រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសវៀតណាម ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានដាក់ទុនវិនិយោគនៅកម្ពុជា ចំនួន៤០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ។
ការលើកឡើងរបស់ឯកឧត្តម ង្វៀន មិញវ៉ូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។
នៅក្នុងជំនួបនោះដែរ សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម ង្វៀន មិញវ៉ូ ដែលត្រូវបានរដ្ឋាភិបាលវៀតណាម ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
សម្តេចបានលើកឡើងថា វត្តមានបេសកកម្មរបស់ឯកឧត្តម នៅពេលនេះ ស្របពេលដែលថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ ទើបតែបញ្ចប់ជំនួបកំពូលនៅទីក្រុងហូជីមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី ដែលជាអ្នកភូមិផងរបងជាប់គ្នា មានទំនាក់ទំនងជាប្រពៃណី និងជាយូរលុងណាស់មកហើយ ។
សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី នឹងខិតខំទ្វេដងថែមទៀត ដើម្បីលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ ធន់ និងទូលំទូលាយខ្លាំងឡើងថែមទៀត រួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ “ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពរឹងមាំ យូរអង្វែងនិងគ្រប់ជ្រុងជ្រោយ” លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត ។
ឯកឧត្តម ង្វៀន មិញវ៉ូ បានសម្ដែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក និងបានលើកឡើងថា ការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាកិត្តិយសមួយរបស់ឯកឧត្តម ។
ឯកឧត្តម សង្ឃឹមថា សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ទាំងមូល នឹងបន្តផ្តល់កិច្ចសហការល្អជាមួយស្ថានទូតវៀតណាម ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងសងខាង ។
ឯកឧត្តមទូត បានគូសបញ្ជាក់ថា ”រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានដាក់ទុនវិនិយោគនៅកម្ពុជា ចំនួន៤០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ” ។
ក្នុងឱកាសនោះដែរ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ជាមួយនឹងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាទាំងពីរ នឹងត្រូវបានលើកកម្ពស់ ពង្រឹង និងពង្រីកកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន២៥លានដុល្លារ ក្នុងការសាងសង់អគាររដ្ឋបាលថ្មី ជូនរដ្ឋសភាកម្ពុជា។ អគាររដ្ឋបាលថ្មី ដែលបានសម្ពោធជាផ្លូវការកាលពីចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នឹងដាក់ឱ្យដំណើរការជាផ្លូវការ នាខែមីនា ខាងមុខនេះ ក្នុងឱកាស ដែលរដ្ឋសភាកម្ពុជាប្រារព្ធកម្មវិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ង្វៀន មិញវ៉ូ បានបញ្ជាក់ជំហររួមគ្នា នូវក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយយកប្រជាពលរដ្ឋជាស្នូល ។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ឯកអគ្គរដ្ឋទូត សន្យាថា នឹងខិតខំជំរុញឱ្យទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ សម្រេចបានដល់ ២០ពាន់លានដុល្លារក្នុងពេលខាងមុខនេះ ៕


ចែករំលែកព័តមាននេះ