ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរជើងចាស់អស់លក្ខណ៍ជិះម៉ូតូស៊េរីខ្ពស់ទៅលួចម៉ូតូស៊េរីទាប ត្រូវប្រជាពលរដ្ឋចាប់បានវា.យទ្រមខ្លួន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម ឬ​ហៅ​ថា​ចោរ​ជើង​ចាស់​ម្នាក់​បាន​អស់លក្ខណ៍​ហើយ​ចូល​ដើម និង​ទ្រម​ខ្លួន​ថែម​ទៀត ខណៈ​ជិះ​ម៉ូតូ​ស៊េរី​ឆ្នាំ​ខ្ពស់​១​គ្រឿង ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​មាន​ស៊េរី​ឆ្នាំ​ទាប​ជាង​ម៉ូតូ​របស់​ខ្លួន​ដល់​ទៅ​៨​ឆ្នាំ ។ ជនសង្ស័យ​រូប​នេះ​មាន​គម្រោង​រួច​ជា​ស្រេច ពេល​លួច​ខាងលើ​បាន​ទុក​ម៉ូតូ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម ឬ​ហៅ​ថា​ចោរ​ជើង​ចាស់​ម្នាក់​បាន​អស់លក្ខណ៍​ហើយ​ចូល​ដើម និង​ទ្រម​ខ្លួន​ថែម​ទៀត ខណៈ​ជិះ​ម៉ូតូ​ស៊េរី​ឆ្នាំ​ខ្ពស់​១​គ្រឿង ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​មាន​ស៊េរី​ឆ្នាំ​ទាប​ជាង​ម៉ូតូ​របស់​ខ្លួន​ដល់​ទៅ​៨​ឆ្នាំ ។

ជនសង្ស័យ​រូប​នេះ​មាន​គម្រោង​រួច​ជា​ស្រេច ពេល​លួច​ខាងលើ​បាន​ទុក​ម៉ូតូ​របស់​ខ្លួន នៅ​កន្លែង​កើតហេតុ រួច​ជិះ​ម៉ូតូ​ដែល​លួច​បាន​យក​ទៅ​ទុក​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ណាមួយ បន្ទាប់​មក​ជិះ​ម៉ូតូឌុប​ទៅ​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​ទុក​នៅផ្ទះ រួច​ជិះ​ម៉ូតូឌុប​ពី​ផ្ទះ​ទៅ​យក​ម៉ូតូ​ដែល​លួច​បាន​ពី​កន្លែង​ផ្ញើរ​ទៅ​លក់​តែ​ម្ដង ។

ប៉ុន្តែ​ផែនការ​ដែល​ធ្លាប់តែ​ជោគជ័យ​យូរ​មក​ហើយ​នេះ បាន​ជួប​ថ្ងៃ​ស៊យ​ត្រូវ​បរាជ័យ ខណៈ​ពេល​លួច​បាន​បាន​ប្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ស្រែ​កថា ចោរ​ៗ​យ៉ាង​កងរំពង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ ហើយ​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន​វាយ​ទាត់​ធាក់​យ៉ាង​ចាស់ដៃ ។ ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ក្នុង​ផ្សា​រកា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ចាន់ លី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជន​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស​១២៥ ស៊េរី​ឆ្នាំ​២០២៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KN-3992 ជា​មធ្យោបាយ​ដើរ​ធ្វើ​សកម្មភាព​លួច ។

ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ គា សា​រុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​បាយ​ម្ហូប ស្នាក់​នៅផ្ទះ​ជួល​អតីត​ឡឥដ្ឋ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ម៉ូតូ​របស់​គាត់ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​1H-4596 ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ ចាន់ លី នេះ គឺជា​មុខសញ្ញា​ចាស់​ជំនាញ​ខាង​លួច​ម៉ូតូ​យ៉ាង​សកម្ម​បំផុត ហើយ​សង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ក្នុង​១​ខែ​ៗ​អស់​ជា​ច្រើន​គ្រឿង​មក​ហើយ​ដែរ ។ ព្រោះ​កន្លង​មក​ពួក​គាត់​ធ្លាប់​ឃើញ និង​ស្គាល់​មុខ​ជន​នេះ​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា ជា​ចោរ​នោះ​ទេ ហើយ​ឲ្យ​តែ​ពេល​ឃើញ​ជន​នេះ​នៅ​កន្លែង​ណា​តែងតែ​បាត់​ម៉ូតូ​នៅ​កន្លែង​នោះ​រហូត លុះ​ពេល​នេះ​ចាប់​បាន​ទើប​ដឹង​ថា ជា​ចោរ​ជំនាញ​ម្នាក់ ។

ពេល​ចាប់​បាន​ភ្លាម​ពួក​គាត់​បាន​រក​ឃើញ​ដែល​អក្សរ​តេ (T) ដែល​ជា​ឧបករណ៍​សម្រាប់​កាច់​សោ​ម៉ូតូ​១​ផង​ដែរ ប៉ុន្តែ​ក្នុង​ពេល​ជនសង្ស័យ​រត់គេច​ខ្លួន​នោះ បាន​ជ្រុះ​ផ្លែ​សំប៉ែត​សម្រាប់​រុកចូល​រន្ធ​សោក ម៉ូតូ​បាត់​ហើយ នៅ​សល់​តែ​ដង​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​អ្នកលក់​បាយ​ម្ហូប​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៦ ទៅ​ទុក​នៅ​តាម​ផ្លូវ​ក្នុង​ផ្សា​រកា​ណា​ឌី​យ៉ា រួច​ហើយ​ក៏​បាន​ដើ​ចូល​ទៅ​ទិញ​ត្រី​នៅ​ក្នុង​ផ្សារ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​លក់​ហើយ​អ្នក​នៅ​ក្នុង​ផ្សារ​ភាគច្រើន​បាន​ស្គាល់​ម៉ូតូ​គាត់ ព្រោះ​ស្ត្រី​នោះ​តែង​ទៅ​ផ្សារ​រាល់ថ្ងៃ ។ លុះ​បន្តិច​ក្រោយមក​ក៏​បានឃើញ​ជនសង្ស័យ​ឈ្មោះ ចាន់ លី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០២៤ ទៅ​ឈប់​នៅ​ជិត​នោះ រួច​ចុះ​ពីលើ​ម៉ូតូ​របស់​ខ្លួន​ហើយ​ដើរ​សំដៅ​ទៅ​ធ្វើ​សកម្មភាព​កាច់​ម៉ូតូ​ស្ត្រី​អ្នកលក់​បាយ​ម្ហូប​ខាងលើ ។

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ប្រាប់​ទៀត​ថា លុះ​លួច​បាន​ប្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ត្រូវ​បាន​ពួក​គាត់​(​ប្រជាពលរដ្ឋ​)​នាំ​គ្នា​ស្រែក​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល និង​រត់គេច​ខ្លួន ប៉ុន្តែ​ពួក​គាត់​បាន​នាំ​គ្នា​ដេញចាប់​បាន ហើយ​ពួក​គាត់​ខឹង​ខ្លាំង​ណាស់ ព្រោះតែ​កន្លង​មក​ធ្លាប់​បាត់​ម៉ូតូ​ច្រើន​គ្រឿង​ហើយ​ចាប់ចោរ​មិន​ដែល​បាន​សោះ ។

លុះ​ពេល​នេះ​ចាប់​បាន​ម្ដង​ស្គាល់​មុខ​ចោរ ទ្រាំ​អត់​បាន​ទេ​ក៏​នាំ​គ្នា​បញ្ចេញ​កំហឹង​ម្នាក់​១​ដៃ​១​ជើង រហូត​ទ្រម​ខ្លួន​រួច​ទើប​ប្រគល់​ជន​នោះ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ យក​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ជំហាន​ដំបូង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៤ ចេញ​ធ្វើ​សកម្មភាព​លួច នៅ​ផ្សា​រកា​ណា​ឌី​យ៉ា លុះ​ពេល​ទៅ​ដល់​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៦ ចត​ចោល​អត់​ឃើញ​ម្ចាស់​នៅ​ជិត​ខ្លួន​ក៏​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ជិត​នោះ ដោយ​បាន​បិទ​កុងតាក់​សម្ងាត់​មិន​ឲ្យ​បញ្ឆេះ​ឆេះ​ការពារ​ខ្លាច​មាន​ចោរលួច​បន្ត ។ ព្រោះ​ខ្លួន​មាន​គម្រោង​ពេល​លួច​ម៉ូតូ​ខាងលើ​បាន​សម្រេច​ខ្លួន និង​ទុក​ម៉ូតូ​ខ្លួនឯង​នៅ​ទីនោះ​សិន រួច​ជិះ​ម៉ូតូ​ដែល​លួច​បាន​យក​ទៅ​ទុក​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​ណាមួយ បន្ទាប់​មក​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​យក​ម៉ូតូ​របស់​ខ្លួន​ពី​កន្លែង​កើតហេតុ​ទៅ​ទុក​នៅផ្ទះ រួច​ទើប​ជិះ​ម៉ូតូឌុប​ពី​ផ្ទះ​ទៅ​យក​ម៉ូតូ​ដែល​លួច​បាន​ពី​កន្លែង​ផ្ញើរ​ទៅ​លក់ ។

ក្រោយ​ពេល​ទុកដាក់​ម៉ូតូ​របស់​ខ្លួន​រួចរាល់​ក៏​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៦​នោះ ហើយ​លួច​បាន​សម្រេច​ប្រុង​ជិះ​គេចខ្លួន ទៅ​ហើយ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ដេញ​ចាប់ខ្លួន​បាន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ