រាជធានីភ្នំពេញ ៖ បុរសពីរនាក់ត្រូវជាពូ និងក្មួយ ជិះម៉ូតូចំនួន២គ្រឿងចេញពីមើលបងប្អូនឈឺ នៅឯមន្ទីរពេទ្យមួយកន្លែងត្រឡប់ទៅផ្ទះវិញត្រូវបានក្រុមជនសង្ស័យមានគ្នាចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពធា.ក់ប្ល.ន់ រួចជិះយកទៅបានសម្រេច នៅខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ចំណុចក្បែរ និងសាលាកូរ៉េ ក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនរួមទាំងបុរសម្នាក់ទៀត ត្រូវជាពូ បានជិះម៉ូតូចំនួនពីរគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅទាំង២គ្រឿង ចេញពីផ្ទះទៅមើលបងប្អូនឈឺ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង ក្រោយមករូបគេរួម និងពូក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ទិសដៅពីជើងទៅត្បូង ខណៈពេលជិះមកដល់ចំណុចកើតហេតុក្បែរនិងសាលាភាសារកូរ៉េ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាប្រមាណ៦នាក់ ជិះម៉ូតូបីគ្រឿង មកធ្វើសកម្មភាពធាក់ម៉ូតូខ្លួនពីក្រោយ បណ្ដាលឲ្យដួល បន្ទាប់មកបក្ខពួកជនសង្ស័យក៏បានចុះពីលើម៉ូតូ រួចទាញយកដុំថ្ម និងអាវុធផ្សេងៗទៀតមកគំរា.ម ពេលនោះដែរដោយខ្លួនភ័យពេក ខ្លាចក្រុមជនសង្ស័យទាំងនោះ ក៏រត់ស្រែកឲ្យអ្នកក្បែរខាងជួយទោះយ៉ាងណាក្រុមជនសង្ស័យទាំងនោះបានយកម៉ូតូជនរងគ្រោះបានទាំង២គ្រឿង ហើយជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

បន្ទាប់មកក៏ឃើញវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់គោករការ ចុះមកដល់ រួចនាំជនរងគ្រោះទៅធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីតាមស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះឃាត់យកមកចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ