រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះទៅបិទភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សប្រុសស្រីចំនួន៣១នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ ។
នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រួមទាំងអាជ្ញាធរបានចុះបិទភោជនីយដ្ឋានម្លប់ធ្នង់មានលាភខាងលើ ដោយយកខ្សែព័ទ្ធជំវិញ ដើម្បីចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងកន្លែងកើតហេតុភ្លាមៗ ក្នុងនោះបានរកឃើញស្រោមអនាម័យជាច្រើនប្រអប់ដែលមិនទាន់បានប្រើ ។
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ចាក់ប្រាប់ថាក្នុងករណីឃាត់ខាងលើ រួមមានបុគ្គលិក មេការនិងថៅកែភោជនីយដ្ឋាន សរុបចំនួន៣១នាក់ ក្នុងនោះប្រុស២នាក់ក្មេងស្រីជាច្រើននាក់ដែលមិនទាន់គ្រប់អាយុ ឃាត់យកទៅសួរនាំនៅផ្នែកជំនាញ ។
ដោយឡែក២នាក់ទៀត មានសន្តិសុខម្នាក់ព្រមទាំងស្ត្រីចំណាស់ជាអ្នកអនាម័យ មិនបានឃាត់ខ្លួនទេ អោយពួកគាត់រងចាំការពារនៅភោជនីយដ្ឋានខាងលើ ។
ក្រោយពេលកើតហេតុ បុគ្គលិកព្រមទាំងមេការនិងថៅកែភោជនីយដ្ឋានខាងលើត្រូវបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចំនួន៤រថយន្ដយកទៅសាកសួរចាត់ការតាមនិតិវិធីបន្ត ៕











ចែករំលែកព័តមាននេះ