រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូកង់បីយកលុយក្រដាសសែន៥ដុល្លារមកអោយម្ចាស់ម៉ូតូកង់បីអាប់ តែមិនមានលុយអាប់ ហើយពិនិត្យមើលទើបដឹងថា ជាលុយក្រដាសសែន ម្ចាស់ម៉ូតូកង់បីស្រែកអោយបងប្អូនប្រជាពលរដ្ឋជួយដេញឃាត់បានទាំងពីរនាក់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្លូវសហព័ន្ធរុស្ស៊ី ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីលោកពូម្ចាស់ម៉ូតូកង់បី បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញបុរស២នាក់ឈរជិតផ្សារនៅផ្លូវ១០០២ហើយគាត់បានហៅជិះដឹកទៅម្តុំផ្សារទឹកថ្លា ក្នុងតម្លៃ៥ពាន់រៀល លុះគាត់ដឹកមកដល់នៅផ្សារទឹកថ្លា បុរសពីរនាក់មានមាឌធំមួយ មានតូចមួយ ក្នុងនោះបុរសដែលមានមាឌធំបានយកលុយដុល្លារក្រដាស៥ដុល្លារអោយគាត់ ចំណែកគាត់បាននិយាយប្រាប់ថា ពូអត់មានលុយដូរទេ ព្រោះអី គាត់ទើបរត់ម៉ូតូកង់បីបាន៥ពាន់រៀល ក្មួយអែងទៅដូរអោយពូបានទេ លុះបន្ទាប់មកគាត់យកលុយមកពិនិត្យ ដោយមានការសង្ស័យ គាត់និយាយថា លុយក្លែងក្លាយទេក្មួយ ចំណែកបុរសម្ចាស់លុយបាននិយាយប្រាប់ថា លុយក្លែងក្លាយឯណា គេទើបដូរអោយមុននឹងមិញ ចំណែកលោកពូម្ចាស់ម៉ូតូកង់បីបានពិនិត្យម្តងទៀតឃើញដាក់ក្រដាសសែន ក៏ស្រាប់តែបុរសពីរនាក់ខាងលើបាននាំគ្នារត់តែម្តង ។

លុះបន្ទាប់មកមានបងប្អូនប្រជាពលរដ្ឋជួយដេញ ដោយប្រាប់ថា បុរសពីរនាក់ខាងលើយកលុយដុល្លារក្រដាសសែនអោយគាត់ជួយចាប់អោយផងត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ ហើយឆែកឆេរមានលុយក្រដាសសែនជាច្រើនសន្លឹក ។

ចំណែកបុរសម្នាក់ ដែលមានលុយក្រដាសសែនខាងលើបាននិយាយប្រាប់ថា គាត់អត់លុយទើបគាត់ធ្វើអញ្ចឹង នេះជាលើកទីមួយហើយ គាត់ខុស ។
ក្រោយពេលកើតហេតុបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ដោយឃាត់បុរសពីរនាក់ខាងលើយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕


ចែករំលែកព័តមាននេះ