ្រិកខាងត្បូងជាប្រទេសអាហ្វ្រិកទី១នៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែលមានភ័ព្វសំណាងបានធ្វើជាប្រធានជីម្ភៃ។ នៅខែវិច្ឆិកាខាងមុខនេះ អាហ្វ្រិកខាងត្បូងនឹងរៀបចំកិច្ចប្រជុំកំពូលជីម្ភៃនៅទីក្រុងចូហាន់ណេស្បឺក (Johannesburg)។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងចង់ផ្ដោតសំខាន់ទៅលើការរួបរួមសាមគ្គីគ្នា និងការសហការគ្នាជាសាកល។ លោកនឹងលើកទឹកចិត្តឱ្យធ្វើការសកម្មនៅក្នុងស្ថាប័នពិពភលោក, គាំទ្រប្រទេសកំពុងអភិវឌ្ឍ និងបង្កើនការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណុចទាំងនេះផ្ទុយពីនយោបាយរបស់ត្រាំ។ លោកត្រាំចងផ្ដោតសំខាន់ទៅលើផលប្រយោជន៍ជាតិរបស់អាមេរិកជារឿងសំខាន់ទី១។ ដូច្នេះ ការធ្វើប្រយោជន៍សម្រាប់អ្នកដទៃមិនមែនជាគោលជំហររបស់គាត់ទេ។
លោករ៉ាម៉ាហ្វូសាយល់ថានៅក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនឹងសភាពការណ៍មិនច្បាស់លាស់ មានន័យថាក្ដៅត្រជាក់ៗទៅតាមប៉ូលភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការកើនឡើងនូវកម្ដៅនយោបាយសាកលផងនោះ លោកយល់ថាវាជាការសំខាន់ជាងពេលណាៗទាំងអស់ដែលសមាជិកជីម្ភៃត្រូវចេះសហការគ្នា។ លោកថាយើងត្រូវតែរួមគ្នាធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាជនទូទាំងពិភពលោក។ រឹតតែសំខាន់ទៅទៀតនោះគឺត្រូវខិតខំការពារអ្នកជំនាន់ក្រោយ៕
ចែករំលែកព័តមាននេះ