រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានផ្ដាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ទាំងដែលពេលនេះ សម្ដេចកំពុងមានជំងឺកូវីដ-១៩ហើយ បន្ទាប់ពីក្អក ហៀរសំបោរ មួយយប់ មួយថ្ងៃ ។
យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដើម្បីជៀសវាងការភ័នច្រឡំ ពីការអវត្តមានរបស់សម្ដេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភា នាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៨ កុម្ភៈ ២០២៥ ខាងមុខ ។
សម្ដេចតេជោបានបញ្ជាក់ថា «សូមជម្រាបថា ពេលនេះ ខ្ញុំមានកូវីដ-១៩ហើយ បន្ទាប់ពីក្អក ហៀរសំបោរ មួយយប់មួយថ្ងៃកន្លងមកនេះ។ ជំងឺកូវីដ មិនទាន់ទៅណាឆ្ងាយទេ សូមប្រុងប្រយ័ត្នទាំងអស់គ្នា» ៕

ចែករំលែកព័តមាននេះ