ប្រទេសកុងហ្គោ ៖ អ្នកជំនាញសុខភាព បាននិយាយថា ជំងឺមិនស្គាល់មុខ(អាថ៌កំបាំង) ដែលត្រូវបានរកឃើញដំបូងលើកុមារបីនាក់ ដែលស៊ីសត្វប្រចៀវ បានសម្លា.ប់មនុស្សយ៉ាងរហ័សជាង ៥០នាក់ នៅភាគពាយព្យនៃប្រទេសកុងហ្គោ ក្នុងរយៈពេលប្រាំសប្តាហ៍កន្លងមកនេះ ។
លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់ បាននិយាយថា អ្នកស្លា.ប់ភាគច្រើន មានពេលត្រឹម៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីធ្លាក់ខ្លួនឈឺ ពោលគឺចន្លោះពេលចាប់ផ្តើមចេញរោគសញ្ញា រួមមាន គ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុង រហូតដល់ស្លា.ប់។ ហើយនេះ “គឺជាអ្វី ដែលគួរឱ្យព្រួយបារម្ភ” ។
រោគសញ្ញាទាំងនេះ ត្រូវបានផ្សារភ្ជាប់ជាទូទៅ ទៅនឹងមេរោគដ៏សាហាវ ដែលគេស្គាល់ដូចជា Ebola គ្រុនឈាម និងគ្រុនក្តៅលឿង ប៉ុន្តែអ្នកស្រាវជ្រាវបានច្រានចោលថា វាមិនទាក់ទងមេរោគទាំងនេះទេ ដោយផ្អែកលើការធ្វើតេស្តគំរូ ជាងរាប់សិប ដែលប្រមូលបានរហូតមកដល់ពេលនេះ ។
ការផ្ទុះឡើង នៃជំងឺចុងក្រោយបំផុត នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា ដោយមានករណីឆ្លងចំនួន ៤១៩ករណី ត្រូវបានកត់ត្រា និង ៥៣នាក់បានស្លា.ប់ ៕


ចែករំលែកព័តមាននេះ