ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple និង Alibaba ប្រកាស​គម្រោង​វិនិយោគ​ក្នុងស្រុក​ទឹកប្រាក់​មហាសាល​ផ្តោត​សំខាន់​លើ AI

14 ម៉ោង មុន

អន្តរជាតិ ៖ បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង Reuters កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា…

អន្តរជាតិ ៖ បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង Reuters កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​សហរដ្ឋអាមេរិក Apple និង​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ប្រទេស​ចិន Alibaba បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​ក្នុងស្រុក​តម្លៃ​ដ៏​មហាសាល​លើ​បច្ចេកវិទ្យា ផ្តោត​សំខាន់​លើ​បញ្ញា​សិប្បនិម្មិត AI​។

ក្រុមហ៊ុន Apple គ្រោង​វិនិយោគ​ជាង​៥០០​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក សម្រាប់​រយៈពេល​៤​ឆ្នាំ​ខាង​មុខ ដោយ​ចាប់ផ្តើម​ជំហាន​ដំបូង​ជាមួយ​រោងចក្រ​ផលិត​កម្រិត​ខ្ពស់​ថ្មី​មួយ នៅ​រដ្ឋ​តិច​សាស់​។ ក្រុមហ៊ុន​បញ្ជាក់​ថា ខ្លួន​រំពឹង​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន​២​ម៉ឺន​នាក់ ភាគច្រើន​នៃ​តួនាទី​ផ្តោត​លើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា កម្មវិធី​កុំព្យូទ័រ និង AI​។ ការ​វិនិយោគ​នេះ ក៏​រាប់​បញ្ចូល​ទាំង​ការ​ចំណាយ​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់ រហូត​ដល់​ការ​ផលិត​សេវាកម្ម​ផ្សាយ​ផ្ទាល់ Streaming ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ក្រុមហ៊ុន​គឺ Apple TV+​។

ការ​ប្រកាស​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដើម្បី​បង្កើន​ការ​វិនិយោគ​សាជីវកម្ម​ក្នុងស្រុក​ជា​អាទិភាព​។ ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ការ​វិនិយោគ​នេះ គឺជា​ការ​ប្តេជ្ញា​ចិត្ត​លើ​ការ​វិនិយោគ​ដ៏​ធំ​មិន​ធ្លាប់​មាន ហើយនឹង​ពង្រីក​ការ​គាំទ្រ សម្រាប់​ការ​ផលិត​នៅ​អា​មេ​រិ​ក​។

ក្រុមហ៊ុន​បាន​បង្ហើប​ថា រោងចក្រ​ថ្មី​ទំហំ​ជាង​២.៣​ហិ​កតា នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន (Houston) រដ្ឋ​តិច​សាស់ គ្រោង​នឹង​ផលិត​ម៉ាស៊ីន​មេ​គាំទ្រ​ដល់ Apple Intelligence ដែល​ជា​ប្រព័ន្ធ AI ដ៏​ទំនើប​បំផុត​របស់​ក្រុមហ៊ុន ដែល​នឹង​អាច​បើក​ដំណើរ​នៅ​ឆ្នាំ ២០២៦ និង​បង្កើត​ការងារ​បាន​រាប់​ពាន់​មុខ​តំណែង​ផង​ដែរ​។

ក្រៅពី​នោះ Apple ក៏​កំពុង​ពង្រីក​សមត្ថភាព​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​រដ្ឋ​ការ៉ូ​លី​ណា​ភាគ​ខាងជើង (North Carolina) រដ្ឋ​អាយ​អូ​វ៉ា (Iowa) រដ្ឋ​អូ​រី​ហ្គិ​ន (Oregon) រដ្ឋ​អា​រី​ហ្សូ​ណា (Arizona) និង​រដ្ឋ​ណេ​វ៉ា​ដា (Nevada) និង​បង្កើន​ការ​គាំទ្រ​ទ្វេ​ដង​សម្រាប់​មូលនិធិ​ផលិត​នៅ​អា​មេ​រិ​ក ដែល​បាន​បង្កើត​ក្នុង​អាណត្តិ​ដំបូង​របស់​លោក ត្រាំ រង្វង់​ទឹកប្រាក់​ពី ៥​ពាន់ ទៅ ១០​ពាន់​លាន​ដុល្លារ​។

ដោយឡែក ក្រុមហ៊ុន Alibaba ឯណោះ​វិញ ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ថា ខ្លួន​គ្រោង វិនិយោគ​យ៉ាង​ហោច​ណាស់ ៣៨០​ពាន់​លាន​យន់ ឬ ៥២.៤៤​ពាន់​លាន​ដុល្លារ​លើ​បច្ចេកវិទ្យា​ដំណើរការ​ជំនួយ​អ៊ីនធឺណិត Cloud Computing និង​ហេដ្ឋារចនាសម្ព័ន្ធ AI សម្រាប់​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សំខាន់​ពី​មហិច្ឆតា ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ផ្នែក AI​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកទេស​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ការ​លក់រាយ និង​សេវា​អ៊ីនធឺណិត​ខ្នាត​យក្ស​របស់​ប្រទេស​ចិន ដែល​សហការ​បង្កើត​ឡើង​ដោយ​មហាសេដ្ឋី Jack Ma មួយ​នេះ គ្រោង​ចំណាយ​កាន់តែ​ច្រើន​លើ​បច្ចេកវិទ្យា AI និង Cloud Computing របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ​។ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ឆ្នាំ ២០២៥ ក្នុង​នាម​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួតប្រជែង AI របស់​ប្រទេស​ចិន ដោយ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន ស្រប​ពេល​ភាគហ៊ុន​បាន​កើនឡើង​ជាង ៦៨% នៅ​ឆ្នាំ​នេះ​ផង​ដែរ​។

ក្រុម​ហ៊​ន​ដែល​បាន​រាយការណ៍​អំពី​ប្រាក់​ចំណូល ៣៨.៦​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​បី​ខែ ដែល​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ពោល​តិច​ជាង​ការ​ព្យាករណ៍​របស់​អ្នកវិភាគ​មួយ​នេះ បាន​គូសបញ្ជាក់​ថា ខ្លួន​ស្រមៃ​ថា​នឹង​ក្លាយជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ និង​អនុវត្ត AI ទៅ​កាន់​ពិភព​ពិត​។

ក្រៅ​អំពី Alibaba ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ផ្សេង​ទៀត ក៏​បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់ TikTok បាន​កំណត់​ការ​ចំណាយ​របស់​ខ្លួន​ជាង ២០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ដែល​ភាគច្រើន​ផ្តោត​លើ AI​។

ការ​ប្រកាស​អំពី​គម្រោង​វិនិយោគ​ដ៏​សំខាន់​ទាំងនេះ កើតឡើង​ក្រោយ​ពេល​ជំនួប​ពិសេស​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) ជួប​ជាមួយ​លោក Jack Ma ព្រមទាំង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ៗ​របស់​ចិន​ផ្សេង​ទៀត នៅ​ឯ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ កន្លង​ទៅ សម្រាប់​កិច្ចប្រជុំ​មេដឹកនាំ​អាជីវកម្ម​ឯកជន​ចិន ដោយ​ជំរុញ​អ្នក​ទាំងនេះ​បង្ហាញ​ទេព​កោសល្យ និង​ស្នាដៃ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ