រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន២៣០នាក់ បានកំពុងសម្ងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការនគបាលជាតិនៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការរបស់គណៈបញ្ជាការធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេត លើទីតាំងខាងលើរយៈពេលជាងបីខែកន្លងមក ។

ប្រភពបានលើកឡើងថា ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជា ការចង្អុលដឹកនាំដោយផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។
ប្រភពបានគូសបញ្ជាក់ថា ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។

ជនបរទេសទាំងនោះកំពុងសម្ងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត ។
ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្តក៏ដូចជា សហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀតនឹងឈានទៅស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ