ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ចៀសវាងការចុះផ្សាយដែលមិនមានភស្តុតាងជាក់លាក់ច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងបុគ្គល សាមីករណីអាចប្តឹងតបវិញបានទៅស្ថាប័នច្បាប់ ។

ក្នុងសំណេរតាមប្រព័ន្ធផ្សារអេឡិចត្រូនិចតេឡេក្រាម លោកបានបន្ថែមថា ក្នុងករណីអង្គភាពសារព័ត៌មានដែលបានចុះដដែលៗមានភស្តុតាងជាក់លាក់ច្បាស់លាស់ សូមបញ្ជូនមកខ្ញុំ ខ្ញុំនឹងបញ្ជាឱ្យមានការស៊ើបអង្កេតបន្ទាន់ ។
លោកអភិបាលខេត្តថ្លែងបែបនេះ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយអំពីភាពមិនប្រក្រតី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង លុយរដ្ឋខ្នង់៤៩០លានរៀល ទិញសម្ភារ:សែនថ្លៃចែកអំណោយពលរដ្ឋក្រីក្រ អំណោយតិចតួច តម្លៃកប់ពពកជា
ដដែល ។
ទាក់ទិនករណីខាងលើ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង បានចេញលិខិតបំភ្លឺ កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ក្នុងនាម ជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលខេត្តស្ទឹងត្រែង តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រជួបការលំបាកក្នុងជីវភាព និងគ្រួសារដែលរងគ្រោះ ដោយគ្រោះធម្មជាតិ ។

ជាក់ស្តែង មន្ទីរបានរៀបចំចែកអំណោយមនុស្សធម៌ និងអំណោយជាជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាប្រមាណ១,៤៥០គ្រួសារ នៅក្នុងក្រុង ស្រុក ទាំង០៦ នាពេលកន្លងទៅនេះ ដោយមានកិច្ចសហការជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។
ក្នុងលិខិតបំភ្លឺរាល់ការផ្គត់ផ្គង់សម្ភារ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនបងប្អូនគ្រួសារក្រីក្រជួបការលំបាក និងគ្រួសាររងគ្រោះ គឹមន្ទីរមានគណៈកម្មការ និងក្រុមការងារលទ្ធកម្ម បានអនុវត្តត្រឹមត្រូវស្របតាមនីតិវិធីលទ្ធកម្មសាធារណៈ ដែលច្បាប់បានកំណត់ប្រកបដោយតម្លាភាព និងសុចរិតភាព ព្រមទាំងធានាបាននូវប្រសិទ្ធភាព នៃការចំណាយថវិការបស់រដ្ឋផងដែរ ។
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង បានប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទ កាលពីថ្ងៃទី២៣ កុម្ភៈ ២០២៥ថា ការផ្សាយរបស់សារព័ត៌មាននោះគឺពុំមានការពិតទេ អ្វីដែលខ្ញុំធ្វើគឺទៅតាមនីតិវិធីលទ្ធកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងរាល់ការចំណាយអី គឺយើងចំណាយតាមលទ្ធកម្មក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ឲ្យខ្ញុំ ខ្ញុំចាំតែទទួលសម្ភារប៉ុណ្ណោះ ។
ក្រោយពីមានការចុះផ្សាយដោយសារព័ត៌មានមួយក្នុងករណីដដែលៗ និងមានការសាកសួរពីសារព័ត៌មាននៅក្នុងខេត្តស្ទឹងត្រែង អភិបាលខេត្តបានសរសេរសារតាមប្រព័ន្ធតេឡេក្រាមតបថា៖ ខ្ញុំនៅចាំបានថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង បានចេញលិខិត
បំភ្លីជាសាធារណៈម្តងរួចមកហើយ តាំងពីថ្ងៃទី២០ មករា ២០២៥។ ក្នុងករណីអង្គភាពសារព័ត៌មានដែលបានចុះដដែលៗ មានភស្តុតាងជាក់លាក់ ច្បាស់លាស់ សូមបញ្ជូនមកខ្ញុំ ខ្ញុំនឹងបញ្ជាឱ្យមាន ការស៊ើបអង្កេតបន្ទាន់។
ចៀសវាងការចុះផ្សាយដែលមិនមានភស្តុតាងជាក់លាក់ ច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសអង្គភាព និងបុគ្គល សាមីករណីអាចប្តឹងតបវិញបានទៅស្ថាប័នច្បាប់ ។
ចែករំលែកព័តមាននេះ