ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​ជិះ​ពី​ភ្នំពេញ យក​ទៅ​បញ្ចាំ​នៅ​ខេត្តកំពង់ចាម បាន​ប្រាក់​៥០​ម៉ឺន​រៀល ស៊ីចាយ​ទិញ​ថ្នាំ​ញៀន​ជក់​ហ្មត់

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ទើបតែ​ចូល​ធ្វើការ​ងារ​បាន ១​អាទិត្យ​ប៉ុណ្ណោះ បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ពី​យុវជន​ម្នាក់​ទៀត ដែល​ជា​អ្នកធ្វើការ​ជាមួយ​គ្នា ដោយ​ប្រាប់​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ទើបតែ​ចូល​ធ្វើការ​ងារ​បាន ១​អាទិត្យ​ប៉ុណ្ណោះ បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ពី​យុវជន​ម្នាក់​ទៀត ដែល​ជា​អ្នកធ្វើការ​ជាមួយ​គ្នា ដោយ​ប្រាប់​ថា ជិះ​ទៅ​យក​ទូរ​សព្ទ​ពី​កន្លែង​ជាង​មួយ​ភ្លែត​ប៉ុណ្ណោះ​។ ក្រោយ​ពេល​ខ្ចី បាន​ក៏​ជិះ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពង់ចាម រួច​យក​ទៅ​ដាក់បញ្ចាំ នៅ​កន្លែង​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង បាន​ប្រាក់​ត្រឹម​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ដើរ​ស៊ីចាយ​និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់​គ្មាន​សល់​។ លុះ​រយៈពេល​៨​ថ្ងៃ​ក្រោយមក ដើរ​ចូល​អន្ទាក់​ដោយ​ខ្លួនឯង ខណៈ​វិល​ត្រលប់​ចូល​ទៅ​កន្លែងធ្វើការ​វិញ ក៏​ត្រូវ​ម្ចាស់​ម៉ូតូ ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ហើយ​នគរបាល​បាន​នាំ​ជន​នោះ​ទៅ​កន្លែង​បញ្ចាំ​ម៉ូតូ រួច​បាន​ដកហូត​យក​មក​វិញ ប៉ុន្តែ​អ្នក​ទទួល​បញ្ចាំ​បាន​គេចខ្លួន​បាត់​ហើយ ។

ម្ចាស់​ម៉ូតូ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​យានដ្ឋាន​រថយន្ត​ស្ទូច ស្ថិត​នៅ​តាម​ផ្លូវលំ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ហ៊ី​ម ធា ហៅ​វីត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​យានដ្ឋាន​រថយន្ត​ស្ទូច​ខាងលើ និង​ស្នាក់​នៅ​ក្នុង​យានដ្ឋាន​នោះ ប៉ុន្តែ​ទើប​ចូល​ធ្វើការ​នៅ​ទីនោះ បាន​១​អាទិត្យ​ប៉ុណ្ណោះ ក៏​ក្លាយជា​ជន​ឆបោក​តែ​ម្ដង ហើយ​ជន​នេះ​ប្រើប្រាស់​គ្រឿងញៀន ទៀត​ផង ។

ម្ចាស់​ម៉ូតូ ឈ្មោះ ស៊ិ​ន ទី​វិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ និង​ធ្វើ​ជា​កម្មករ​នៅ​យានដ្ឋាន​រថយន្ត​ស្ទូច ជាមួយ​គ្នា​នោះ​ដែរ ហើយ​ម៉ូតូ ដែល​ត្រូវ​ជនសង្ស័យ​ខ្ចី ជិះ​រួច​យក​ទៅ​ដាក់បញ្ចាំ​នោះ​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កណ្តាល​1AA-5017 ។

ដោយឡែក អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​ខាងលើ ត្រឹមតែ​៥០​ម៉ឺន​រៀល​នោះ ឈ្មោះ ទី ផា​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ប​ទិញ​-​លក់​អេ​ត​ចាយ មាន​ទីលំនៅ​តាម​ផ្លូវជាតិ​លេខ​៦ ភូមិ​ឈូក ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ពេល​នេះ​កំពុង​រត់ចោលស្រុក​ហើយ ។

នគរបាល​បាន​ប្រាប់​ថា ករណី​រំលោភ​លើ​ទំនុកចិត្ត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​យប់ នៅ​ក្នុង​យានដ្ឋាន​រថយន្ត​ស្ទូច​ខាងលើ​នោះ ដោយ​ជនសង្ស័យ បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ ហើយ​ប្រាប់​ថា «​សុំ​ខ្ចី​ជិះ​ទៅ​យក​ទូរ​សព្ទ​ពី​កន្លែង​ជាង​មួយ​ភ្លែត​» រួច​ក៏​យក​បាត់​រហូត មិនឃើញ​យក​ត្រឡប់​ទៅ​ឲ្យ​ម្ចាស់​វិញ​ឡើយ ព្រមទាំង​គេចខ្លួន មិន​អាច​ទំនាក់ទំនង​បាន​ទៀត​ផង​។ លុះ​ពេល​ចាំ​បាត់​ៗ ៣​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៩​និង​៥០​នាទី​យប់ ស្រាប់តែ​ជនសង្ស័យ​ខាងលើ ដើរ​ចូល​អន្ទាក់​ដោយ​ខ្លួនឯង ដោយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​យានដ្ឋាន​រថយន្ត​ស្ទូច​នោះ​វិញ ហើយ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ដង្កោ​តែ​ម្ដង ។

ក្រោយ​ពេល នគរបាល​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ ជិះ​មែន រួច​បាន​យក​ទៅ​ដាក់បញ្ចាំ​ឲ្យ​អ្នកទិញ​-​លក់​អេ​ត​ចាយ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ នៅ​ម្ដុំ​ជិត​រង្វង់​មូល​ផ្សារ​ស្គន់ ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ប្រាក់​ចំនួន​ចំនួន ៥០០,០០០(​ហាសិប​ម៉ឺន​)​រៀល រួច​យក​ទៅ​ស៊ីចាយ និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ហើយ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល នគរបាល​ខណ្ឌដង្កោ បាន​នាំ​ជនសង្ស័យ​ទៅ​សហការ​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ទៅ​កាន់​ទីតាំង​ផ្ទះ​ទិញ​-​លក់​អេ​ត​ចាយ ដែល​ទទួល​បញ្ចាំ​ម៉ូតូ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ឈូក ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ពេល​នោះ បាន​ស្គាល់​ថា ជនសង្ស័យ ដែល​ជា​ជា​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​ខាងលើ ឈ្មោះ​ទី ផា​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​បរ​ទិញ​លក់​អេ​ត​ចាយ ប៉ុន្តែ​នៅ​ពេល​កម្លាំង​ចុះ​ទៅ​ដល់ ជនសង្ស័យ​ឈ្មោះ ទី ផា​ន នោះ​បាន​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ ១​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ នៅ​ខាង​មុខ​ផ្ទះ​ទិញ​-​លក់​អេ​ត​ចាយ របស់​ខ្លួន​នោះ ។

នគរបាល​ខាងលើ បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​មក​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាន​យក​ម៉ូតូ​ម៉ាក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រហូត​ដល់​វេលា​ម៉ោង​១៦​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល បាន​ប្រគល់​ម៉ូតូ​នេះ ឲ្យ​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​បន្ត​នីតិវិធី ។ លុះដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​ធ្វើ​ពាក្យ​ស្នើ​សុំ​យក​ម៉ូតូ​របស់​ខ្លួន​វិញ ដើម្បី​យក​ទៅ​ប្រើប្រាស់ ហើយ​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ប្រគល់​ម៉ូតូ​នោះ​ជូន​ជន​ជន​រង​គ្រោះ​វិញ​រួច​ហើយ ចំណែក​ជនសង្ស័យ​ខាងលើ និង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ