ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ដេញថ្លៃវត្ថុតាងជាង៤ពាន់គ្រឿង ហៅសំណល់អេតចាយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ គេសង្កេត​ឃើញ​មានការ​បង្ហោះ និង​ចែកចាយ​ត​ៗ​គ្នា នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ដេញថ្លៃ​វត្ថុ​តាង ដែល​ជា​វត្ថុ​ចាប់​យក​មានទោចក្រយានយន្ត(​ម៉ូតូ​)​ចំនួន៤៥៤៤គ្រឿង…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ គេសង្កេត​ឃើញ​មានការ​បង្ហោះ និង​ចែកចាយ​ត​ៗ​គ្នា នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ដេញថ្លៃ​វត្ថុ​តាង ដែល​ជា​វត្ថុ​ចាប់​យក​មានទោចក្រយានយន្ត(​ម៉ូតូ​)​ចំនួន៤៥៤៤គ្រឿង ។  

សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​គ្រប់គ្រង​និង​ចាត់ចែង​វត្ថុ​តាង នៃ​ក្រសួងយុត្តិធម៌បានបញ្ជាក់​ថា គណៈកម្មការ​គ្រប់គ្រង​និង​ចាត់ចែងវត្ថុ​តាង​(​គ​.​គ​.​ច​.​វ​.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​ប្រកាស​លេខ​១៩២ រូប​.​ប្រក​.​អ​ទច ចុះ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​យុ​ត្តិ
ធម៌ សូម​ជូនដំណឹង​ដល់​សាធារណជន​ជ្រាប​ថា គ​.​គ​.​ច​.​វ នឹង​ធ្វើការ​ដាក់​ឲ្យ​ដេញថ្លៃ​លក់​ជា​សាធារណៈ នូវ​វត្ថុ​តាង​/​វត្ថុ​ចាប់​យក​ជា​សំណល់​អេ​តចាយ​រួម​មាន ទោចក្រយានយន្ត​សរុប​ចំនួន ៤ ៥៤៤​គ្រឿង របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្ដីជូនដំណឹង​បន្ត​ទៀត​ថា រូប​វ័​ន្ត​បុគ្គល នីតិបុគ្គល​ទាំងអស់ អាច​ចូលរួម​ដេញថ្លៃ​បាន ដោយ​ត្រូវ​បំពេញ​សំណុំ​បែបបទ និង​លក្ខខណ្ឌ ដូចមាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ដេញថ្លៃ ។ ១-​សាលាដំបូង​រាជធានី​ភ្នំពេញ-​ម៉ូតូ​ចំនួន ៤ ០៧៦​គ្រឿង-​តម្លៃ​មូលដ្ឋាន ១២២ ២៨០​ដុល្លារ​អា​មេ​រិ​ក-​កាលបរិច្ឆេទ​លក់ និង​ទទួល​ពាក្យសុំ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥។

-​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យសុំ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ម៉ោង​១១​ព្រឹក ។ ២-​សាលាដំបូង​ព្រះ​សីហ​នុ
-​ម៉ូតូ​ចំនួន ៤៦៨​គ្រឿង

-​តម្លៃ​មូលដ្ឋាន ១៤ ០៤០​ដុល្លារ​អា​មេ​រិ​ក
-​កាលបរិច្ឆេទ​លក់ និង​ទទួល​ពាក្យសុំ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យសុំ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ម៉ោង​១១​ព្រឹក ។កន្លែង​លក់ និង​ទទួល​ពាក្យ​ស្នើ​សុំ​ចូលរួម​ដេញថ្លៃ នៅ​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល​តុលាការ នៃ​ក្រសួងយុត្តិធម៌ រៀងរាល់ថ្ងៃ​ធ្វើការ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ និងចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច ។ បើ​តាម​មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សព្វថ្ងៃ​វត្ថុ​តាង​ចាប់​យក​ពី​ជនសង្ស័យ​ពាក់ព័ន្ធ​នឹងបទល្មើស​ផ្សេង​ៗ​ដូច​ជា លួច ឆក់ ប្លន់ គ្រឿងញៀន ។​ល​។

វត្ថុ​តាង​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំង​អស់នោះ បាន​រក្សា​ទុក​នៅ​ឃ្លាំង​ចំនួន​២​កន្លែង គឺ​នៅ​អូ​ដឹ​ម ស្ថិត​ក្នុង​ខណ្ឌ​កំ​បូល និង​នៅ​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ឃ្លាំង​ទាំង​២​កន្លែង​ពោរពេញ​ទៅ​ដោយ រថយន្ត ម៉ូតូ កង់ រ៉ឺ​ម៉ក កង់​បី រាប់រយ​រាប់​ពាន់​គ្រឿង និង​សម្ភារៈ​ជា​ច្រើន​ទៀត ដែល​ត្រូវ​មន្ត្រី​នគរបាល​ផ្លាស់​ប្តូរ​វេន​គ្នា​យាម​ការពារ​ជា​ប្រចាំ ។

មន្ត្រី​តុលាការ​បាន​បង្ហើប​ទៀត​ថា ឃ្លាំង​ដាក់វត្ថុ​តាង​ទាំង​២​កន្លែង​នេះ ពេញ​ប្រៀប​ដាក់​គរ​លើ​គ្នា និង​ស្ទើរតែ​រក​ដាក់​រថយន្ត ម៉ូតូ ឬ​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​លែង​បាន​ទៅ​ហើយ ។ ដូច្នេះ​ហើយ​បាន​គណៈកម្មការ​គ្រប់គ្រង និង​ចាត់ចែង​វត្ថុតាង ក្រសួងយុត្តិធម៌​ដាក់​លក់​ឡាយឡុង ម៉ូតូ​រាប់​ពាន់​គ្រឿង​នោះ ដើម្បី​ឲ្យ​ឃ្លាំង​ទាំង​២​កន្លែង​អាច​ធូរស្រាល​បន្តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ