ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ស្ដាំ​និយម​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាល្លឺម៉ង់

7 ម៉ោង មុន

ទី​ក្រុងប៊ែឡាំង៖ ​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​អាល្លឺម៉ង់​បង្ហាញ​ថា​គណ​បក្ស​របស់​លោក​អូឡាហ្វ​សូល​​មិន​អាច​បន្ត​ដឹក​នាំ​ប្រទេស​ជាតិ​ត​ទៅ​ទៀត​ទេ​ ហើយ​នឹង​ឡើង​ជំនួស​ដោយ​គណ​បក្ស​ស្ដាំ​និយម​កណ្ដាល​​ សម្ព័ន្ធ​ប្រជា​ធិប​តេយ្យ​គ្រីស​ស្ទាន​ ស៊ី​ឌី​យូ (Christian Democratic Union (CDU)) ដែល​ទទួល​បាន​​​២០៨​អាសនៈ​។…

ទី​ក្រុងប៊ែឡាំង៖ ​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​អាល្លឺម៉ង់​បង្ហាញ​ថា​គណ​បក្ស​របស់​លោក​អូឡាហ្វ​សូល​​មិន​អាច​បន្ត​ដឹក​នាំ​ប្រទេស​ជាតិ​ត​ទៅ​ទៀត​ទេ​ ហើយ​នឹង​ឡើង​ជំនួស​ដោយ​គណ​បក្ស​ស្ដាំ​និយម​កណ្ដាល​​ សម្ព័ន្ធ​ប្រជា​ធិប​តេយ្យ​គ្រីស​ស្ទាន​ ស៊ី​ឌី​យូ (Christian Democratic Union (CDU)) ដែល​ទទួល​បាន​​​២០៨​អាសនៈ​។ គេ​កត់​សម្គាល់​ថា​​ក្រុម​​ស្ដាំ​និយម​ ទោះ​បី​ស្ដាំ​ជ្រុល​ ឬ​ស្ដាំ​កណ្ដាល​ ហាក់​ដូច​ជា​ឡើង​កៅ​អី​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​។

ជាក់​ស្ដែង​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​អេ​អែហ្វ​ឌី (AfD) ​ទទួល​បាន​១៥១​អាសនៈ​ ឈរ​លំដាប់​ទី​២​។ ចំណែក​គណបក្ស​ប្រជា​ធិប​តេយ្យ​សង្គម​និយម​ អែស​ភីឌី (SPD) របស់​លោក​សូល​ឈរ​នៅ​លំដាប់​ទី​បី​ទទួល​បាន​១២១​អាសនៈ​។​ ​លទ្ធ​ផល​ស្ទង់​មតិ​មុន​​ការ​បោះ​ឆ្នោត​បង្ហាញ​ថា​មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​ក្រុម​​ស្ដាំ​និយម​​មាន​ប្រៀប​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​លើក​នេះ​មាន​ជា​អាទិ៍​៖ ការ​បារម្ភ​អំពី​ការ​ហូរ​ចូល​នៃ​ជន​អន្តោ​ប្រវេសន៍​​, បញ្ហា​សេដ្ឋ​កិច្ច​ជាតិ​ធ្លាក់​ចុះ​ និង​ការ​វិល​មក​កាន់​អំណាច​របស់​លោក​ត្រាំ​នៅ​អាមេរិក​។

​ម៉្យាង​ទៀត​ រដ្ឋាភិបាល​របស់​លោក​ត្រាំ​ក៏​ជួយ​​ប្រូម៉ូត​ (promote) ឬ​ឡង់​សេ (lancer) ​ក្រុម​ស្ដាំ​និយម​ផង​ដែរ​។ ​​កាល​ពី​យប់​មិញ​​ ​​ក្រុម​អ្នក​គាំទ្រ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​ស្នាក់​ការ​របស់​គណ​បក្ស​​ស៊ី​ឌីយូ​ដើម្បី​អប​អរ​សាទរ​នឹង​ជ័យ​ជម្នះ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ហ្វ្រីត​រីច​មើស​ (Friedrich Merz) ​ក្នុង​នាម​​​ជា​ប្រធាន​គណ​​បក្ស​។​ លោក​ត្រៀម​ខ្លួន​ក្លាយ​ជា​អធិការ​បតី​ថ្មី​របស់​អាល្លឺម៉ង់​ ហើយ​អាច​នឹង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​​ជា​មួយ​លោក​ត្រាំ​ក្នុង​នាម​ជា​អ្នក​ស្ដាំ​និយម​ដូច​គ្នា​។

​លោក​មើស​​ប្រកាស​អំពី​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​នៅ​​ឯ​​ពិធី​ជួប​ជុំនៅ​ទី​ក្រុង​ប៊ែ​ឡាំង​។ ដោយ​សារ​គណ​បក្ស​របស់​លោក​មិន​អាច​ទទួ​លបាន​សំឡេង​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​ឯង​បាន​ ដូច្នេះ លោក​ក៏​ចាប់​ផ្ដើម​​បោះ​ដៃ​ទៅ​រក​គណ​បក្ស​ដទៃ​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​។ ​​គណ​បក្ស​ស៊ីឌី​យូ​​​ទទួល​បាន​សំឡេង​គាំទ្រ​២៨,៨%​។​

លទ្ធ​ផល​ឆ្នោត​នេះ​មាន​ន័យ​ថា​តំណែង​អធិការ​បតី​នឹង​ធ្លាក់​ទៅ​លើ​​លោក​​ហ្វ្រីត​រីច​មើស​ដែល​ពុំ​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ទេ​ពី​មុន​មក​​។ ចំណែក​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ ជម្រើស​សម្រាប់​អាល្លឺម៉ង់​ អេ​អែហ្វ​ឌី (AFD) ទទួល​បាន​សំឡេង​ឆ្នោត​លំដាប់​ទី​​ពីរ​២​០,២%​។ ដោយ​សារ​គណ​បក្ស​នេះ​មាន​និន្នា​ការ​ស្ដាំ​និយម​ជ្រុល​ពេក​ ដូច្នេះ​​មិន​ទាន់​ដឹង​ថា​តើ​អាច​នឹង​​មាន​មុខ​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ដែរ​ឬ​​ទេ​ព្រោះ​គណ​បក្ស​នយោបាយ​ភាគ​ច្រើន​បាន​បង្ហាញ​ការ​ជំទាស់​​ទុក​ជា​មុន​​​។

​គណ​បក្ស​នេះ​បង្ហាញ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​នឹង​លទ្ធ​ផល​ឆ្នោត​​។ ​បើ​ប្រៀប​ធៀប​នឹង​អាណត្តិ​មុន​ គណ​បក្ស​នេះ​កើន​សន្លឹក​ឆ្នោត​​ទ្វេ​មួយ​ជា​ពីរ​។ ក្រុម​អ្នក​គាំទ្រ​បាន​គ្រវី​ទង់​ជាតិ​អាល្លឺម៉ង់​ទៅ​លើ​អាកាស​។ សហ​ប្រធាន​គណ​បក្ស​អេ​អែហ្វ​ឌី​ លោក​ស្រី​អាលីស វៃ​ដែល (Alice Weidel) ថ្លែង​ថា​គណ​បក្ស​របស់​យើង​ទទួ​លបាន​សំឡេង​គាំទ្រ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​។

បញ្ហា​នេះ​ក៏​អាច​ដោយ​សារ​​ក្រុម​របស់​លោក​ត្រាំ​ជួយ​និយាយ​ប្រូម៉ូត​ផង​ដែរ​។ ​​មុន​ការ​បោះ​ឆ្នោត​ លោក​អ៊ីឡន​ម៉ាស់​​​បាន​ជំរុញ​ឱ្យ​ប្រជា​ជន​អាល្លឺម៉ង់​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​នេះ​។​​ ដោយ​ឡែក​ គណ​បក្ស​ប្រជា​ធិបតេយ្យ​សង្គម​និយម​របស់​លោ​កសូល​អាច​នឹង​ទទួល​បាន​១៦,%​​ ស្មើ​នឹង​១២១​អាសនៈ​ ខណៈ​ដែល​គណ​បក្ស​សង្គម​និយម ​ឌី​លីង​ខឺ (Die Linke) ទទួល​បាន​៨,៥%​ស្មើ​នឹង​៨៥​អាសនៈ​។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ប្រជា​ជន​អាល្លឺម៉ង់​ជិត​​​៦០​លាន​នាក់​​​បាន​ធ្វើ​ដំណើរ​ទៅបោះ​ឆ្នោត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ