រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានយីហោ «ម្លប់ធ្នង់មានលាភ» ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធឆែកឆេរបង្ក្រាបជាក់ស្តែង ដោយបានឃាត់ខ្លួនមេការ និងបុគ្គលិកប្រុសស្រីចំនួន៣១នាក់ ហើយបាននាំខ្លួនយកទៅសាកសួរ ដែលពាក់ព័ន្ធលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រី និងកុមារ ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំងភោជនីយដ្ឋានដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៥២ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងការចុះបង្ក្រាបហាងផឹកស៊ីនេះ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ផន សុធារិទ្ធ ក្រឡាបញ្ជី ។ ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ការចុះបង្ក្រាបឆែកឆេរហាងម្លប់ធ្នង់ មានលាភនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា ហាងផឹកស៊ីច្រៀងរាំកម្សាន្តមួយកន្លែងនេះ លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រី និងកុមារ ដោយមានមេការចាំទទួលភ្ញៀវ និងទាក់ទងនារីក្មេងៗមកឱ្យភ្ញៀវ ហើយត្រូវរ៉ូវគ្នានាំយកទៅដេកនៅផ្ទះសំណាក់ក្រោយពេលផឹកស៊ីកម្លាំងហក់ឡើង ។

តាមសមត្ថកិច្ចឲ្យដឹងទៀតថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនបុគ្គលិកក្នុងហាងចំនួន៣១នាក់ ក្នុងនោះមានប្រុស២នាក់ មេការស្រីចំនួន៣នាក់ និងនារីក្មេងៗសាច់សខ្ចីចំនួន១៣នាក់ ដែលសង្ស័យជាអនីតិជន ព្រមទាំងដកហូតស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួន ឯកសារមួយចំនួន និងកុំព្យូទ័រ១គ្រឿង ។

នារីក្មេងៗទាំងនេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា មានមនុស្សចំនួនប៉ុន្មាននាក់ដែលពាក់ព័ន្ធការលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ តាមរូបភាពកេងប្រវ័ញ្ចលើស្ត្រី និងកុមារនោះទេ ។ ក្រោយសកម្មភាពបង្ក្រាបទីតាំងស្រស់ស្រីនេះ ពួកគេត្រូវបានដឹកជញ្ជូនដោយរថយន្តសាំយ៉ុង៤គ្រឿងទៅកាន់ការិយាល័យប៉ូលិស ។

កាលពីទី៩ កុម្ភៈ ២០២៥កន្លងមកនេះ ហាងចែមុំបុកល្ហុង ក៏ត្រូវបានបង្ក្រាបក្នុងរូបភាពដូចគ្នានេះដែរ គឺបានបង្កប់សេវាផ្លូវភេទ និងឃាត់ខ្លួនចំនួន១១នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជន៥នាក់ និងម្ចាស់ហាង២នាក់ប្ដី-ប្រពន្ធ ។ ហាងចែមុំបុកល្ហុងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ