ប្រទេសថៃ ៖ គោលដៅដ៏មានមហិច្ឆិតារបស់ប្រទេសថៃ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យបានដល់៩លាននាក់ នៅឆ្នាំ ២០២៥ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំង បន្ទាប់ពីករណីចាប់ពង្រត់តារាភាពយន្តចិន បានជំរុញឱ្យភ្ញៀវទេសចរចិនដីគោក ផ្លាស់ប្តូរគោលដៅដំណើរកម្សាន្តរបស់ពួកគេទៅប្រទេសជប៉ុន និងសិង្ហបុរី ដែលមានសុវត្ថិភាពជាងជំនួសវិញ។ នេះបើយោងតាមប្រភពពីគេហទំព័រ Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពពី Bloomberg បានរាយការណ៍ថា ការលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃ ដែលបានប្រសិទ្ធិនាមខ្លួនឯងថា «ទឹកដីនៃស្នាមញញឹម» បានកើនឡើងខ្ពស់រហូតដល់ ៩៤% ក្នុងខែមករាដើមឆ្នាំនេះ ខណៈភ្ញៀវទេសចរចិនកាន់តែច្រើនបានជ្រើសរើសដំណើរកម្សាន្តទៅប្រទេសជប៉ុនជំនួសវិញ អំឡុងបុណ្យចូលឆ្នាំចិន។ ស្ទុះការធ្វើដំណើររបស់ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃក្នុងរយៈពេលពីរសប្តាហ៍ដំបូង នៃខែកុម្ភៈនេះ ក៏នៅតែយឺតជាងកម្រិត កាលពីឆ្នាំ ២០២៤។
ដំណឹងនៃការចាប់ពង្រត់តារាសម្តែងចិន លោក Wang Xing ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឆ្លងកាត់ប្រទេសថៃ និងការជួយសង្គ្រោះជាបន្តបន្ទាប់របស់ថៃ សម្រាប់តារាសម្តែងប្រុសរូបនេះ បានជំរុញឱ្យមានការលុបចោលការធ្វើដំណើរនៅអំឡុងឱកាសបុណ្យចូលឆ្នាំចិន ដោយភ្ញៀវទេសចរចិនដីគោក។
ចាប់តាំងពីពេលនោះមក ប្រទេសថៃដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានបង្ក្រាបករណីឆបោកអនឡាញ និងក្រុមឧក្រិដ្ឋជនដែលប្រើប្រទេសថៃជាទីតាំងឆ្លងកាត់។ ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពនេះហាក់ហុចផលបានតិចតួច ដើម្បីសម្រាលការភ័យខ្លាចរបស់អ្នកទេសចរ។ ប្រទេសថៃថែមទាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីផ្គត់ផ្គង់ទៅឱ្យតំបន់ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាក្រុមឆបោកអនឡាញកំពុងបើកប្រតិបត្តិការនៅទីនោះ ដែលជាទីតាំងមានកម្មករបរទេសជាង១ពាន់នាក់ រួមទាំងជនជាតិចិនជាច្រើនរយនាក់ត្រូវបានដោះលែង កាលពីពេលថ្មីៗនេះ។
ការភ័យខ្លាចរបស់អ្នកទេសចរចិន បានជំរុញឱ្យការកក់ជើងហោះហើរពីប្រទេសចិនទៅកាន់ប្រទេសជប៉ុនបានកើនឡើងច្រើនជាងទ្វេដងក្នុងត្រីមាសទី១ ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ដោយសារប្រាក់យ៉េនធ្លាក់ចុះ និងតម្លៃសំបុត្រយន្តហោះថោកត្រឹមតែ ១៥០ដុល្លារអាមេរិកប៉ុណ្ណោះពីទីក្រុងសៀងហៃទៅកាន់ទីក្រុងតូក្យូ។ កត្តាជំរុញដ៏សំខាននេះហើយ បានជួយឱ្យប្រទេសជប៉ុនវ៉ាដាច់ប្រទេសថៃជាគោលដៅក្រៅប្រទេសកំពូលសម្រាប់ភ្ញៀវទេសចរចិន អំឡុងពេលវិស្សមកាលរយៈពេ៨ថ្ងៃក្នុងឆ្នាំ ២០២៥។
ការចូលដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក៏បានទាក់ទាញភ្ញៀវទេសចរចិនបង្វែរគោលដៅពីប្រទេសថៃផងដែរ។ ដោយគ្រាន់តែប្រទេសជប៉ុនតែមួយប៉ុណ្ណោះ បានទាក់ទាញភ្ញៀវទេសចរចិនចំនួន ៩៨ម៉ឺននាក់ក្នុងខែមករា ពោលច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំ ២០២៤ ខណៈប្រទេសថៃបានប្រកាសពីវត្តមានភ្ញៀវទេសចរចិនជិត ៧១១,០០០នាក់ សម្រាប់ឆ្នាំនេះ គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ។
លោក Thienprasit Chaiyapatranun ប្រធានសមាគមសណ្ឋាគារថៃ បានលើកឡើងថា ក្រៅអំពីការបិទប្រតិបត្តិការឆបោកអនឡាញ រដ្ឋាភិបាល ព្រមទាំងឧស្សាហកម្មពាក់ព័ន្ធរបស់ប្រទេសថៃ ត្រូវតែធ្វើការបន្ថែមទៀត ដើម្បីអភិវឌ្ឍទេសចរណ៍លើសពីគោលដៅពេញនិយមស្រាប់ដូចជា ទីក្រុងបាងកក ឆ្នេរភូកេត និងព្រៃឈៀងម៉ៃ។
លោកបានបន្ថែមថា «សូម្បីតែប្រជាជនថៃក៏ចូលចិត្តទៅប្រទេសជប៉ុនជាជាងទៅលេងភូកេតដែរ។ យើងបានបាត់បង់អ្នកដំណើរដ៏មានសក្តានុពល ដែលចូលចិត្តចាយលុយ។ ដូច្នេះយើងត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីបង្កើត និងផ្តល់ទិសដៅទេសចរណ៍ច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ»៕

ចែករំលែកព័តមាននេះ