ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជីវករ​លក់ដូរ​តាមមាត់​ស្ទឹង​ព្រែក​ត្នោត ព្រម​រុះរើ​ ​ដើម្បី​ទុក​ឱ្យ​អាជ្ញាធរ​រៀបចំ​សួនច្បារ និង​ដាំ​ដើម​ត្នោត លើកកម្ពស់​សោភ័ណ​ភាព​ខេត្ត

14 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រោយ​មានការ​ណែនាំ​ពី​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ក្រុង​ច្បារមន​ជា​លើក​ទី​២ អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​កញ្ច្រែង​មាត់​ស្ទឹង​បាន​សម្រេច​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទុក​ទីតាំង​មាត់​ស្ទឹង​ឱ្យ​អាជ្ញាធរ​ខេត្ត​រៀបចំ​សួនច្បារ និង​ដាំ​ដើម​ត្នោត​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី លោក ទឹម ផា​នូ…

ខេត្តកំពង់ស្ពឺ​៖ ក្រោយ​មានការ​ណែនាំ​ពី​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ក្រុង​ច្បារមន​ជា​លើក​ទី​២ អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​កញ្ច្រែង​មាត់​ស្ទឹង​បាន​សម្រេច​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទុក​ទីតាំង​មាត់​ស្ទឹង​ឱ្យ​អាជ្ញាធរ​ខេត្ត​រៀបចំ​សួនច្បារ និង​ដាំ​ដើម​ត្នោត​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី លោក ទឹម ផា​នូ អភិបាលក្រុង​ច្បារមន ក្នុង​ឱកាស​ចុះ​ពិនិត្យ និង​រុះរើ​សំណង់​សេសសល់​ចាប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​។

លោក ទឹម ផា​នូ បាន​លើក​ឡើង​ថា អាជីវករ​បាន​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត និង​ខ្លះ​បាន​រុះរើ​សំណង់​ដោយ​ខ្លួនឯង ហើយ​ខ្លះ​ក៏​ទុក​សំណង់​ចោល ដើម្បី​ឱ្យ​អាជ្ញាធរ​ក្រុង​ជា​អ្នក​រុះរើ​ទៅ​លើ​១៣០​តូប​។ ដោយ​ជំហាន​ដំបូង អាជ្ញាធរ​ត្រូវ​រុះរើ និង​បើក​ការដ្ឋាន​ឈួ​ស​ឆាយ ដើម្បី​រៀបចំ​ជា​សួនច្បារ ដាំ​ដើម​ត្នោត​ឱ្យ​ដូច​ទៅ​នឹង​មាត់​ស្ទឹង​ម្ខាង​ទៀត នៅ​មុខ​សាលាខេត្ត​។ បន្ទាប់​ពី​នេះ អាជ្ញាធរ​ក្រុង​ច្បារមន​នឹង​ចុះ​ចាត់វិធានការ​ចំពោះ​ម្ចាស់ផ្ទះ​ដែល​អនុញ្ញាត និង​ជួល​មុខ​ផ្ទះ​ឱ្យទៅ​អាជីវករ​លក់ដូរ​លើ​ដី​រដ្ឋ ឬ​ដី​សាធារណៈ​របស់​រដ្ឋ​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ តែ​ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ការ​លក់ដូរ​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​មិន​ហៀរ​មក​ខាងក្រៅ​លើស​ពី​១,៥០​ម៉ែត្រ​នោះ​មិន​អី​ទេ​។

លោក​អភិបាលក្រុង​ច្បារមន បាន​បន្ថែម​ថា ចំពោះ​អាជីវករ​ដែល​លក់ដូរ​នៅ​ចំណុច​រង្វង់​មូល​ដើម​លាភ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​ការ​មិន​អនុញ្ញាត​ឱ្យ​លក់​បន្ត ហើយ​ត្រូវ​រើ​ទៅ​កាន់​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត និង​ក្រុង បាន​រៀបចំ​ជា​ស្រេច​។ រង្វង់​មូល​ដើម​លាភ​នេះ អាជ្ញាធរ​នឹង​ធ្វើការ​រៀបចំ​ឱ្យ​ក្លាយជា​សួន​ប្រណិត​មួយ​ដែល​ចូលរួម​លើកកម្ពស់​សោភ័ណ​ភាព និង​មុខមាត់​ខេត្ត​បាន​មួយ​កម្រិត ទន្ទឹម​នោះ​ក៏​រៀបចំ​ទីតាំង​រង្វង់​មូល​នេះ​ឱ្យទៅ​ជា​ផ្លូវ​តែ​មួយ​(one way)​ជុំវិញ​ផ្សារ​កំពង់ស្ពឺ ដើម្បី​កាត់​បន្ថយ​កា​រម​ម៉ា​ញ៉ឹ​ក និង​កកស្ទះ​ចរាចរ​។

លោក ទឹម ផា​នូ ក៏​បាន​រំពឹង​ថា ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ស្ថិត​នៅ​ទីតាំង​ខាងលើ និង​អាជីវករ​ដែល​បាន​និង​កំពុង​លក់ដូរ​លើ​សួន​ដើម​លាភ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​អាជ្ញាធរ​អាច​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សោភ័ណ​ភាព​ក្រុង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។

សូម​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​បាន​រៀបចំ​ទីតាំង​ផ្សារ​ថ្មី​សម្រាប់​អាជីវករ ដែល​រើ​ពី​ផ្សារ​មាត់​ស្ទឹង និង​រង្វង់​មូល​ដើម​លាភ​ដោយ​មិន​មានការ​យក​ថ្លៃ​តូប​រហូត​ដល់​រយៈពេល​២​ឆ្នាំ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​អាជីវក​រទាំង​អស់នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ