ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក,អ៊ុយ​ក្រែន​ត្រៀម​បញ្ជូន​សំណើ​ទៅ​UNចំ​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​សង្គ្រាម

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​​ដក​ខ្លួន​ថយ​ពី​ពួក​អឺរ៉ុប​ដែល​ត្រៀម​បញ្ជូន​សេចក្ដី​ព្រាង​​ទៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​បោះ​ឆ្នោត​ថ្កោល​ទោស​រុស្ស៊ី​នៅ​ថ្ងៃ​ខួប​​​៣​ឆ្នាំ​នៃ​សង្គ្រាម​​​ (២៤​ កុម្ភៈ ២០២៥)។ អឺរ៉ុប​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​​នោះ​​។ ចំណែក​​អាមេរិក​ក៏​​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​របស់​ខ្លួន​ផង​ដែរ​ ហើយ​នឹង​​បញ្ជូនទៅ​ UN ដូច​គ្នា​ដើម្បី​អនុ​ម័ត​។​​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​​ដក​ខ្លួន​ថយ​ពី​ពួក​អឺរ៉ុប​ដែល​ត្រៀម​បញ្ជូន​សេចក្ដី​ព្រាង​​ទៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​បោះ​ឆ្នោត​ថ្កោល​ទោស​រុស្ស៊ី​នៅ​ថ្ងៃ​ខួប​​​៣​ឆ្នាំ​នៃ​សង្គ្រាម​​​ (២៤​ កុម្ភៈ ២០២៥)។ អឺរ៉ុប​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​​នោះ​​។ ចំណែក​​អាមេរិក​ក៏​​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​របស់​ខ្លួន​ផង​ដែរ​ ហើយ​នឹង​​បញ្ជូនទៅ​ UN ដូច​គ្នា​ដើម្បី​អនុ​ម័ត​។​​ ប៉ុន្តែ​​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​ទាំង​២​នេះមិន​ដូច​គ្នា​ទេ​​​។ អាមេរិក​មិន​បាន​​​ថ្កោល​ទោស​រុស្ស៊ី ឬ​ប្រើ​ប្រាស់​ពាក្យ​ថា​​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន​ទេ​​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​អ៊ុយ​ក្រែន​បដិសេធ​សំណើ​​​អាមេរិក​ ហើយ​​​បន្ត​រៀប​ចំ​សេច​ក្ដី​ព្រាង​​ដើម្បី​​​​បញ្ជូន​ទៅ​អង្គ​ការ​សហ​​ប្រ​ជា​​ជាតិ​​​នៅ​យប់​នេះ​។ ​មហា​សន្និ​បាត​របស់​​ UN ដែល​មាន​រដ្ឋ​ជា​សមាជិក​១៩៣​ប្រទេស​នឹងកោះ​ប្រជុំ​​​នៅ​​ញូយ៉ក​ដើម្បី​បោះ​ឆ្នោត​អនុ​ម័ត​ទៅ​លើ​សំណើ​របស់​អាមេរិក​ និង​អ៊ុយ​ក្រែន​។ មិន​តែ​ប៉ុណ្ណោះ​អាមេរិក​ក៏ត្រៀម​​ចង់​យក​សំណើ​នេះ​ទៅអនុម័ត​នៅ​​​ក្រុម​ប្រឹក្សា​សន្តិ​សុខថែម​ទៀត​។​

​ការ​​​រៀប​ចំ​សេចក្ដី​ព្រាង​​២​បែប​នេះជា​ការ​បង្ហាញ​កាន់​តែ​ច្បាស់​ថា​​​អាមេរិក អ៊ុយ​ក្រែន និង​អឺរ៉ុប​​គ្មាន​ជំហរ​រួម​គ្នា​​ដូច​សម័យ​លោក​បៃដិន​ទេ​។ ការ​ប្រេះ​ឆា​គ្នា​កើត​មាន​​​ជា​បណ្ដើរ​ៗ​ចាប់​តាំង​ពី​ពេល​លោក​ត្រាំ​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​លោក​ពូទីន​ដោយ​មិន​ជូន​ដំណឹង​ទៅ​អឺរ៉ុប​ឱ្យ​ដឹង​ជា​មុន​។ ម៉្យាង​ទៀត​ គម្រោង​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ក៏​គ្មាន​វត្ត​មាន​របស់​អឺ​រ៉ុប​ចូល​រួម​​ដែរ​។​ តាម​ពិត​ក្រុម​ប្រឹក្សា​សន្តិ​សុខ​មាន​ឥទ្ធិ​ពល​ជាង​មហា​សន្និ​បាត​។ ប៉ុន្តែ​ក្រុ​ម​ប្រឹក្សា​សន្តិ​សុខ​មិន​អាច​ធ្វើ​អ្វី​ចេញ​។​

មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្លាយ​​ជា​ស្ថាប័ន​​សំខាន់​នៅ​ពេល​ក្រុម​ប្រឹក្សា​សន្តិ​សុខ​មិន​អាច​ធ្វើ​អ្វី​​ចេញ​ដោយ​សារ​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​ជា​និច្ច​​​បើ​ហ៊ាន​និយាយ​ប៉ះ​ពាល់​ ឬ​ថ្កោល​ទោស​រុស្ស៊ី​​​។ ​ជា​គោល​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​ UN សេច​ក្ដី​សម្រេច​១​​អាច​អនុម័ត​ចេញ​ និង​យក​ជា​ការ​បាន​លុះ​ត្រា​តែ​គ្មាន​សំឡេង​ជំទាស់​ពី​សមាជិក​អចិន្ត្រៃយ៍​​ទាំង​៥​នៃ​ស្ថាប័ន​នេះ​។​​​

សំឡេង​ឆ្នោត​អនុម័ត​នៅ​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ ថ្វី​ដ្បិត​គ្មាន​អំណាច​ផ្នែក​យុត្តា​ធិការ​ច្បាប់​ ប៉ុន្តែ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​មតិ​​របស់​សហ​គមន៍​អន្តរ​ជាតិ​ចំពោះទង្វើអ្វី​១​។ ​បើ​សិន​ប្រទេស​ភាគ​ច្រើន​បោះ​ឆ្នោត​ថ្កោល​ទោស​រុស្ស៊ី​​អាច​ធ្វើ​ឱ្យ​រុស្ស៊ី​បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរ​ជាតិ​​​។ ចាប់​តាំង​ពី​​សង្គ្រាម​ផ្ទុះ​ឡើង​​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​ មហា​សន្និ​បាត​បានបោះ​​ឆ្នោត​អនុ​ម័ត​​សេចក្ដី​សម្រេច​ប្រហែល​ប្រាំ​រួច​ទៅ​ហើយ​ដើម្បី​ថ្កោល​ទោស​រុស្ស៊ី​ និង​ទាម​ទារ​ឱ្យ​រុស្ស៊ី​ដក​កង​ទ័ព​ពី​អ៊ុយ​ក្រែន​។​​

ឥឡូ​វនេះ​គេ​កំពុង​រង់​ចាំ​អ៊ុត​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​​នៅ​​​មហា​សន្និ​បាត​ UN ទៅ​លើ​សំណើ​របស់​អឺរ៉ុប និង​អាមេរិក​។ អ្នក​ការ​​ទូត​អឺរ៉ុប​ម្នាក់​​ប្រាប់​ថា​អឺរ៉ុប និង​អាមេរិក​កំពុង​ដើរ​បញ្ចុះ​បញ្ចូល​ប្រទេស​នានា​​​ដើម្បី​​បោះ​ឆ្នោត​គាំទ្រ​ខាង​ខ្លួន​។ អាមេរិក​ថា​ខ្លួន​ចង់​ឱ្យ​អ៊ុយ​ក្រែន​ និង​អឺរ៉ុប​ដក​គម្រោង​របស់​ពួក​គេ​វិញ​។ ​យោង​តាម​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក, អាមេរិក​ជឿ​ជាក់​ថា​​​គេ​​ត្រូវ​តែ​ស្រុះ​ស្រួល​មូល​មតិ​គ្នា​ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​នេះ​​ឱ្យ​បាន​។

លោក​ថា​នេះ​ជា​ឱកាស​ល្អ​ដែល​​យើង​​​ត្រូវ​ពួត​ដៃ​គ្នា​កសាង​សន្តិ​ភាព​ពិភព​លោក​ដ៏​ពិត​ប្រាកដ​មួយ​។ ​ថ្វី​ដ្បិត​មាន​បញ្ហាប្រឈម​ជា​​​ច្រើន​​​​ ប៉ុន្តែ​លោក​យល់​ថា​គេ​នៅ​តែ​មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាពជា​​អចិន្ត្រៃយ៍​​​។ សេចក្ដី​ព្រាង​នេះ​ចង់​បញ្ជាក់​ថា​សង្គ្រាម​អ៊ុយ​ក្រែនគួរ​ឱ្យ​ស្អប់​ខ្ពើម​, UN ​អាច​ជួយ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​នេះ​ ហើយ​សន្តិ​ភាព​នៅ​តែ​អាច​សម្រេច​បាន​។​

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​សេចក្ដី​ព្រាង​របស់​អ៊ុយ​ក្រែន (​ដែល​ជួយ​ជ្រោម​ជ្រែង​ដោយពួក​អឺរ៉ុប​) ​ចាត់​ទុក​សង្គ្រាម​អ៊ុយ​ក្រែន​ជា​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ និង​អំពាវ​នាវ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​មហា​សន្និ​បាត​ដែល​អនុម័ត​កាល​ពី​ពេល​កន្លង​​មក​​។ សេចក្ដី​ព្រាង​នេះ​ក៏​រំលេច​ឱ្យ​ឃើញ​ការ​អំពាវ​នាវ​របស់​មហា​សន្និ​បាត​ UN ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​​ទ័ព​ទាំង​អស់​ជា​បន្ទាន់​ដោយ​​ឥត​លក្ខ​ខណ្ឌ​ពី​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​​​ និង​បិទ​បញ្ចប់​អរិ​ភាព​ទាំង​អស់​ជា​បន្ទាន់​។​

​ចំណែក ​​សេចក្ដី​ព្រាង​របស់​អាមេរិក​ទទួល​ស្គាល់​ថា​សង្គ្រាម​អ៊ុយ​ក្រែន​​ជា​វិនាស​កម្ម​ដ៏​រន្ធត់​​ដែល​សម្លាប់​​​​មនុស្ស​​ជា​ច្រើន​។ អា​មេ​រិក​​ស្នើឱ្យ​បិទ​បញ្ចប់​សង្គ្រាម​ជា​បន្ទាន់​ និង​ជំរុញ​ឱ្យ​មាន​សន្តិ​ភាព​យូរ​អង្វែង​រវាង​អ៊ុយ​ក្រែន និង​រុស្ស៊ី​។ នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ​ អាមេរិក​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដោយ​ប្រយ័ត្ន​ប្រយែងបំផុត​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​មាន​អារម្មណ៍​អាក់​អន់​ស្រពន់​​ចិត្ត​។ អាមេរិក​មិន​ប្រើ​ពាក្យ​ថា​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន​សូម្បី​តែ​មួយ​ម៉ាត់​​នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ​។

មិន​ទាន់​បាន​អី​ផង​ រុស្ស៊ី​ចាប់​ផ្ដើម​និយាយ​ប្រូម៉ូត​ (promote) សេចក្ដី​ព្រាង​របស់​អាមេរិក​ជា​បណ្ដើរ​ៗ​ហើយ​ ហើយ​អាច​នឹង​បោះ​ឆ្នោត​គាំទ្រ​​ថែម​ទៀត​ផង​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ UN ​លោក​វ៉ាស៊ីលី នេ​បឹន​ហ្សៀ (Vassily Nebenzia) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​សេចក្ដីព្រាង​របស់​អាមេរិក​ជា​ចំណាត់​ការ​ល្អ​។ រុស្ស៊ី​ស្នើ​ឱ្យ​អាមេរិក​ដាក់​បញ្ចូល​មូល​ហេតុ​ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ​ដើម្បី​ស្ដាប់​ទៅ​មាន​លក្ខណៈ​ពីរោះ​ពិសា​កាន់​តែ​ខ្លាំង​ ហើយ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ