ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ដែល​រំដោះ​ពី​មណ្ឌល​ឆ​បោ​ក​រាប់​ពាន់​នា​ក់​ត្រូវ​គាំង​ដំណើរ​ត្រឹម​ថៃ

5 ម៉ោង មុន

ទី​ក្រុង​បាងកក៖ ជន​ជាតិ​បរទេស​រាប់​ពាន់​នាក់​កំពុង​ជាប់​គាំង​ដំណើរ​យ៉ាង​ត្រៀប​ត្រា​នៅ​ប្រទេស​ថៃ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​អាជ្ញា​​ធរ​ថៃ និង​ភូមា​សហ​ការ​គ្នា​រំដោះ​បាន​ពី​មជ្ឈ​មណ្ឌល​ឆ​បោក​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​២​។ ​ប៉ុនា្មន​សប្ដាហ៍​ចុង​ក្រោយ​នេះ អាជ្ញា​ធរ​ចិន​​ សហ​ការ​គ្នា​ជា​មួយ​ថៃ និង​ភូមាចាត់​វិធាន​ការ​ក្ដៅ​ដើម្បី​បង្ក្រាប​ និង​បិទ​ដំណើរ​ការ​ទាំងស្រុង​នូវ​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​អន​ឡាញ និង​ល្បែង​អន​ឡាញ​ដែល​បំផ្លាញ​លុយ​របស់​ប្រជា​ជន​រាប់​សិប​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភព​លោក​។ ជា​ពិសេស​…

ទី​ក្រុង​បាងកក៖ ជន​ជាតិ​បរទេស​រាប់​ពាន់​នាក់​កំពុង​ជាប់​គាំង​ដំណើរ​យ៉ាង​ត្រៀប​ត្រា​នៅ​ប្រទេស​ថៃ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​អាជ្ញា​​ធរ​ថៃ និង​ភូមា​សហ​ការ​គ្នា​រំដោះ​បាន​ពី​មជ្ឈ​មណ្ឌល​ឆ​បោក​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​២​។ ​ប៉ុនា្មន​សប្ដាហ៍​ចុង​ក្រោយ​នេះ អាជ្ញា​ធរ​ចិន​​ សហ​ការ​គ្នា​ជា​មួយ​ថៃ និង​ភូមាចាត់​វិធាន​ការ​ក្ដៅ​ដើម្បី​បង្ក្រាប​ និង​បិទ​ដំណើរ​ការ​ទាំងស្រុង​នូវ​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​អន​ឡាញ និង​ល្បែង​អន​ឡាញ​ដែល​បំផ្លាញ​លុយ​របស់​ប្រជា​ជន​រាប់​សិប​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភព​លោក​។

ជា​ពិសេស​ ជន​ជាតិ​ចិន​នៅ​ប្រទេស​ចិន​ និង​នៅ​ទី​ដទៃ​ទៀត​ជា​មុខ​សញ្ញា​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​រាយ​អន្ទាក់​ដើម្បី​ជំរិត​ទារ​ប្រាក់​​។ ​ពួក​ចលនា​ប្រដាប់​អាវុធ​២​ក្រុម​នៅ​ប្រទេស​ភូមា​​ដែល​ប្រឆាំង​​នឹង​លោក​មីន​អុង​ឡាំង​គឺ​កង​ទ័ព​ជាតិ​ការ៉េន (Karen) និង​កង​ទ័ព​ការ៉េន​ប្រជា​ធិបតេយ្យ​និយម​ព្រះ​ពុទ្ធ​សាស្ត្រ​កំពុង​គ្រប់​គ្រង​បុគ្គ​លិក​៧​ពាន់​នាក់​ដែល​រំដោះ​បាន​ពី​មជ្ឈ​មណ្ឌល​ឆ​បោក​។

ប៉ុន្តែ​ពួកគេ​មិន​ទាន់​មាន​លទ្ធ​ភាព​ចាប់​បញ្ជូន​អ្នក​ទាំង​នេះ​​ប្រគល់​ឱ្យ​អាជ្ញា​ធរ​ថៃ​នៅ​ឡើយ​ទេ​។ ហេតុ​នេះ ពួកគេ​ត្រូវ​នៅជាប់​គាំង​ដំណើរ​១​កន្លែង​។ បុគ្គ​លិក​ដែលគេ​រំដោះ​បាន​បាន​ប្រាប់​ថា​នៅ​ពេល​អាជ្ញា​ធរ​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​យក​ពួកគេ​បែប​នេះ​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​ក្នុង​នាម​ជា​ជន​រង​គ្រោះ​ដែល​គេ​បោក​បញ្ឆោត​ទៅ​ធ្វើ​ការ​បម្រើ​គេ​នោះ​ក្លាយ​ជា​ជន​រង​គ្រោះ​មួយ​តង់​ទៀត​។

អ្នក​ដែល​គេ​រំដោះ​បាន​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​ ខណៈ​ដែល​មនុស្ស​១​ពាន់​នាក់​ទៀត​ជា​ជន​ជាតិ​​ចម្រុះ​ជាតិ​សាសន៍​។ នេះ​បើ​យោង​តាម​បុគ្គ​លិក​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​។ អ្នក​ទាំង​នេះ​ត្រូវ​គេ​​​បង្ខាំង​ទុក​នៅ​ក្នុង​ទី​កន្លែង​តូច​ចង្អៀត​ រស់​នៅ​រាង​ពិបាក​បន្តិច​។ អាជ្ញា​ធរ​ថ្នាក់​មូល​ដ្ឋាន​គិត​​​ថា​ពួក​គេ​រស់​នៅ​ខ្វះ​អនាម័យ​ និង​ការ​ថែ​ទាំ​សុខ​ភាព​។ ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ភុំ​ថាម​វិឆា​យ៉ា​ឆៃ​​បញ្ជាក់​ថា​​​ប្រទេស​ថៃ​មិន​ទាន់​មាន​លទ្ធ​ភាព​ដើម្បី​ទទួល​យក​​អ្នក​ដែល​គេ​រំដោះ​បាន​ពី​មជ្ឈ​មណ្ឌល​ឆ​បោក​បន្ថែម​ទៀត​ទេ​។​

នៅ​ខែ​​កុម្ភៈ​នេះ ប្រទេស​ថៃ​ទទួល​បាន​​មនុស្ស​២៦០​នាក់​ដែល​រំដោះ​បាន​ពី​មជ្ឈ​មណ្ឌល​ឆ​បោក​។ ជាង​ពាក់​កណ្ដាល​ជា​ជន​ជាតិ​អេត្យូ​ពី​ ហើយ​អេត្យូពី​នេះ​គ្មាន​ស្ថាន​ទូត​នៅ​ប្រទេស​ថៃ​ទៅ​ទៀត​​​។ កាល​ពី​សប្ដាហ៍​មុន ​ថៃ​ក៏​បាន​ចាប់​បញ្ជូន​ជន​ជាតិ​ចិន​៦២១​នាក់​ត្រឡប់​ទៅ​មាតុ​ភូមិ​របស់​ពួក​គេ​វិញ​ដែរ​ដោយ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពិសេស​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​។

​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​បើក​ដំណើរ​ការ​នៅ​តាម​ព្រំ​ដែន​ថៃ​-​ភូមា​​បាន​ធ្វើ​សកម្ម​ភាព​រាប់​ឆ្នាំ​មក​ហើយ​ គ្មាន​នរណា​អើ​ពើ​ និង​រវី​រវល់​ចាត់​ការ​បង្ក្រាប​ពួក​គេ​ទេ​។ ប៉ុន្តែ​ក្រោយ​ការ​​​បាត់​ខ្លួន​ជន​ជាតិ​ចិន​បី​នាក់​​ដែល​ជា​តារា​សម្ដែង និង​នារី​វ័យ​ក្មេង​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ រឿង​នេះ​ក៏​ចាប់​ផ្ដើម​កក្រើក​ឡើង​តែ​ម្ដង​។ ដំណឹង​នេះ​ធ្វើ​ឱ្យ​ជន​ជាតិ​ចិន​រាប់​លាន​នាក់​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ថៃ​ចាប់​ផ្ដើម​គិត​​ឡើង​វិញ​ និង​​លុប​ចោល​គម្រោង​នោះ​វិញ​។ ​​​អ្នក​ទាំង​បី​ជា​ជន​រង​គ្រោះ​នៃ​អំពើ​រត់​ពន្ធ​មនុស្ស​។​​

ចាប់​ពីពេល​នោះមក ថៃ​កាត់​ផ្ដាច់​ភ្លើង​អគ្គិស​នី អ៊ីនធឺណិត និង​ប្រេង​ឥន្ធនៈ​ទៅ​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​ព្រំ​ដែន​។ ខាង​ភាគី ភូមា​ក៏​ជួយ​ជ្រោម​ជ្រែង​នៅ​ក្នុង​រឿង​នេះ​ដែរ និង​ចាប់​បញ្ជូន​អ្នក​ដែល​គេ​រំដោះ​បាន​​ប្រគល់​​ឱ្យ​អាជ្ញា​ធរ​ថៃ​។ ទំហំ​នៃ​ការ​ឆ​បោក​នេះ​ធ្វើ​ឱ្យ​ខាត​បង់​លុយ​ច្រើន​ណាស់​។ ឧត្ដម​សេនីយ៍​នគ​របាល​ថៃ​ម្នាក់​ឈ្មោះ​ក្រៀង​ក្រៃ​ ភូតៃ​​សង​ (Kreangkrai Puttaisong) ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថាគ្រាន់​តែ​ជន​ជាតិ​ថៃ​​ខាត​បង់​លុយ​អស់​៨០​ពាន់​លានបាត​ ឬ​ជាង​២​ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​ៗ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ